មេបញ្ជាការសឹករងកំពង់ធំ ណែនាំគណៈកម្មការរៀបចំដំណើរការបាញ់ស៊ីបគ្រាប់ពិត ឱ្យបំពេញភារកិច្ចទទួលបានសុវត្ថិភាព និងលទ្ធផលល្អ

អត្ថបទដោយ៖
ប៊ុន រដ្ឋា

(កំពង់ធំ)៖ ក្នុងកិច្ចប្រជុំដើម្បីប្រុងប្រៀបការរៀបចំកិច្ចការធានាផ្សេងៗ សម្រាប់ដំណើរការបាញ់ស៊ីបគ្រាប់ពិតប្រភេទអាវុធAK47 និងប្រុងប្រៀបពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នប្រចាំឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១២កញ្ញា ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៃយោធភូមិភាគទី៤ បានណែនាំដល់គណៈកម្មការគ្រប់គ្រងវគ្គ មេបញ្ជាការអង្គភាព ការិយាល័យ និងស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំដំណើរការបាញ់ស៊ីបគ្រាប់ពិតប្រភេទអាវុធ AK47 ដោយបំពេញតាមភារកិច្ចរៀងៗខ្លួន ឱ្យទទួលបានសុវត្ថិភាព និងលទ្ធផលល្អ ហើយត្រូវត្រួតពិនិត្យបណ្ដាកិច្ចការផ្សេងៗ បម្រើឲ្យការបិទវគ្គហ្វឹកហ្វឺនបំប៉នប្រចាំឆ្នាំ២០២៣ តាមផែនការ ដែលបានគ្រោងទុកឲ្យទទួលបានជោគជ័យ ។

លោកអនុសេនីយ៍ឯក ឈា ពិសិដ្ឋ នាយ ការិយាល័យហ្វឹកហ្វឺន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរាយការណ៍អំពីលទ្ធផលនៃការហ្វឹកហ្វឺនរៀនសូត្រ រយៈពេលជាង២ខែ ដែលមានសិក្ខាកាមហ្វឹកហ្វឺនរៀនសូត្រចំនួន ១០០នាក់ និងក្រុមគ្រូយោធាចារ្យ រួមទាំងក្រុមបម្រើការមានចំនួន ១០នាក់ សរុប១១០នាក់ ដែលនឹងត្រូវរៀបចំការបាញ់ស៊ីបគ្រាប់ពិតប្រភេទអាវុធ AK47 នៅពេលខាងមុខនេះ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការកោតសរសើរ ចំពោះគណៈកម្មការគ្រប់គ្រងវគ្គ ក្រុមគ្រូយោធាចារ្យ និងសិក្ខាកាមទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ហ្វឹកហ្វឺនរៀនសូត្រតាមកម្មវិធី ដែលបានគ្រោងទុក ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ៕

ដោយ ប៊ុន រដ្ឋា

ads banner