ឯកឧត្តម ឡូវ ហ៊ឺង ជំរុញអាជ្ញាធរមូលដ្ឋាន បន្តខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ
(កំពង់ចាម)៖ ឯកឧត្តម ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវបន្តខិតខំបម្រើសេវាជូនប្រជាពលរដ្ឋ អនុវត្តនូវគោលនយោបាយភូមិ-ឃុំ ឲ្យបានល្អប្រសើរ ក៏ដូចជាត្រូវខិតខំប្រឹងប្រែងដោះស្រាយនូវទុក្ខកង្វល់ និងសំណូមពរ ពលរដ្ឋរបស់ពួកគាត់ ឲ្យបានទាន់ពេលវេលា ទៅតាមលទ្ធភាពជាក់ស្ដែង ។
ឯកឧត្តម ឡូវ ហ៊ឺង បានលើកឡើងបែបនេះ ក្នុងពិធីថ្លែងអំណរគុណ និងនាំនូវអំណោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់ជូនប្រជាពលរដ្ឋ ២២០គ្រួសារ នៅវត្តទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ។
លោក ពូន វណ្ណា អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំទងត្រឡាច មានប្រសាសន៍ថា ភាពរឹងមាំ និង ការដាក់ចេញនូវគោលនយោបាយច្បាស់លាស់ របស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យពលរដ្ឋបោះឆ្នោតជូន ហើយឈ្នះឆ្នោតជាថ្មីម្ដងទៀត នៃការបោះឆ្នោត ជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ ជាពិសេសឃុំទងត្រឡាច ដែរបានទទួលលទ្ធផលយ៉ាងល្អប្រសើរ ដោយបានជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងខេត្តកំពង់ចាម ។
ឯកឧត្តម ឡូវ ហ៊ឹង បានប្ដេជ្ញាបន្តចូលរួមអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែរីកចម្រើន ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ក៏ដូចជាការឆ្លើយតបទៅនឹងសន្លឹកឆ្នោត ដែលប្រជាពលរដ្ឋបោះជូនគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជំនះ ។
ឯកឧត្តមបានបន្តថា បន្ទាប់ពីទទួលបានជ័យជំនះ និងការជឿទុកចិត្តពីប្រជាពលរដ្ឋនេះហើយ ក្នុងនាមក្រុមការងារចុះជួយមូលដ្ឋាន នៅតែបន្តខិតខំចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងអាណត្តិថ្មីនេះ ក្នុងការបម្រើប្រជាពលរដ្ឋ តាមរយៈការកសាងនូវហេដ្ឋារចនាសម្ព័ន្ធ និងដោះស្រាយសំណូមពរផ្សេងៗ ឲ្យស្របតាមគោលនយោបាយ ដែលបានដាក់ចេញ និងបានកំពុងបន្តស្ថាបនាឡើងពីមួយថ្ងៃទៅថ្ងៃ ធ្វើឱ្យមានសមិទ្ធិផលជាច្រើនបានកើតឡើងដូចជាផ្លូវ ថ្នល់ សាលារៀន បណ្ណាល័យ វត្តអារ៉ាម អណ្តូងទឹក សាលាឃុំ មន្ទីបក្ស បុស្ត៍នគរបាលឃុំម៉ាស៊ីនភ្លើង នៅតែបន្តចុះជួយ ប្រជាពលរដ្ឋដែលមានជំងឺ ឈឺស្លាប់ នៅក្នុងឃុំទងត្រឡាចផងដែរ ។
ឯកឧត្តម ក៏បានអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋសូមជឿទុកចិត្ត ចំពោះការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទើបឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ដែលសម្ដេចនឹងបន្តដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើន និងថែរក្សាសុខសន្តិភាព ដើម្បីឲ្យពលរដ្ឋរស់នៅប្រកបដោយភាពសុខសាន្ត ៕
ប្រភព៖ក្រុមកាងារបក្សខេត្តកំពង់ចាម