មេយោធាខេត្តកំពង់ធំ ណែនាំដល់សិក្ខាកាម ខិតខំហ្វឹកហាត់បច្ចេកទេស ប្រើប្រាស់អាវុធ AK47 ដើម្បីដំណើរការបាញ់ស៊ីបគ្រាប់ពិត ឱ្យទទួលបានជោគជ័យ
កំពង់ធំ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំហ្វឹកហាត់បច្ចេកទេស នៃការប្រើប្រាស់អាវុធAK47បន្ថែមទៀត ដើម្បីដំណើរការបាញ់ស៊ីបគ្រាប់ពិតនៅពេលដ៏ខ្លីខាងមុខនេះ ឲ្យទទួលបានជោគជ័យ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ណែនាដូច្នេះ ក្នុងឱកាសចុះពិនិត្យកងកម្លាំង ដែលកំពុងហ្វឹ កហាត់បច្ចេកទេស និងការតម្រង់ស៊ីប នៅព្រឹកថ្ងៃទី៤កញ្ញា ដើម្បីត្រៀមរៀបចំកម្មវិធី បាញ់ ស៊ីបគ្រាប់ពិតអាវុធAK47 នៅពេលខាងមុខ ។
លោកវេសេនីយទោ ថនស៊ី សក្កា មេបញ្ជាការវរសេនាតូចលេខ១ និងជាអនុគណៈកម្មការអចិន្រ្តៃយ៍គ្រប់គ្រងវគ្គហ្វឹកហ្វឺន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងរាយការណ៍អំពីស្ថានភាពហ្វឹកហ្វឺន ដែលបានដំណើរការហ្វឹកហ្វឺនរៀនសូត្រអស់រយៈពេល ៦០ថ្ងៃកន្លងទៅ លើផែនការហ្វឹកហ្វឺនរយៈពេល ៩១ថ្ងៃ តាមផែនការរបស់បញ្ជាការដ្ឋានកងទ័ពជើងគោក និងបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ដែលមានកម្លាំងចូលរួមរៀនសូត្រចំនួន ១០០នាក់ និងមានគ្រូយោធាចារ្យ និងក្រុមបម្រើការចំនួន ១០នាក់ សរុប ១១០នាក់ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ជាយោធាចារ្យ និងសិក្ខាកាម ដែលបានខិតខំបង្រៀន និងរៀនសូត្រ តាមកម្មវិធីដែលបានដាក់ចេញ និងអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនតាមបទបញ្ជាផ្ទៃក្នុងរបស់សាលា ជាមួយនោះដែរបានកោតសរសើរដល់ក្រុមបម្រើការ ដែលបានរៀបចំ ចម្អិនអាហារ ដែលមានរសជាតិ និងមានអនាម័យ ជូនដល់សិក្ខាកាមក្នុងវគ្គហ្វឹកហ្វឹននាពេលនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន និងគណៈកម្មការ គ្រប់គ្រងវគ្គហ្វឹកហ្វឺន បានត្រួតពិនិត្យកងកម្លាំងជាក់ស្ដែង ក្នុងកាយវិការ ប្រើប្រាស់អាវុធAK47 សម្រាប់ត្រៀមបាញ់ស៊ីបលេខ 4 A និងលេខ8 A តាមលក្ខណៈបច្ចេកទេស ដែលត្រូវគ្រោងប្រារព្ធពិធីបាញ់ស៊ីបគ្រាប់ពិតនៅពេលខាងមុខ ៕
ដោយ ប៊ុន រដ្ឋា


