នាយករដ្ឋមន្ត្រីកម្ពុជា-ចិន ចង់បង្កើតនិងបង្កើនឧត្តមប្រយោជន៍បន្ថែមទៀតសម្រាប់ប្រជាជាតិទាំងពីរ តាមរយៈយន្តការនៃការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នា ដោយឈរលើចំណងមិត្តភាពដ៏រឹងមាំ និងស្អិតរមួត
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន បានគូសបញ្ជាក់ពីគោលបំណងចង់បង្កើត និងបង្កើនឧត្តមប្រយោជន៍បន្ថែមទៀត សម្រាប់ប្រជាជាតិទាំងពីរ តាមរយៈយន្តការនៃការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នា ដោយឈរលើចំណងមិត្តភាពដ៏រឹងមាំ និងស្អិតរមួត។ ការគូសបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសមកាលពីរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នាទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី។

ថ្នាក់ដឹកនាំទាំងពីររំពឹងថា នឹងបន្តកិច្ចពិភាក្សាជាមួយគ្នាបន្ថែមទៀត នៅក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ទៅកាន់ប្រទេសចិននាពេលខាងមុខដ៏ខ្លីនេះ។ នៅក្នុងជំនួបនេះ ឯកឧត្តម លី ឈាង បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្ដៅចំពោះសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងបានផ្តាំផ្ញើនូវការសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង និងរូបឯកឧត្តមផ្ទាល់ជូនចំពោះ សម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

ជាមួយនឹងការថ្លែងអំណរគុណចំពោះការអបអរសាទរ សម្តេចធិបតី ក៏សូមពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខ និងនឹករលឹកពីសំណាក់សម្ដេចតេជោជូនចំពោះឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និងប្រជាជនចិន ដែលជាមិត្តល្អរបស់ប្រជាជន និងប្រទេសកម្ពុជា។ ជាទីបញ្ចប់ សម្ដេចធិបតី បានជូនពរឯកឧត្ដម លី ឈាង ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មបន្តទៀតនាថ្ងៃអនាគត និងសូមធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកសម្តេចធិបតី ហ៊ុន ម៉ាណែត
