អង្គការ អាយឌីអ៊ី កម្ពុជា៖ ការសិក្សាបានបង្ហាញថា កាកសំណល់ចំណីអាហារ ជាកាកសំណល់ច្រើនជាងគេបំផុត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អង្គការអាយឌីអ៊ីកម្ពុជា បានឱ្យដឹងថា តាមរយៈការសិក្សានៅក្នុងខេត្តចំនួនបីបង្ហាញថា កាកសំណល់ចំណីអាហារ ជាកាកសំណល់ច្រើនជាងគេបំផុត និងជាមូលហេតុចម្បងមួយ នៃការបំពុលទឹក ខណៈអង្គការនេះបានផ្តល់អនុសាសន៍ឱ្យមានសេវាប្រមូលសំរាមនៅតាមជនបទ ដើម្បីកាត់បន្ថយកាកសំណល់នានា រួមចំណែកដល់បរិស្ថាន។

របាយការណ៍នេះត្រូវបានដាក់បង្ហាញនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ដើម្បីពិភាក្សា អំពីលទ្ធផលនៃការវាយតម្លៃទីផ្សារគ្រប់គ្រងសំណល់រឹងនៅទីជនបទនៅកម្ពុជា ដែលជាការសិក្សាដំបូងបង្អស់មួយនៅកម្ពុជា ដែលមានការចូលរួមពីតំណាងមកពីវិស័យពាក់ព័ន្ធទាំង
វិស័យសាធារណៈ ឯកជន និងដៃគូអភិវឌ្ឍន៍។

ដឹកនាំដោយអង្គការ អាយឌីអ៊ីកម្ពុជា និង iDE Innovation Lab ជាមួយការសហការគាំទ្រហិរញ្ញវត្ថុពីសហភាពអឺរ៉ុប ការសិក្សានេះ បានវាយតម្លៃទីផ្សារគ្រប់ក្រុងសំណល់រឹងនៅក្នុងស្រុកមួយចំនួនដែលនៅជាប់នឹងបឹងទន្លេសាប ស្ថិតក្នុងខេត្តចំនួនបីគឺ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តសៀមរាប។ គោលបំណងនៃការសិក្សានេះ គឺដើម្បីកំណត់ពីកត្តាបរាជ័យនៃទីផ្សារនៅតាមតំបន់ទីជនបទ ចំណុចចាប់ផ្តើម ក៏ដូចជាឱកាសសម្រាប់អន្តរាគមន៍នានា និងជាកតាលីករជំរុញធ្វើឱ្យប្រសើរឡើង។

សេចក្តីប្រកាសព័ត៌មានរបស់អង្គការអាយឌីអ៊ីកម្ពុជា បានរំលេចថា៖«លទ្ធផលនៃការសិក្សានេះ បានបង្ហាញថា កាកសំណល់ចំណីអាហារ ជាកាកសំណល់ច្រើនជាងគេបំផុត បង្កើតឡើងដោយគ្រួសារនៅក្នុងតំបន់ជ្រើសរើសសម្រាប់ការសិក្សានេះ ប្រហែល ៥០-៦០ភាគរយ នៃកាកសំណល់សរុប បន្ទាប់មកគឺជាកាកសំណល់ប្លាស្ទិក (៩-១៥%)»។ សំណល់ បង្កើតឡើងជារៀងរាល់ឆ្នាំដោយគ្រួសារនៅក្នុងស្រុកជាប់ខេត្តខេត្តកំពង់ឆ្នាំងមានប្រមាណ ១២៥ តោន ពោធិ៍សាត់ មានប្រមាណ ៣៣១ តោន និងសៀមរាបមានប្រមាណ ៣១៦ តោន។

ប្រភពដដែលបន្តថា៖«ភាគច្រើននៃកាកសំណល់ទាំងនេះបានហូរចូលទៅក្នុងបឹងទន្លេសាប ដែលជាបឹងទឹកសាបដ៏ធំបំផុតនៅអាស៊ីអាគ្នេយ៍។ សំណល់ទាំងនេះ បង្កហានិភ័យដល់ប្រព័ន្ធអេកូឡូស៊ីទន្លេ បឹង និងសមុទ្រ ខណៈគំរាមកំហែងដល់ជីវភាពរស់នៅរបស់សហកមន៍ដែលពឹងផ្អែកលើប្រព័ន្ធអេកូឡូស៊ី ទាំងនេះសម្រាប់ចំណីអាហារ និងប្រាក់ចំណូលប្រចាំថ្ងៃ»។

អង្គការអាយឌីអ៊ីកម្ពុជា គូសបញ្ជាក់ថា អវត្តមាននៃសេវាប្រមូលសំរាមតាមលំនៅឋាន បាននាំឱ្យមានការអនុវត្តការចោលសំរាមដែលគ្មាននិរន្តរភាពនៅតាមតំបន់ជនបទ។ បច្ចុប្បន្ននេះ សេវាប្រមូលសំរាមមានវត្តមាននៅតំបន់ទីក្រុង និងជុំវិញទីក្រុង ប៉ុន្តែនៅតាមទីជនបទ សេវាប្រមូលសំរាមនៅមានកម្រិត ឬមិនមានតែម្តង។

