សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ការប្តេជ្ញាចិត្ត ដឹកនាំប្រទេសតាមប្រព័ន្ធពហុភាគី នៃសណ្តាប់ធ្នាប់អន្តរជាតិ (Video Inside)

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់នូវការប្តេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តដឹកនាំប្រទេសតាមប្រព័ន្ធពហុភាគី នៃសណ្តាប់ធ្នាប់អន្តរជាតិ និងគោរពគោលការណ៍មិនជ្រៀតជ្រែក ដើម្បីការពារ និងលើកកម្ពស់សន្តិភាព នៅក្នុងប្រទេស និងក្នុងពិភពលោក។ ប្រសាសន៍ថ្លែងបញ្ជាក់នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន នៅទីក្រុងហ្សាកាតា នៃប្រទេសឥណ្ឌូណេស៊ី វេលារសៀលថ្ងៃទី៤កញ្ញា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធដែលនឹងចាប់ផ្តើមរវាងពីថ្ងៃទី៥ ដល់៧ កញ្ញា ឆ្នាំ២០២៣។

សម្តេចនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានថ្លែងថា ខណៈដែលកំពុងប្រឈមនឹងឧបសគ្គនានា របស់សកលលោក យើងទាំងអស់កំពុងរស់ក្នុងគ្រាដ៏លំបាក ជាមួយនឹងភាពមិនប្រាកដប្រជាដ៏ខ្លាំងក្លា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា «ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចធំៗ កំពុងរឹតបន្តឹងដែលបណ្តាលឱ្យមានការផ្លាស់ប្តូរឥតឈប់ឈរ ចំពោះសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងតំបន់ និងពិភពលោក ហើយដាក់សម្ពាធកាន់តែខ្លាំងលើសន្តិភាព សន្តិសុខ និងវិបុលភាព សម្រាប់អាស៊ានទាំងមូល… ជាពិសេសសង្រ្គាមអ៊ុយក្រែន ដែលកំពុងបន្តបានបង្កការបំផ្លិចបំផ្លាញយ៉ាងធំធេងដល់ប្រជាជនអ៊ុយក្រែន»។

លោកបានថ្លែងទៀតថា ប៉ុន្តែនៅឆ្ងាយហួសព្រំដែន នៃសង្រ្គាម ក៏មានមនុស្ស ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល គិតចាប់តាំងពីការរំខាន នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងកំណើនដ៏យឺតនៃសេដ្ឋកិច្ចពិភពលោក»។

ក្នុងសុន្ទរកកថាប្រមាណជាង១០នាទី នៅចំពោះមុខអ្នកចូលរួមនានា ក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន, ប្រមុខដឹកនាំថ្មីនៃប្រទេសកម្ពុជា បានប្តេជ្ញាការធ្វើការយ៉ាងជិតស្និទ្ធ ជាមួយសមាជិកអាស៊ាននានា ក៏ដូចជាក្រុមវិនិយោគឯកជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងគ្រោងចូលរួមជាមួយបណ្តាមេដឹកនាំអាស៊ាននានានៅថ្ងៃទី៥ កញ្ញានេះ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ដែលប្រធានបទនឹងពិនិត្យលើ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដោយនឹងផ្តោតលើការជំរុញចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ ដែលផ្តល់ជាផែនទីចង្អុលផ្លូវមួយដ៏សំខាន់សម្រាប់ការពង្រឹងឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័ន ក្នុងគោលដៅស្វែងរកផលប្រយោជន៍ សម្រាប់ប្រជាជនរបស់ខ្លួននៅលើឆាកអន្តរជាតិ។

ads banner