នាយករដ្ឋមន្ត្រីប្រទេសនីហ្សេ ដែលកើតចេញពីរដ្ឋប្រហារ សង្ឃឹមថា មានការព្រមព្រៀង ជាមួយប្លុកអាហ្វ្រិកខាងលិច

នីញ៉ាម៉េ ៖ នាយករដ្ឋមន្ត្រីដែលត្រូវបានតែងតាំងដោយយោធារបស់ប្រទេសនីហ្សេ កាលពីថ្ងៃចន្ទ សប្តាហ៍នេះ បាននិយាយថា លោកបានឃើញក្តីសង្ឃឹមនៃកិច្ចព្រមព្រៀងមួយ «នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ» ជាមួយប្លុកអាហ្វ្រិកខាងលិច (ECOWAS) ជាប្លុកដែលបានគម្រាមប្រើប្រាស់កម្លាំង ដើម្បីស្តារការគ្រប់គ្រងស៊ីវិលឡើងវិញ បន្ទាប់ពីរដ្ឋប្រហារក្នុងខែកក្កដា។

លោក នាយករដ្ឋមន្ត្រី Ali Mahaman Lamine Zeine ក៏បាននិយាយផងដែរថា «ទំនាក់ទំនង» កំពុងដំណើរការលើ «ការដកទ័ពបារាំងយ៉ាងលឿន» ចេញពីប្រទេសនីហ្សេ បន្ទាប់ពីទំនាក់ទំនងជាមួយបារាំងបានធ្លាក់ចុះ ក្រោយពេលមានការកាន់កាប់ប្រទេស ដោយពួកយោធា។

នាយករដ្ឋមន្ត្រីនីហ្សេ រូបនេះបានប្រាប់សន្និសីទសារព័ត៌មាន នៅរដ្ឋធានី នីញ៉ាម៉េ (Niamey) ថា «យើងមិនបានបញ្ឈប់ទំនាក់ទំនងជាមួយ ប្លុកអាហ្វ្រិកខាងលិច ទេ យើងកំពុងបន្តទំនាក់ទំនង»។

គួរបញ្ជាក់ថា ECOWAS ដែលសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច បានដាក់ទណ្ឌកម្មយ៉ាងខ្លាំងប្រឆាំងនឹងនីហ្សេរី បន្ទាប់ពីទាហានឧទ្ទាម កាលពីថ្ងៃទី២៦ ខែកក្កដាបានផ្តួលរំលំលោកប្រធានាធិបតី Mohamed Bazoum ដែលជាប្រធានាធិបតីជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនេះ។
ប្លុកនេះក៏បានព្រមានជាច្រើនដងផងដែរ ក្នុងការធ្វើអន្តរាគមន៍ផ្នែកយោធា ដើម្បីតែងតាំងលោកប្រធានាធិបតី Bazoum ឡើងវិញ ប្រសិនបើការប៉ុនប៉ងការទូត ដើម្បីដោះស្រាយវិបត្តិនេះ ត្រូវបរាជ័យនោះ។

លោក នាយករដ្ឋមន្ត្រីបានប្រាប់អ្នកយកព័ត៌មានថា «យើងកំពុងត្រៀមខ្លួនដើម្បីទទួលការវាយប្រហារ នៅពេលណាក៏បាន រាល់ការរៀបចំ នេះ វានឹងក្លាយជាសង្រ្គាមអយុត្តិធម៌» ដោយលោកបន្ថែមថា «យើងប្តេជ្ញាការពារខ្លួន ប្រសិនបើមានការវាយប្រហារ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner