សហរដ្ឋអាមេរិកព្រមានធ្ងន់ៗថា កូរ៉េខាងជើងនឹងសងពេញថ្លៃ បើសិនហ៊ានផ្តល់សព្វាវុធដល់រុស្ស៊ី

វ៉ាស៊ីនតោន៖ សេតវិមានបានព្រមានធ្ងន់ៗថា កូរ៉េខាងជើងនឹងសងពេញថ្លៃ ប្រសិនបើខ្លួនហ៊ានផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី ដើម្បីធ្វើសង្គ្រាមនៅអ៊ុយក្រែន ខណៈដែលលោក ពូទីន និងលោក គីម ត្រូវបានគេរំពឹងថា នឹងពិភាក្សាគ្នាអំពីបញ្ហានេះ។

ទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិក គឺលោក ជេក ស៊ូលីវ៉ាន បានគូសបញ្ជាក់ថា រុស្ស៊ី និងកូរ៉េខាងជើងកំពុងរៀបចំសម្រាប់កិច្ចពិភាក្សាក្នុងកម្រិតខ្ពស់រវាងមេដឹកនាំប្រទេសទាំងពីរ ដែលប្រហែលជាជំនួបទល់មុខគ្នាដោយផ្ទាល់ ដើម្បីជជែកអំពីតម្រូវការសព្វាវុធរបស់ភាគីរុស្ស៊ី។

លោក ស៊ូលីវ៉ាន បានចោទថា រុស្សីមានគំរោងប្រើប្រាស់អាវុធទិញពីកូរ៉េខាងជើង ដើម្បីវាយប្រហារឃ្លាំងផ្គត់ផ្គង់ស្បៀងអាហារ និងហេដ្ឋារចនាសម្ព័ន្ធរក្សាកំដៅ នៅពេលដែលរដូវរងាជិតមកដល់ ក្នុងគោលបំណងដណ្តើមយកទឹកដី ដែលជាកម្មសិទ្ធិរបស់ប្រទេសអធិបតេយ្យមួយផ្សេងទៀត។ លោក ស៊ូលីវ៉ាន បានសង្កត់ធ្ងន់ថា ប្រសិនបើរឿងនេះកើតឡើង នោះកូរ៉េខាងជើងនឹងរ៉ាប់រងការចំណាយពេញថ្លៃ នៅចំពោះមុខសហគមន៍អន្តរជាតិ។

បើតាមសេតវិមាន រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក សឺហ្គេ ស៊យហ្គូ បានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងក្នុងខែកក្កដា ក្នុងគោលបំណងស្វែងរកការទិញអាវុធបន្ថែមទៀត ដើម្បីធ្វើសង្គ្រាមនៅអ៊ុយក្រែន។ ចំណែកជំនួបកំពូលរវាងលោក ពូទីន និងលោក គីម វិញ វិមានក្រឹមឡាំងបានអះអាងថា ខ្លួនគ្មានអ្វីត្រូវនិយាយអំពីរឿងនេះទេ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner