ការស្ទង់មតិ៖ ជាងពាក់កណ្តាលនៃប្រជាជនអូស្ត្រាលី ប្រឆាំងសំឡេងក្រុមជនជាតិដើមនៅក្នុងរដ្ឋធម្មនុញ្ញ
កង់បេរ៉ា៖ ខណៈពេលដែលរដ្ឋាភិបាលអូស្តា្រលីកំពុងព្យាយាមដើម្បីឱ្យមានការគាំទ្រចំពោះការដាក់បញ្ចូលក្រុមប្រឹក្សាជនជាតិដើមភាគតិចនៅក្នុងរដ្ឋធម្មនុញ្ញ មុនការបោះឆ្នោតប្រជាមតិក្នុងរយៈពេលប្រហែលប្រាំមួយសប្តាហ៍ខាងមុខនេះ ស្រាប់តែការស្ទង់មតិរបស់កាសែតមួយកាលពីថ្ងៃចន្ទបានបង្ហាញថា ជាងពាក់កណ្តាលនៃប្រជាជនអូស្ត្រាលីមិនគាំទ្រសំណើនេះឡើយ។
ការស្ទង់មតិព័ត៌មានចុងក្រោយបង្អស់ដែលធ្វើឡើងដោយកាសែតអូស្ត្រាលីបានបង្ហាញថា ការគាំទ្រឱ្យមានគណៈកម្មាធិការជនជាតិដើមភាគតិចដើម្បីផ្តល់យោបល់ដល់សភាពីបញ្ហាដែលប៉ះពាល់ដល់ពួកគេ មានអ្នកបោះឆ្នោតគាំទ្រត្រឹមតែ ៣៨ ភាគរយប៉ុណ្ណោះ។ ចំណែកប្រហែល ៥៣ ភាគរយនឹងជំទាស់លើសំណើនេះ។
ប្រាំមួយសប្តាហ៍មុនពេលបោះឆ្នោតប្រជាមតិនៅថ្ងៃទី ១៤ ខែតុលាខាងមុខ ប្រទេសអូស្ត្រាលីកំពុងប្រឈមមុខនឹងបញ្ហាចម្បងមួយដែលរកដំណោះស្រាយមិនទាន់ចេញ គឺនៅពេលដែលពួកគេត្រូវបានចោទសួរថាតើគួរគាំទ្រការកែប្រែរដ្ឋធម្មនុញ្ញដើម្បីបង្កើតគណៈកម្មាធិការជនជាតិដើមដើម្បីផ្តល់យោបល់ដល់សភាសហព័ន្ធឬអត់។
ការបោះឆ្នោតប្រជាមតិទាមទារសំឡេងភាគច្រើន ក៏ដូចជាសំឡេងភាគច្រើននៅក្នុងរដ្ឋយ៉ាងតិចបួនក្នុងចំណោមរដ្ឋទាំងប្រាំមួយ ដើម្បីផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ហើយចាប់តាំងពីទទួលបានឯករាជ្យ ក្នុងឆ្នាំ ១៩០១មក អូស្ត្រាលីមានប្រវត្តិកែប្រែររដ្ឋធម្មនុញ្ញប្រាំបីដងក្នុងចំណោមសំណើចំនួន ៤៤ដង។
រដ្ឋាភិបាលកំពុងស្ថិតក្រោមសម្ពាធក្នុងការកែលម្អ សាររបស់ខ្លួនចំពេលការគាំទ្រមានការធ្លាក់ចុះជាលំដាប់ក្នុងការបោះឆ្នោតសម្រាប់ប្រជាមតិ។ ជាមួយគ្នានេះ ការស្ទង់មតិក៏បានបង្ហាញថាការគាំទ្រចំពោះ លោក Anthony Albanese បានស្ថិតក្នុងភាពអវិជ្ជមានជាលើកដំបូងចាប់តាំងពីលោកបានក្លាយជានាយករដ្ឋមន្ត្រីនៃប្រទេសមួយនេះកាលពីឆ្នាំមុន។
លើសពីនេះ ការគាំទ្រសម្រាប់គណបក្សប្រឆាំងចម្រុះអភិរក្សបានកើនឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីការបោះឆ្នោតខែឧសភាឆ្នាំ ២០២២៕
ប្រែសម្រួល៖ស្រ៊ុន សិរីវឌ្ឍនៈ
ប្រភព៖ More than half of Australians oppose Indigenous panel in constitution, poll shows