រដ្ឋមន្ត្រីមហាផ្ទៃ៖ យើងត្រូវរួមគ្នាធ្វើឱ្យកម្ពុជាក្លាយជាប្រទេសឌីជីថល

សៀមរាប៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា បច្ចុប្បន្ននេះ ប្រទេសនៅក្នុងពិភពលោកកំពុងតែមានការអភិវឌ្ឍន៍ជឿនលឿនផ្នែកបច្ចេកវិទ្យា ។ ដូចនេះប្រទេសកម្ពុជា ក៏កំពុងតែធ្វើការអភិវឌ្ឍផ្នែកបច្ចេកវិទ្យានេះដែរ ដែលនៅថ្ងៃអនាគតយើងចង់ប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសឌីជីថល ។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបែបនេះ នៅរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាស ឯកឧត្តម ប្រាក់ សោភ័ណ ចូលកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប ជំនួសឯកឧត្តម ទៀ សីហា ដែលត្រូវបានឡើងមុខតំណែងជាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ។

ឯកឧត្តម បានលើកឡើងថា ការប្រែក្លាយទៅជាប្រទេសឌីជីថល យើងត្រូវការប្រើកត្តាពីរសំខាន់ ទី១ កត្តាសម្ភារៈ ទី២ កត្តាធនធានមនុស្ស ឬបុគ្គល ដែលជាកត្តាទី២នេះ នឹងផ្ដល់ឱកាសជាអាទិភាពសម្រាប់ជ្រើសរើសមន្ត្រីរាជការផ្នែកឌីជីថលនាពេលខាងមុខឆាប់ៗនេះ។

ឯកឧត្តម ក៏បានលើកឡើងផងដែរ អំពីការស្នើសុំទៅឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្របសម្រួលការផ្ទេរកម្មសិទ្ធិដីធ្លីពីឪពុកម្តាយមកកូនតាមប្រព័ន្ធឌីជីថល ដោយប្រើពេលយ៉ាងយូ ០៥នាទី ដោយមិនអស់ថវិកាអ្វីទាំងអស់ ។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំឱ្យឯកឧត្តមអភិបាលខេត្តសៀមរាបថ្មីត្រូវយកចិត្តទុកដាក់ក្នុងការដោះស្រាយនូវបញ្ហាដែលកើតមានឱ្យបានលឿន ដោយយកកត្តាឈ្នះៗទាំងអស់គ្នាជាគោល ។

ឯកឧត្តម ប្រាក់ សោភ័ណ ចូលកាន់មុខតំណែងជាអភិបាលខេត្តសៀមរាប បានប្តេជ្ញាខិតខំអស់កម្លាំងកាយ កម្លាំងចិត្ត ចំណេះដឹង និងបទពិសោធន៍ ដើម្បីចូលរួមចំណែកពង្រឹង និងពង្រីកសាមគ្គីផ្ទៃក្នុងបង្កើនកិច្ចសហប្រតិបត្តិការ និងសហការឱ្យបានល្អប្រសើរជាមួយថ្នាក់ដឹកនាំ នៃគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ក្រសួងស្ថាប័នទាំងអស់ ដើម្បីរួមគ្នាកសាង និងអភិវឌ្ឍន៍ខេត្តសៀមរាបទាំងមូលឱ្យមានការរីកចម្រើនថែមទៀតសំដៅកាត់បន្ថយភាពក្រីក្រ៕
ដោយ ស៊ាន សុផាត

ads banner