ជាងនេះទៅទៀត កង្វះហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការគ្រប់គ្រងសំណល់រឹង នៅតំបន់ជនបទ នាំឱ្យមានការអនុវត្តមិនល្អ ដូចជាការដុត កប់ និងការបោះចោលកាកសំណល់ ដែលអាចបំពុល ប្រព័ន្ធអេកូឡូស៊ី រួមទាំងធនធានទឹកដ៏មានសារៈសំខាន់សម្រាប់យើងផងដែរ។ គ្រោះថ្នាក់នៃការស្រូបផ្សែងកាយចេញពីការដុតប្លាស្ទិកបង្កឱ្យកើតមហារីកត្រូវបានកត់ត្រាយ៉ាងច្បាស់ផងដែរ ហើយកាកសំណល់អាហារ ជាមូលហេតុចម្បងមួយ នៃការបំពុលទឹក និងអាចបំពុលទាំងទឹកក្រោមដី និងប្រភពទឹកលើដីផងដែរ។ មួយវិញទៀត អាហារដែលបានបោះចោលនៅទីលានចាក់សំរាម នឹងរលួយ ហើយបញ្ចេញឧស្ម័នមេដ្យាន ដែលជាឧស្ម័នផ្ទះកញ្ចក់ដ៏មានឥទ្ធិពលមួយ។

របាយការណ៍ដដែរបន្ត៖«នេះគឺជាបញ្ហាដ៏សំខាន់ហើយយើងបានសម្គាល់ឃើញពីភស្តុតាងទាក់ទងនឹងតម្រូវការសេវាកម្មគ្រប់គ្រងសំណល់រឹងពីសំណាក់សហគមន៍ជនបទផងដែរ»។

ការសិក្សានេះ បានបង្ហាញពីភាគរយដ៏គួរឱ្យកត់សម្គាល់មួយ បញ្ជាក់ពីចំនួនគ្រួសារដែលចង់ឱ្យមានសេវាប្រមូលសំរាម និងសុខចិត្តចំណាយលើសេវាប្រមូលសំរាមនេះ។ ប្រមាណ ៦៩ភាគរយ នៃគ្រួសារទាំងអស់ដែលចូលរួមក្នុងការសិក្សា មានសាច់ប្រាក់ក្នុងដៃ ហើយសុខចិត្តបង់ប្រាក់ ១០.០០០ រៀលសម្រាប់សេវាប្រមូលសំរាមពីគេហដ្ឋានរបស់គេប្រចាំខែ។

លោក Kevin Robbins នាយកប្រចាំប្រទេសនៃអង្គការអាយឌីអ៊ីកម្ពុជា បានមានប្រសាសន៍ថា៖« តាមរយៈបទពិសោធន៍យ៉ាងទូលំទូលាយរបស់យើងក្នុងការជំរុញទីផ្សារក្នុងវិស័យកសិកម្ម និងទីផ្សារអនាម័យជនបទ យើងមានគោលបំណងប្រើប្រាស់ជំនាញនេះដើម្បីរួមចំណែកដោះស្រាយបញ្ហា គ្រប់គ្រងសំណល់រឹងដែលកំពុងតែមានការព្រួយបារម្មណ៍កាន់តែខ្លាំងឡើងចំពោះផលប៉ះពាល់របស់វា ព្រមទាំងធ្វើឱ្យប្រសើរឡើងសម្រាប់ប្រជាជនរស់នៅទីជនបទ» ។

លោកបន្ថែមថា ដើម្បីលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង សំណល់រឹងនៅទូទាំងប្រទេស យើងត្រូវធ្វើការរួមគ្នារវាងវិស័យសាធារណៈ ឯកជន និងអភិវឌ្ឍន៍ ដើម្បីសម្រួលនិងបង្កើតដំណោះស្រាយប្រកបដោយនិរន្តរភាព និងគ្របដណ្តប់បានគ្រប់កន្លែង។

ការវាយតម្លៃនេះ បានកំណត់នូវឱកាសមួយចំនួនដើម្បីកែលម្អប្រសិទ្ធភាពនៃការគ្រប់គ្រង សំណល់រឹង និងបញ្ហាប្រឈមនៅដំណាក់កាលផ្សេងៗដូចជា ការលើកកម្ពស់ការប្រមូល ការបោះចោល និងការកែច្នៃឡើងវិញ។ ទាំងនេះគឺគួររួមបញ្ចួលនូវគំនិតផ្តួចផ្តើម និងការវិនិយោគលើ ការកាត់បន្ថយកាកសំណល់ និងឱកាសផ្សេងៗទៀតរួមមាន ការអនុវត្តប្រព័ន្ធប្រមូលសំរាម ដែលអាចគ្រប់គ្រងបាននូវប្រភេទសម្ភារផ្សេងៗគ្នាប្រកបដោយប្រសិទ្ធភាពដូចជាប្រភេទសំណល់សរីរាង្គ និងសំណល់ចម្រុះជាដើម៕ ដោយ៖ សុខ រក្សា

ads banner