ឧត្តមសេនីយ៍ឯក អុី សុខឃី ៖ ភ្នាក់ងារសន្ដិសុខឯកជន ជាកម្លាំងជំនួយ ដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងត្រូវសហការឱ្យបានល្អ ឆ្លើយតបបានទាន់ពេលវេលា
(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បារៀបចំពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារ សន្តិសុខឯកជន លើកទី៥២ របស់នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជនកាលពីរសៀលថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២៣។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានធ្វើការកោតសរសើរ ដល់ថ្នាក់ដឹកនាំនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន គ្រូបង្គោល ក្រុមការងាររៀបចំវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន លើកទី៥២ ដែលមានសិក្ខាកាមចំនួន ១៤៥នាក់ (ស្រី០២នាក់) និងមានគ្រូឧទ្ទេសនាម ដែលមានបទពិសោធន៍ខ្ពស់ក្នុងកិច្ចការជាមន្រ្តីនគរបាលយុត្តិធម៌ និងការងារដឹកនាំជំនាញកងកម្លាំងនគរបាលជាតិ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី បានលើកទឹកចិត្តដល់ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ដែលឈរជើងនៅតាមបណ្ដាគោលដៅនានា ត្រូវបន្ដសហការ និងរាយការណ៍ជូនកម្លាំងសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋាន ក្នុងករណីមានបទល្មើសកើតឡើង ឬសង្ស័យថា ទីតាំងដែលខ្លួននៅក្បែរនោះអាចនឹងមានការប្រព្រឹត្តបទល្មើសផ្សេងៗ។ ភ្នាក់ងារសន្ដិសុខឯកជន ត្រូវដើរតួជាពលរដ្ឋល្អ និងមហាជនល្អ ហើយជាកម្លាំងជំនួយដ៏សំខាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងត្រូវសហការបានល្អ ឆ្លើយតបបានទាន់ពេលវេលា។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានគូសបញ្ជាក់ថា នៅពេលភ្នាក់ងារសន្ដិសុខឯកជន បានឃើញ ឬសង្ស័យលើសកម្មភាពល្មើសច្បាប់ណាមួយ មិនថាស្ថិតនៅក្នុងទីតាំងខ្លួនឈរជើង ឬទីណានោះទេ ត្រូវរាយការណ៍ភ្លាមដល់អាជ្ញាធរ មានសមត្ថកិច្ច ឬមកនាយកដ្ឋានផ្ទាល់តាមរយៈលេខទូរស័ព្ទដែលបានផ្ដល់ជូន ដើម្បីរួមគ្នាបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសបានទាន់ពេលវេលា។ លើសពីនេះ ត្រូវបន្ដរួមគ្នាចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសគោលនយោបាយ ភូមិ-ឃុំសង្កាត់ មានសុវត្ថិភាព។

ឯកឧត្តម ឧត្តមសេនីយ៍ឯក អុី សុខឃី បានណែនាំថា ភ្នាក់ងារសន្តិសុខឯកជន ត្រូវមានឥរិយាបថសមរម្យក្នុងការចូលរួមធ្វើការងារដោយប្រកាន់យកអ្វីដែលជាការត្រឹមត្រូវក្រោយទទួលការបណ្ដុះបណ្ដាល គោរពឱ្យបាននូវលក្ខណៈសម្បត្តិជាភ្នាក់ងារសន្តិសុខឯកជន ពោលត្រូវមានវិន័យ, ក្រមសីលធម៌, ប្រើប្រាស់ឯកសណ្ឋានសន្តិសុខឯកជន និងសម្ភារៈបំពាក់ឱ្យបានគ្រប់គ្រាន់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានជំរុញឱ្យនាយក នាយិកាក្រុមហ៊ុនផ្ដល់សេវាសន្តិសុខឯកជន និងគ្រឹះស្ថាននានា (បន្តចូលរួមគាំទ្រវគ្គបណ្ដុះបណ្ដាល) ដោយបញ្ជូនភ្នាក់ងារសន្តិសុខឯកជនមកចូលរួមវគ្គសិក្សា ហើយសិក្ខាកាមទាំងអស់ត្រូវយកចំណេះដឹងដែលទទួលបានពីការសិក្សានេះទៅអនុវត្ត និងបន្តពង្រីកចំណេះដឹង ភាពឆ្លាតវៃ ភាពឆ្នៃប្រឌិត និងមានភាពទទួលខុសត្រូវខ្ពស់ក្នុងការបំពេញតួនាទីរបស់ខ្លួន ៕


ដោយ-រ៉ាវុធ