ដើមឈើចំនួន ២៥០០ដើម ត្រូវបានដាំដោយជោគជ័យ ដើម្បីអបអរសាទរគម្រប់ខួប ១០ឆ្នាំនៃគម្រោង «តោះដាំដើមឈើ ចាំអង្កាល់ទៀត ឬ Let’s Plant» នៅសហគមន៍នេសាទត្រពាំងសង្កែ
(ភ្នំពេញ)៖ “Let’s Plant” ៖ មួយទសវត្សរ៍ នៃឧត្តមភាពបរិស្ថាន កំណើនសេដ្ឋកិច្ច និងការពង្រឹងសហគមន៍ ។ ថ្មីៗនេះ សភាយុវពាណិជ្ជករអន្តរជាតិសាខាចតុមុខបានសម្រេចនូវគម្រោង «តោះដាំដើមឈើ ចាំអង្កាល់ទៀត ឬ Let’s Plant 2023» គម្រប់ខួបទី ១០ឆ្នាំ ដែលជាសមិទ្ធិផលបានដាំដើមកោងកាងចំនួន ២៥០០ដើមនៅសហគមន៍នេសាទ ត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ដែលបានផ្ដល់ជាចំណូលជួយដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ននៅសហគមន៍នោះ ស្របទៅតាមគោលដៅអភិវឌ្ឍន៍ លេខ ៨ ៖ “ការងារសមរម្យ និងកំណើនសេដ្ឋកិច្ច” ឬ SDG 8 “Decent Work and Economic Growth”ហើយរួមគ្នា យើងមានបំណងបង្កើតអនាគតបៃតង និងនិរន្តរភាពបន្ថែមទៀតសម្រាប់មនុស្សជំនាន់ក្រោយជាមួយនឹងគំនិតផ្តួចផ្តើមដាំដើមឈើ ជំរុញកំណើនសេដ្ឋកិច្ច និងការពង្រឹងសហគមន៍ ។

ការធ្វើដំណើរតាមទូកទៅដាំដើមកោងកាង ទោះបីជាមានឧបសគ្គ ដោយផ្ទៃទឹកបានឡើងរាងខ្ពស់ជាងធម្មតាបន្តិចក៏ដោយ ប៉ុន្តែយើងបានសង្កេតឃើញថា អ្នកចូលរួម និងក្រុមការងារនៃគម្រោង«តោះដាំដើមឈើ ចាំអង្កាល់ទៀត ឬ Let’s Plant 2023» ប្រមាណជាង ១២០នាក់បាននៅបន្តចូលរួមធ្វើការដាំដើមឈើបានយ៉ាងជោគជ័យចំនួន២៥០០ដើម ទៅតាមការគ្រោងទុកដើម្បីប្រារព្ធខួប ១០ឆ្នាំនៃគម្រោងមួយនេះផងដែរ ។

ឆ្នាំ២០២៣នេះ ជាគម្រប់ខួប ១០ឆ្នាំនៃគម្រោងតោះដាំដើមឈើ ចាំអង្កាល់ទៀត ដែលបានធ្វើឡើងក្រោមការចូលរួមពី ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងអភិបាលរងខេត្តកំពត លោក ឃីម ប៊ុនឡែន ប្រធានប្រតិបត្តិថ្នាក់ជាតិ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាឆ្នាំ២០២៣ លោកស្រី ថ្លាង ស៊ីវឆេង ប្រធានថ្នាក់តំបន់ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាសាខាចតុមុខឆ្នាំ២០២៣ ដែលដឹកនាំដោយប្រធានគម្រោង កញ្ញា ប៊ូ សោភា នាយកថ្នាក់តំបន់នៃកិច្ចការសហគមន៍ នៃសភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា សាខាចតុមុខឆ្នាំ២០២៣ ព្រមទាំង មន្ត្រីគ្រប់ជាន់ថ្នាក់របស់ក្រសួងបរិស្ថាន រដ្ឋបាលខេត្តកំពត បណ្ដាក្រុមហ៊ុនដែលជាម្ចាស់ឧបត្ថម្ភពីក្រុមហ៊ុននានា និងសមាជិកសមាជិកា ក្រុមការងាររបស់គម្រោងនិងសាធារណជនជាង ១២០រូបផងដែរ ។

ចក្ខុវិស័យរបស់គម្រោងតោះដាំដើមឈើ ចាំអង្កាល់ទៀត ឬ Let’s Plant គឺដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋទាំងអស់បំពេញកាតព្វកិច្ចនិងមានទំនួលខុសត្រូវសង្គមជាពិសេសលើបរិស្ថានបៃតងរបស់យើងហើយរួមគ្នាស្តាជីវភាពប្រជាជននៅក្នុងតំបន់តាមរយះការលើកតំកើនការដាំដើមឈើ ដើម្បី ផ្ដល់ចំណូលបន្ថែម ដល់ប្រជាជនក្នុងតំបន់ផងដែរ។ គោលដៅសំខាន់នៃ “LET’S PLANT” គឺក្រៅពីការដាំដើមឈើជាមួយគ្នានេះយើងក៏ជំរុញទឹកចិត្តនិងផ្តល់ឱកាសដល់យុវជនសកម្មក្នុងការចូលរួមយុទ្ធនាការដើម្បីការពារនិងថែរក្សារបរិស្ថានរបស់ជាតិផងដែរ។ សកម្មភាពសំខាន់ៗរួមមាន ការថ្លែងសុន្ទរកថាស្វាគមន៏ពីសំណាក់អ្នកចូលរួមនិងភ្នាក់ងារដូចជាម្ចាស់គម្រោងផ្ទាល់ ប្រធានថ្នាក់តំបន់ ម្ចាស់ឧបត្ថម្ភធំ ប្រធានថ្នាក់ជាតិ អភិបាលនៃគណៈអភិបាលខេត្តកំពត រដ្ឋមន្ត្រីនៃក្រសួងបរិស្ថាន និងចុងក្រោយមានការចូលរួមជាពិសេសពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត។ ក្រោយពីការថ្លែងសុន្ទរកថា អ្នកចូលរួមពីសំណាក់គ្រប់ជាន់ថ្នាក់បានធ្វើដំណើរតាមទូកទៅដាំដើមកោងកាង ដែលគ្រោងដាំចំនួន ២៥០០ដើមដើម្បីប្រារព្ធខួប ១០ឆ្នាំនៃគម្រោងនេះផងដែរ ។

កញ្ញា ប៊ូ សោភា ម្ចាស់គម្រោង Let’s Plant 2023 សូមជូនពរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃក្រសួងបរិស្ថាន រដ្ឋបាលខេត្តកំពត ម្ចាស់ឧបត្ថម្ភកម្មវិធី សមាជិក សមាជិកានៃ JCI Cambodia ក្រុមការងារ ក៏ដូចជាភ្ញៀវកិត្តិយសទាំងអស់នៃគម្រោងដាំដើមឈើមួយនេះ ដែលបានចូលរួមជាចំណែកនិងការគាំទ្ររយៈពេល ១០ឆ្នាំកន្លងមក ធ្វើឱ្យគម្រោងនេះជោគជ័យ និងបន្តរីកចម្រើននាពេលអនាគតទៀត ៕


ប្រភព ៖ សភាយុវពាណិជ្ជករអន្តរជាតិសាខាចតុមុខ