កិត្យានុភាពនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ត្រូវបានលើកស្ទួយយ៉ាងខ្ពស់ត្រដែត និងឆាប់រហ័សលើឆាកតំបន់និងអន្តរជាតិ

ភ្នំពេញ៖ វត្តមាន និងសកម្មភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅឯកិច្ចប្រជុំកំពូល​អាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចន្លោះពីថ្ងៃទី ៤ ដល់ទី ៧ ខែកញ្ញា ឆ្នាំ២០២៣ គឺជាវិញ្ញាសាសាកល្បងដ៏ធំដើម្បី​វាស់ស្ទង់​កម្រិតសមត្ថភាពដឹកនាំ និងចាត់ចែងរបស់នាយករដ្ឋមន្ត្រីវ័យក្មេង នៃកម្ពុជា ក្នុងវិស័យនយោបាយការទូតកម្រិតតំបន់ និងអន្តរជាតិ ខណៈ​ដែលរាជរដ្ឋាភិបាលថ្មីទើបតែចាប់កំណើតឡើងត្រឹមតែពីរសប្តាហ៍ប៉ុណ្ណោះ។

សំណួរសំខាន់បំផុតនៅមុនកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាការតា នោះគឺ តើនាយករដ្ឋមន្ត្រីថ្មីវ័យក្មេង​របស់កម្ពុជា មានសមត្ថភាពអាចប្រឈមក្នុងព្រឹត្តិការណ៍ដ៏ធំកម្រិតតំបន់និងកម្រិតអន្តរជាតិនេះបានដែរឬទេ? ទីបំផុត វិញ្ញាសាដ៏ធំមួយ​​នេះត្រូវបានប្រមុខដឹកនាំរាជរដ្ឋាភិបាលបន្តវេនឆ្លងកាត់ដោយជោគជ័យហួសពីការរំពឹងទុក ។បេសកកម្មដ៏ធំនិងដំបូងបំផុតលើឆាកតំបន់ និងអន្តរជាតិរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកស្ទួយកិត្យានុភាពរបស់រាជរដ្ឋាភិបាលស្របច្បាប់ និងស្របតាមឆន្ទៈរបស់​ប្រជាពលរដ្ឋខ្មែរឱ្យល្បីរន្ទឺលើឆាកតំបន់និងអន្តរជាតិ។

ទី១-អំពីភាពស្របច្បាប់៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា កើតឡើងដោយការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរី ពហុបក្ស ដែលមានគណបក្សចំនួន ១៨ ចូលរួម។ មានពលរដ្ឋខ្មែរដែលមានឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោតជាង ៨៤ភាគរយ​បានទៅបោះឆ្នោត​កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ហើយក្នុងនោះជាង ៨២% បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ ក្រោយការប្រកាស​លទ្ធផល សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រចាត់តាំងជានាយករដ្ឋមន្ត្រីតាមសំណើរបស់ប្រធានគណបក្សឈ្នះ​ឆ្នោត​ស្របតាមមាត្រា១១៩(ថ្មី)២ នៃរដ្ឋធម្មនុញ្ញ។ នាយករដ្ឋមន្ត្រីចាត់តាំងក៏បានបង្កើតគណៈរដ្ឋមន្ត្រី ហើយត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្រ​ជាឯកច្ឆ័ន្ទនៅថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៣។ នៅរសៀលថ្ងៃដដែល សមាជិករាជរដ្ឋាភិបាលទាំងអស់ក៏បានចូលធ្វើសច្ចាប្រណិ​ធាន​ក្នុងព្រះបរមរាជវាំង។ នេះគឺជាដំណើរការនីតិវិធីស្របតាមច្បាប់កម្ពុជាទាំងស្រុងដែលធ្វើឲ្យរាជរដ្ឋាភិបាលអាណត្តិទី៧មាន​លក្ខណៈស្រប​ច្បាប់យ៉ាងពេញលេញដោយមិនអាចប្រកែកបាន។


ទី២-អំពីកិត្យានុភាពនៃរាជរដ្ឋាភិបាលអាណត្តិទី៧៖ ចាប់តាំងពីក្រោយការជ្រើសតាំងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សារអបអរសាទរពីសំណាក់ប្រទេសជាមិត្តបានធ្លាក់មកជាបន្តបន្ទាប់ពីគ្រប់ជ្រុងជ្រោយ នៃពិភពលោក។ រហូតមកទល់ពេលនេះ មាន​មេដឹកនាំបរទេសជាង ៥០ ប្រទេស និងស្ថាប័ន រាប់ទាំងប្រទេសមហាអំណាច និងអគ្គលេខាធិការអង្គការសហប្រជាជាតិផង បានបន្ត​ផ្ញើសាអបអរសាទរដល់ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា។ នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ​នៅ​ហ្សាការតា មេដឹកនាំអាស៊ានក៏ដូចជាមេដឹកនាំប្រទេសធំៗផ្សេងទៀត សុទ្ធតែបានសម្តែងការសាទរ និងស្វាគមន៍សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា។ ម្យ៉ាងទៀត ការចូលរួមប្រជុំស្មើមុខមាត់គ្នាជាមួយប្រទេសដទៃគឺជាតម្លៃដែលប្រទេសក្នុងតំបន់ និង​ពិភពលោកផ្តល់ជូនកម្ពុជាក្នុងនាមជារាជរដ្ឋាភិបាលស្របច្បាប់ និងជារដ្ឋអធិបតេយ្យមួយដោយគ្មានអ្នកណាអាចកាឡៃបានឡើយ។

សរុបមកវិញ លើសពីភាពស្របច្បាប់ដែលខ្លួនទទួលបានយ៉ាងពេញលេញស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋ និងនីតិវិធីច្បាប់របស់កម្ពុជា កិត្យានុភាពរបស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានលើកស្ទួយយ៉ាងខ្ពស់ត្រដែត និងយ៉ាងឆាប់រហ័ស​នៅលើឆាកតំបន់ និងអន្តរជាតិ ដោយសារសមត្ថភាពក្នុងការចាត់ចែង និងដឹកនាំដ៏ប៉ិនប្រសប់របស់នាយករដ្ឋមន្ត្រីវ័យក្មេងនៃកម្ពុជា៕
(ដោយ ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល)

ads banner