ព្រឹត្តិការណ៍ ITF Asian 14U Junior Championships ជាឱកាសកម្ពុជា អភិវឌ្ឍសមត្ថភាពកីឡាករថ្នាលបន្តវេន
(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់ITF Asian 14U Junior Championships វគ្គផ្តាច់ព្រ័ត្រប្រចាំឆ្នាំទ្វីបអាស៊ី ដែលប្រទេសកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះលើកទី១ បានដំណើរការប្រកួតផ្លូវការ នាថ្ងៃទី៣ ខែ កញ្ញា នៅពហុកីឡាដ្ឋានជាតិមរកតេជោ។
លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា មានប្រសាសន៍ឲ្យដឹងថា ព្រឹត្តិការណ៍ ITF Asian 14U Junior Championships វគ្គផ្តាច់ព្រ័ត្រប្រចាំទ្វីបអាស៊ី ប្រចាំឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ លើកទី១នេះ មានប្រទេសក្នុងតំបន់អាស៊ាននិងអាស៊ីចូលរួមសរុប១៤ប្រទេស ក្នុងនោះរាប់ទាំងកម្ពុជាម្ចាស់ផ្ទះ ដែលទទួលបានសិទ្ធិពិសេស ដាក់បញ្ចូលកីឡាករថ្នាលចំនួន២រូប។

អគ្គលេខាធិការ បានគូសបញ្ជាក់ថា សម្រាប់ប្រទេសកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កម្រិតអន្តរជាតិនេះ ពិតជាមានមោទកភាពខ្លាំងណាស់ ព្រោះជាការផ្តល់សិទ្ធិដោយសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិITFនិងសហព័ន្ធកីឡាវាយកូនបាល់អាស៊ី ។ លោកថា អ្វីដែលកម្ពុជាធ្វើឲ្យសហព័ន្ធទាំងពីរខាងលើមានទំនុកចិត្តមកលើកម្ពុជាក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនេះ គឺបានមកពីសមិទ្ធផលជោគជ័យនៃការរៀបចំនៅព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ។
អគ្គលេខាធិការខាងលើ បានពន្យល់ថា កម្ពុជាការទទួលបានឱកាសរៀបចំព្រឹត្តិការណ៍អន្តរជាតិនេះ ជាឱកាសថ្មីសម្រាប់កម្ពុជាក្នុងជំហានអភិវឌ្ឍថ្នាលកីឡាវាយកូនបាល់បន្តវេនឲ្យកាន់តែមានសក្កានុពល ព្រោះនេះព្រឹត្តិការណ៍មួយនេះ ជាការប្រកួតផ្តាច់ព្រ័ត្រដែលមានកីឡាករកីឡាការិនីក្នុងទ្វីបអាស៊ីខ្លាំង ដ្បិតពួកគេមុនមកដល់ការប្រកួតនេះ ពួកគេត្រូវបានចំរាញ់ដោយសហព័ន្ធប្រទេសនីមួយៗ។

ដោយឡែក កីឡាករ ពៅ វីរៈ ដែលត្រូវបានជ្រើសរើសដោយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ក្នុងចំណោម២រូប ទទួលបានសិទ្ធិពិសេស ចូលរួមក្នុងព្រឹត្តិការណ៍ ITF Asian 14U Junior Championships បានបញ្ចេញចំណាប់អារម្មណ៍ថា រូបគេពិតជាមានអារម្មណ៍រំភើបខ្លាំងណាស់បានចូលរួមប្រជែងក្នុងព្រឹត្តីការណ៍នេះ នឹងខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីលទ្ធភាព ។ កីឡាករ ពៅ វីរៈ ស្នើឱ្យបងប្អូន ប្រជាពលរដ្ឋចូលរួម ទស្សនានិង គាំទ្រពួកគេប្រកួត តំណាង ឱ្យជាតិនៅទីលាន វាយកូនបាល់ក្នុងពហុកីឡដ្ឋានមរតកតេជោ ។
សូមជម្រាប់ថាព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់ ITF Asian 14U Junior Championships 2023 ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី១នេះមាន១៤ប្រទេសទាំងកម្ពុជា គឺជាការប្រកួតផ្តាច់ព្រ័ត្រប្រចាំទ្វីបអាស៊ី មានន័យថា កីឡាករកីឡាការិនីដែលមាមសិទ្ធិចូលរួមប្រកួត សុទ្ធសឹងបានចំរាញ់ដោយសហព័ន្ធប្រទេសនីមួយ ដើម្បីមកប្រកួតផ្តាច់ព្រ័ត្រនៅកម្ពុជា ខណៈកម្ពុជាម្ចាស់ផ្ទះទទួលបានសិទ្ធិពិសេស អាចដាក់កីឡាករ២រូប គឺកីឡាករ ពៅ វីរៈ និងកីឡាករ សភ្ត័ រតនៈ ។ដែលការប្រកួតដំណើរពីព្រឹកថ្ងៃទី៤ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌល កីឡា វាយកូនបាល់ នៃពហុកីឡដ្ឋានជាតិមរតកតេជោ ៕


រូបភាព ងីម ឆៃហួត អត្ថបទ៖ ជាវ ចន្ធូ