មន្រ្តីសូរិយោដី បិទផ្សាយឯកសារជាង ១០០០ក្បាលដី នៅស្រុកស្អាង

ខេត្តកណ្តាល៖ ក្នុងគោលដៅជៀសផុតពីកំហុសឆ្គងនានា មុននឹងចេញប័ណ្ណកម្មសិទ្ឋិបញ្ជាក់ក្បាលដី(ប្លង់រឹង)ជូនពលរដ្ឋ មន្រ្តីនៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ បានធ្វើការបិទផ្សាយជាសាធារណៈ ឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចំនួន១,៣៦៤ក្បាលដី នៅក្នុងភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដី ទៅពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវ ពិតប្រាកដលើដីរបស់ខ្លួន។

លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល មានប្រសាសន៍ថា ការបិទផ្សាយនូវឯកសារនៃការវិនិច្ឆ័យដីធ្លីនេះ មានកាលកំណត់តែក្នុងរយៈពេល១៥ថ្ងៃប៉ុណ្ណោះ ដែលរាប់ចាប់ពីថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី២២ ខែកញ្ញា ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាកផងដែរ ក្រោយការបិទផ្សាយនេះ សូមបងប្អូនម្ចាស់ដីទាំងអស់ត្រូវតែប្រញាប់ប្រញាល់ទៅពិនិត្យមើលឱ្យបានគ្រប់គ្នា។

លោកបញ្ជាក់បន្ថែមថា អាជ្ញាធររដ្ឋបាលដីធ្លីខេត្ត បានប្រឹងប្រែងក្នុងការចុះបញ្ជីដីធ្លីដែល មានលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋ ព្រោះវាមានសារៈសំខាន់ណាស់ ដល់ប្រជាពលរដ្ឋ ម្ចាស់ដី ដោយមិនចំណាយប្រាក់ច្រើនក្នុងការធ្វើប្លង់រឹងលើដីធ្លី ដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់ កាន់កាប់ ជាឯកសារសំអាងរឹងមាំបើមានជម្លោះដី ពិសេសទៀតនោះបានធ្វើឱ្យបញ្ហាទំនាស់ដី ធ្លីត្រូវបានកាត់បន្ថយយ៉ាងច្រើនទៀតផង។

ជាមួយគ្នានេះលោក ជឺ គឹមហៃ អភិបាលស្រុកស្អាង បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកកាន់កាប់ដីធ្លីនៅក្នុងភូមិខាងលើ សូមបង្ករលក្ខណៈងាយស្រួល និងចូលរួមសហការឲ្យបានរលូន ជាមួយក្រុមការងាចុះបញ្ជីដីធ្លី ដើម្បីឲ្យការអនុវត្តតាមនិតិវិធី នៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន និងដើម្បីឲ្យប្រជាពលរដ្ឋ ទទួលបានប័ណ្ណកម្មសិទ្ធិដីដែលបញ្ជាក់ពីសិទ្ធិជាម្ចាស់ដីពិតប្រាកដ ៕

ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner