រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជាអញ្ជើញចូលរួមក្នុងពិធីកាត់ខ្សែបូសម្ពោធពិព័រណ៍អន្តរជាតិលើកទី១៧ក្រោមមូលបទ «ការតភ្ជាប់ កំណើន និងចីរភាព»
ភ្នំពេញ៖ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បាន អញ្ជើញចូលរួមពិធីកាត់ខ្សែបូបើកសម្ពោធពិព័រណ៍អន្តរជាតិលើកទី១៧ (ITE-HCMC 2023)ក្រោមមូលបទ «ការតភ្ជាប់ កំណើន និងចីរភាព» ។ពិធីនេះបានប្រព្រឹត្តិទៅកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។
ប្រភពក្រសួងទេសចរណ៍បានឱ្យដឹងថា បន្ទាប់មកពីពិធីកាត់ខ្សែបូ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានចូលរួមទស្សនាស្តង់ ពិព័រណ៍ ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃបណ្តា ប្រទេសជាច្រើន ។ ទន្ទឹមនឹងនេះនៅពន្លាពិព័រណ៍របស់កម្ពុជា មានការសម្តែងរបាំជូនពរ ស្វាគមន៍ និងសិល្បៈវប្បធម៌ប្រពៃណី ដើម្បីបង្ហាញ ពីទេសចរណ៍ វប្បធម៌ធម្មជាតិដ៏ល្អផូរផង់របស់កម្ពុជា ព្រមទាំង មានការផ្តល់ជូននូវវត្ថុ អនុស្សាវរីយ៍ដល់ប្រតិភូជាន់ខ្ពស់ទាំងអស់ផងដែរ។
ដោយឡែកសម្រាប់ផ្នែកឯកជន ដែលមានចំនួន ១១ក្រុមហ៊ុនក៏មាន ការណាត់ជួបរវាងដៃគូធុរកិច្ចទេសចរណ៍ លក់ផលិតផល និងកញ្ចប់ ទេសចរណ៍ផ្សេងៗ ដើម្បីជំរុញ ការមកទស្សនានៅកម្ពុជាផងដែរ។
ក្រោយពីបញ្ចប់ការទស្សនាតាមស្តង់ពិព័រណ៍ឯកឧត្តមរដ្ឋមន្រ្តី បាន អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះស្ដីពី “ការយល់ដឹងអំពី បរិវត្តកម្ម ឌីជីថលក្នុងការជំរុញការអភិវឌ្ឍន៍ទេសចរណ៍អន្តរជាតិ” ក្នុងវេទិកា ទេសចរណ៍ កម្រិតថ្នាក់ដឹកនាំជាន់ខ្ពស់។
នៅក្នុងវេទិកាទេសចរណ៍ដ៏មានសារៈសំខាន់នេះ ក៏មានការចូលរួមពី សំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមដែលរួមមាន ឯកឧត្តម Nguyen Triet អតីតប្រធានាធិបតី, ឯកឧត្តម Truong Hoa Binh, អតីត ឧបនាយករដ្ឋមន្រ្តីវៀតណាម, ឯកឧត្តម Tran Hong Ha ឧបនាយករដ្ឋមន្រ្តីវៀតណាម, ឯកឧត្តម Nguyen Thien Nhan អគ្គលេខាធិការបក្សកុម្មុយនីស្តនៃទីក្រុងហូជីមិញ និងឯកឧត្តម Nguyen Van Hung រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម, ព្រមទាំងមានការចូលរួមពី អនុរដ្ឋមន្រ្តីទេសចរណ៍មីយ៉ាន់ម៉ា និងឡាវ តំណាងអាជ្ញាធរ ទេសចរណ៍ ថៃ អគ្គកុងស៊ុលពីបណ្ដាប្រទេសនានា និងវិស័យឯកជន សរុបប្រមាណ ២៥០នាក់។
នាល្ងាចថ្ងៃដដែលនោះដែរ មន្ទីរទេសចរណ៍ទីក្រុងហូជីមិញ បាន រៀបចំ ទស្សនកិច្ចតាមដងទន្លេទីក្រុងហូជីមិញ និងអាហារពេលល្ងាច ប្រកប ដោយភាពស្និទ្ធស្នាលជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្តាប្រទេសនីមួយៗដែលបានចូលរួមព្រឹត្តិការណ៍នេះ៕
ដោយ៖ចាន់ វិចិត្រ