ព្យុះស៊ីក្លូនសម្លាប់មនុស្ស ៣៦នាក់ នៅប្រេស៊ីល

ប្រាស៊ីលីយ៉ា៖ អាជ្ញាធរបាននិយាយនៅថ្ងៃទី៦ ខែកញ្ញាថា ចំនួនអ្នកស្លាប់ដោយសារព្យុះស៊ីក្លូនដែលបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ជន់លិចភាគខាងត្បូងប្រទេសប្រេស៊ីល បានកើនឡើងយ៉ាងហោចណាស់ ៣៦នាក់។

ព្យុះស៊ីក្លូនដែលបានចាប់ផ្តើមកាលពីថ្ងៃទី០៤ ខែកញ្ញានេះ បានវាយប្រហារតំបន់ជាយក្រុងនៃរដ្ឋ Rio Grande do Sul ភាគខាងត្បូង។ ទឹកជំនន់ធ្ងន់ធ្ងរបានបង្ខំឱ្យអ្នកស្រុកជាច្រើនស្នាក់នៅលើដំបូងផ្ទះរបស់ពួកគេ ខណៈដែលប្រតិបត្តិការជួយសង្គ្រោះបន្ទាន់ដ៏ធំមួយបានចាប់ផ្តើម ហើយមន្រ្តីក្នុងតំបន់បានរាយការណ៍ថា មានមនុស្សច្រើនជាង១,០០០នាក់កំពុងទន្ទឹងរង់ចាំការជួយសង្គ្រោះ។

អភិបាលរដ្ឋ Rio Grande do Sul លោក Eduardo Leite ដែលបានប្រកាសដាក់រដ្ឋក្នុងស្ថានភាពអាសន្នបានហៅទឹកជំនន់នេះថា ជាគ្រោះមហន្តរាយអាកាសធាតុដ៏អាក្រក់បំផុតមិនធ្លាប់មាននៅក្នុងរដ្ឋនេះ ខណៈដែលក្រុមជួយសង្គ្រោះ, ប៉ូលីស និងអ្នកស្ម័គ្រចិត្តរាប់រយនាក់កំពុងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីទៅដល់តំបន់ដែលត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់។

ដោយឡែកអាជ្ញាធរក្នុងតំបន់បាននិយាយថា មនុស្សជាង ៥,៣០០នាក់បានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ដែលយ៉ាងហោចណាស់មានអ្នកស្រុក ៥២,០០០នាក់ និងទីក្រុងចំនួន ៧០ បានរងផលប៉ះពាល់ស្ទើរទាំងអស់។

បន្ថែមលើនេះ លោក Leite ក៏បានព្រមានដែរថា ស្ថានភាពនេះអាចនឹងកាន់តែអាក្រក់ទៅៗ ក្រោយមានការព្យាករណ៍ថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀតនៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលជាថ្ងៃឯករាជ្យរបស់ប្រទេសប្រេស៊ីល៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner