សម្តេចធិបតីហ៊ុន ម៉ាណែត៖ គោលដៅដ៏ធំរបស់រាជរដ្ឋាភិបាល គឺកាត់បន្ថយភាពក្រីក្រ បង្កើនការងារជូនដល់ពលរដ្ឋខ្មែរគ្រប់រូប
(កំពង់ស្ពឺ)៖ សម្តេចធិបតីហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលដៅដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺកាត់បន្ថយភាពក្រីក្រ និងបង្កើនការងារជូនដល់ពលរដ្ឋខ្មែរគ្រប់រូប ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨,២៦៥នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ។
សម្តេចធិបតី បានលើកឡើងថា គោលដៅដ៏ធំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺកាត់បន្ថយភាពក្រីក្រ បង្កើនការងារជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប ពោលគឺត្រូវបង្កើតការងារឲ្យបានដល់មូលដ្ឋានតែម្តង ។
ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្រ្តី បានប្រកាសថា នឹងចុះជួបបងប្អូនអាជីវករនៅតាមផ្សារ និងបងប្អូនប្រជាពលរដ្ឋប្រកបការងារនៅក្រៅប្រព័ន្ធ ដើម្បីស្តាប់ពីកង្វល់របស់ពួកគាត់ យកមកដោះស្រាយ ឱ្យបានទាន់ពេលវេលា ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងដែរថា រាជរដ្ឋាភិបាល នឹងធ្វើការសម្របសម្រួលលិខិតឆ្លងដែនដល់បងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេស ឲ្យដល់ប្រទេសដែលពួកគាត់ធ្វើការនៅទីនោះតែម្តង ដើម្បីកុំឲ្យពួកគាត់លំបាកក្នុងការធ្វើដំណើរឡើងចុះ ដោយសម្តេចបញ្ជាក់ថា គម្រោងនេះ នឹងចាប់ផ្តើមធ្វើឡើង នៅប្រទេសកូរ៉េមុនគេតែម្តង ។
សម្តេច ក៏បានបញ្ជាឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការគ្នាជាមួយក្រសួងពាក់ព័ន្ធ រៀបចំបង្កើតអគ្គកុងស៊ុលបន្ថែមទៀតនៅប្រទេសថៃ ដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនពលករខ្មែរដែលកំពុងធ្វើការនៅទីនោះ ៕
អត្ថបទ៖ វណ្ណលុក, រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ



