តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ប្តេជ្ញាបង្កើនកិច្ចសហការគ្រប់ភាគី ដើម្បីលើកកម្ពស់អក្ខរកម្មកម្ពុជា

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ លោក Sardar Alam Umar តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាបានប្តេជ្ញាថា នឹងបង្កើនកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់គុណភាពអប់រំ ពិសេសអក្ខរកម្មកម្ពុជា ដោយបានចាត់ទុកថា អក្ខរកម្ម គឺជាសិទ្ធិមនុស្សដ៏សំខាន់ និងជាស្នូលនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗ។

លោកបានបង្ហាញការតាំងចិត្តនេះតាមរយៈឃ្លីបវីដេអូប្រមាណពីរនាទី ដែលផលិតឡើងដោយអង្គការយូណេស្កូប្រចាំកម្ពុជា ដើម្បីអបអរសាទរទិវាអក្ខរកម្មអន្តរជាតិ និងទិវាអក្ខរកម្មជាតិ៨កញ្ញា លើកទី២៣ ក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃសហគ្រិនភាព និងសង្គមសេដ្ឋកិច្ច»។

លោក Sardar Alam Umar បានថ្លែងថា សម្រាប់ទិវាអក្ខរកម្មអន្តរជាតិឆ្នាំនេះ អង្គការយូណេស្កូបានជ្រើសរើសប្រធានបទជាសកលថា «ការលើកកម្ពស់អក្ខរកម្មេពិភពលោក ក្នុងអន្តរកាល៖ ការកសាងមូលដ្ឋានគ្រឹះសម្រាប់សង្គមដោយនិរន្តរភាព និងសន្តិភាព»។ លោកបន្តថា ប្រធានបទនេះ គឺដើម្បីជំរុញ យកចិត្តទុកដាក់ និងការវិនិយោគលើអក្ខរកម្មនិងការអប់រំនៅក្នុងពិភពលោកដែលមានការផ្លាសប្តូរយាងឆាប់រហ័ស និងការប្រែក្លាយទៅជាការអប់រំតាមបែបឌីជីថលឱ្យកាន់តែខ្លាំងឡើង។

លោកបន្តថា តាមរយៈប្រធានបទនេះ វាជាឱកាសដ៏សំខាន់មួយសម្រាប់ពួកយើង ដើម្បីបញ្ជាក់សារជាថ្មីឡើងវិញនូវការប្តេជ្ញាចិត្តរបស់យើងអំពីឥទ្ធិពលបរិវដ្តន៍កម្មនៃអក្ខរកម្មដែលជាសិទ្ធិមនុស្សដ៏សំខាន់ និងជាស្នូលនៃការអភិវឌ្ឍន៍របស់មនុស្សគ្រប់រូប និងការចូលរួមចំណែករបស់វានៅក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចរបស់ប្រទេសមួយ។

ដូចគ្នានេះដែរ ប្រធានបទបទអក្ខរកម្មជាតិរបស់កម្ពុជានៅឆ្នាំនេះ គឺ៖« អក្ខរកម្មគឺជាមូលដ្ឋានគ្រឹះនៃសហក្រិនភាព និងសេដ្ឋកិច្ច»ក៏បង្ហាញពីការជួយពង្រឹងគ្នាទៅវិញទៅមកវាងអក្ខរកម្ម និងសហគ្រិនភាព និងផ្នែកសេដ្ឋកិច្ច និងបង្ហាញពីចំណុចកណ្តាលនៃអក្ខរកម្មដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅកម្ពុជាផងដែរ។

លោក Sardar Alam Umar បានបញ្ជាក់ដែរថា ដើម្បីលើកកម្ពស់អក្ខរកម្មកម្ពុជា គឺត្រូវបណ្តុះបណ្តាលវប្បធម៌នៃការរៀនសូត្រពេញមួយជីវិតដោយការលើកទឹកចិត្តប្រជាជនឱ្យបន្តបង្កើនជំនាញរបស់ពួកគេដើម្បីរក្សាល្បឿនស្របជាមួយ នឹងការផ្លាស់ប្តូរនៅក្នុងផ្នែកសេដ្ឋកិច្ច និងសង្គម។ ហេតុនេះ អង្គការយូណេស្កូ បានប្តេជ្ញាត្រូវតែបង្កើនកិច្ចសហការរវាងភ្នាក់ងាររដ្ឋាភិបាល ស្ថាប័នអប់រំ និងដៃគូរឧស្សាហកម្ម ដើម្បីលើកកម្ពស់គុណភាពនៃការអប់រំបន្ថែមទៀត។

លោកគូសបញ្ជាក់ថា៖« នៅអង្គការយូណេស្កូ យើងនៅតែបន្តប្តេជ្ញាចិត្ត នៅក្នុងការវិនិយោគលើអនាគតដ៏ចត្រចះច្រចង់សម្រាប់កម្ពុជា ដែលអក្ខរកម្ម និងការអប់រំលើកកម្ពស់ និងផ្តល់អំណាចដល់មនុស្សគ្រប់គ្នា ហើយធានាថា គ្រប់គ្នាមានលទ្ធភាពទទួលបានការអប់រំប្រកដោយគុណភាព រួមទាំងអក្ខរកម្ម និងជំនាញឌីជីថល»។

ជុំវិញរឿងអក្ខរកម្មនេះដែរ តាមរយៈទំព័រហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី៨ ខែកញ្ញានេះ បានចាត់ទុកថា វិស័យអប់រំ និងធនធានមនុស្ស ជាអាទិភាពចម្បង សម្រាប់ការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។ឯកឧត្តមបញ្ជាក់ថា អក្ខរកម្ម ជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ឆ្ពោះទៅរកការអភិវឌ្ឍ បង្កើនសម្ទុះនៃកំណើនសេដ្ឋកិច្ច និងធ្វើឱ្យសង្គមជាតិ ជាពិសេស ក្នុងបរិបទនៃបរិវត្តកម្មឌីជីថល យើងត្រូវចាត់ទុកអក្ខរកម្មឌីជីថលជាការងារអាទិភាពថ្មីសម្រាប់ឈោងចាប់អនាគត។

ឯកឧត្តមបន្តថា៖« ក្នុងអតីតកាលនិងជាពិសេស ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ថ្នាក់ដឹកនាំជំនាន់មុន បានចាត់ទុកវិស័យអប់រំ និងធនធានមនុស្សជាអាទិភាពចម្បង សម្រាប់ការកសាង និងអភិវឌ្ឍប្រទេសជាតិ»។

បើតាមឯកឧត្តម ហ៊ុន ម៉ានី បច្ចុប្បន្ន សាលារៀនចំណេះទូទៅ និងសាលាអប់រំបច្ចេកទេសបាន និងកំពុងរីកដុះដាលគ្រប់ទិសទី ដែលបានផ្តលឱកាសដល់កុមារ និងយុវជនក្នុងការបណ្តុះ បណ្តាលនិងបំពេញក្តីស្រមៃរបស់ខ្លួនផងដែរ៕ ដោយ៖ បូរ ពេជ្យហ្សាលីន

ads banner