មន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបងប្រជែងដណ្តើមបានមេដាយច្រើនជាងគេក្នុងការប្រកួតកីឡាវាយសីសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣
(ភ្នំពេញ)៖ មន្ទីរអប់រំយុវជន និងកីឡាខេត្តបាត់ដំបង ប្រជែងដណ្តើមបានមេដាយមាសច្រើនគេសរុបចំនួន ៤គ្រឿង មេដាយមាស២ ប្រាក់១និងមេដាយសំរិទ្ធ១គ្រឿង ខណៈមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ និងមន្ទីរអប់រំយុវជននិងកីឡាសៀបរាប ឈរនៅចំណាត់លេខ២ប្រជែងបានមេដាយសរុបចំនួន៣គ្រឿងដូចគ្នា មេដាយមាស១ ប្រាក់១និង សំរិទ្ធ១គ្រឿង និង មន្ទីរអប់រំយុវជននិងកីឡាខេត្តត្បូងឃ្មុំឈរនៅចំណាត់ថ្នាក់លេខ៤ដណ្តើមបានមេដាយ៣គ្រឿង មេដាយមាស១ និងមេដាយសំរិទ្ធ២គ្រឿង។
តាមរបាយការណ៍ ឯកឧត្តម ធិន សៅ អគ្គហិរញ្ញញឹក សហព័ន្ធកីឡាវាយសីកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ការប្រកួតកីឡាវាយសីសិស្សមធ្យមសិក្សាថ្នាក់ឆ្នាំ២០២៣នេះ សម្រាប់កីឡាវាយសីដំណើរការប្រកួតចាប់ពីថ្ងៃទី៦និងបញ្ចប់នៅថ្ងៃទី៩មានមន្ទីររាជធានី-ខេត្តចូលរួមសរុបចំនួន១១ ដោយធ្វើការប្រកួតប្រជែងលើ៥វិញ្ញាសារួមមាន វិញ្ញាសាប្រកួតវាយគូបុរស វិញ្ញសាប្រកួតវាយគូនារី វិញ្ញាសាប្រកួតវាយគូចម្រុះបុរស នារី វិញ្ញាសាប្រកួតឯកក្តជន និងវិញ្ញាសាប្រកួតឯកក្តជននារី។
អគ្គហិរញ្ញញឹកខាងលើ បានគូសបញ្ជាក់ទៀតថា ការប្រកួតដែលបានដំណើរការរយៈពេល៤ថ្ងៃកន្លងទៅនេះ គឺមានកិច្ចសហការល្អពីប្រធានប្រតិភូ គ្រូបង្វឹក និងកីឡាករកីឡាការិនីទាំងអស់ បានគោរពវិន័យ និងបទបញ្ជាបច្ចេកទេសបានត្រឹមត្រូវ។ រីឯចៅក្រមអាជ្ញាកណ្តាលប្រកាន់ភ្ជាប់នូវភាពយុត្តិធម៌មិនលំអៀង ទើបជំរុញឲ្យការប្រកួតប្រព្រឹត្តិបានយ៉ាងរលូនតាំងពីចាប់ផ្តើមរហូតបញ្ចប់ការប្រកួត។
ឯកឧត្តម កុសល សុណ្ណវិសាល អនុប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា មានប្រសាសន៍លើកឡើងថា ការប្រកួតកីឡាវាយសីសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣ បានបង្ហាញឲ្យឃើញច្បាស់ពីការគាំទ្រយក ចិត្តទុកដាក់ និងការទំនុកបំរុងដល់វិស័យកីឡាវាយសីពីក្រសួងអប់រំ យុវជន និងកីឡា និងភាគីដែលពាក់ព័ន្ធព្រមទាំងថ្នាក់ដឹកនាំក្លឹបកីឡាវាយសីទាំងអស់ ដែលចូលរួមសហការរៀបចំប្រកួតនៅទីនេះ និងការ ខិតខំបំពេញការងាររបស់មន្ត្រីសហព័ន្ធកីឡាវាយសីកម្ពុជា ក៏ដូចជាគណៈកម្មការរៀបចំការប្រកួតទាំងមូល រួមទាំងចៅក្រមអាជ្ញាកណ្តាលទាំងអស់ ដែលបានខិតខំ ប្រឹងប្រែងយកអស់ស្មារតីបំពេញភារកិច្ចប្រកបដោយ ជោគជ័យ។ លទ្ធផលក្នុងថ្ងៃនេះ បង្ហាញ ពីភាពរីកចម្រើននៃវិស័យកីឡាវាយសីនៅកម្ពុជា ការប្រកួតនៅទីនេះបានបើកផ្លូវបន្ថែមមួយទៀតនៃជំហានឆ្ពោះ ទៅមុខរបស់វិស័យកីឡាវាយសីកម្ពុជា ដើម្បីជ្រើសរើសយកថ្នាលល្អៗ មកបណ្ដុះជាកីឡាករ-ការិនីមានទេព កោសល្យខ្ពស់ក្នុងពេលអនាគត។ ឯកឧត្តម អនុប្រធាន ក៏បានផ្ដាំផ្ញើដល់ប្អូនៗ ក្មួយៗកីឡាករជ័យលាភី និងអ្នកមិនទាន់ដណ្ដើមបាន មេដៃក្តី សូមកុំអាក់អន់ស្រពន់ចិត្ត ត្រូវដាក់ចិត្តហ្វឹកហាត់ ឲ្យបានទៀងទាត់ជាប្រចាំ ដើម្បីអភិវឌ្ឍខ្លួនឲ្យក្លាយជា កីឡាករមានសិទ្ធផលខ្ពស់ ទាំងកីឡាករ គ្រូបង្វឹក និង ចៅក្រុមអាជ្ញាកណ្តាល ដើម្បីមានលទ្ធភាព សមត្ថភាព គ្រប់គ្រាន់ទទួលធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡានា ពេលខាងមុខជាបន្តបន្ទាប់ទៀត។នាឱកាសនោះ
ឯកឧត្តមបានរំលេចផងដែរថា សហព័ន្ធកីឡាវាយសីកម្ពុជាតែងតែរៀបចំការប្រកួត មួយចំនួនតាមកាលវិភាគប្រចាំឆ្នាំទាំងក្នុងប្រទេស និងក្រៅប្រទេស ក្នុងគោលបំណងបង្កើនគុណភាពសមត្ថភាពកីឡាករកីឡាការិនីរបស់យើង និងជម្រុញការហ្វឹកហាត់ឲ្យបានច្រើនជាងមុន។ តាមរយៈការហ្វឹកហាត់ លោកគ្រូ កបង្វឹកអាចណែនាំ និងបង្ហាត់បង្ហាញអំពីសីលធម៌ វិន័យដើម្បីតម្រែតម្រង់កីឡាករ អោយប្រកាន់ភ្ជាប់នូវភាពថ្លៃថ្នូរ មាន Fair – Play ជាដើម។ ចូលរួមគ្រប់ការប្រកួតគឺដើម្បីជ័យជំនះ ត្រូវឈ្នះដោយស្អាតស្អំនិងថ្លៃថ្នូ ហើយការ ប្រកួតជាវេលាដែល អាចបញ្ជាក់ច្បាស់បាននូវកម្រិតសមត្ថភាពរបស់កីឡាករ-ការិនី៕
អត្ថបទ ៖ ជាវ ចន្ធូ