អាជ្ញាធរជាតិអប្សរាឆ្លើយតបទៅនឹងការផ្សាយរបស់វិទ្យុអាស៊ីសេរី

អាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា នាព្រឹកថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ វិទ្យុអាស៊ីសេរី បានផ្សព្វផ្សាយព័ត៌មានតាមរយៈបណ្តាញទំនាក់ទំនងសង្គម នូវខ្លឹមសារស្តីពី “អង្គការលើកលែងទោសអន្តរជាតិ ស្នើគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ពិនិត្យមើលការបណេ្តញចេញដោយបង្ខំនៅតំបន់អង្គរ។ ដើម្បីឱ្យសាធារណជនជ្រាបច្បាស់នូវព័ត៌មានពិតជាក់ស្ដែង ចៀសវាងការយល់ច្រឡំតាមការផ្សព្វផ្សាយដែលមានខាងលើ អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ជូនដូចខាងក្រោម៖
១-ក្នុងពេលថ្មីៗនេះ អាជ្ញាធរជាតិអប្សរាបានទទួលនូវសំណើសុំកិច្ចសម្ភាសន៍តាម Zoom ពីអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ស្តីពីការបម្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋទៅកាន់តំបន់ធម្មជាតិរុនតាឯក។ ទទួលបានសំណើនេះ អាជ្ញាធរជាតិអប្សរា ក៏បានស្នើសូមឱ្យអង្គការលើកលែងទោសអន្តរជាតិ (Amnosty Intimational) ឬអ្នកតំណាងអញ្ជើញមកជួប ពិភាក្សាជាមួយអាជ្ញាធរជាតិអប្សរានៅទីតាំងផ្ទាល់នៅតំបន់អង្គរ និងតំបន់ធម្មជាតិរុនតាឯកតែម្តង ប្រសើរជាងការទទួលបានព័ត៌មានចម្ងាយរាប់ពាន់គីឡូម៉ែត្រពីស្ថានភាពជាក់ស្ដែង។ ជាការគួរឱ្យសោកស្ដាយដោយសំណើរបស់អាជ្ញាធរជាតិអប្សរា ពុំទទួលបានការយល់ព្រមពីអង្គការលើកលែងទោសអន្តរជាតិ(Amnesty International) នោះឡើយ។
២-ប្រធានបទនៃការបម្លាស់ទីប្រជាពលរដ្ឋនេះត្រូវបានសិក្សា ពិភាក្សាក្នុងកិច្ចប្រជុំ ICC-Angkor នាខែធ្នូ ឆ្នាំ២០២២ និងខែមិថុនា ឆ្នាំ២០២៣ ព្រមទាំងផ្ញើរបាយការណ៍ទៅមជ្ឈមណ្ឌល បេតិកភណ្ឌពិភពលោកជារៀងរាល់ពេល។ អាជ្ញាធរជាតិអប្សរាសូមបញ្ជាក់ជូនថា សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតក្រុមការងារតម្រង់ទិស ដើម្បីដោះស្រាយបញ្ហា សំណង់ខុសច្បាប់ និងបញ្ហាដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវបានអនុវត្តដោយឈរលើមូលដ្ឋានច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិ ដែលក្នុងនោះតម្រូវឱ្យអាជ្ញាធរជាតិអប្សរា ជាសេនាធិការ មានកាតព្វកិច្ចគ្រប់គ្រង និងទប់ស្កាត់ការចូលកាន់កាប់ដោយខុសច្បាប់ សំដៅរក្សាឱ្យបាននូវតម្លៃលេចធ្លោជាសកលនៃតំបន់រមណីយដ្ឋានអង្គរ ល័ក្ខខ័ណ្ឌជាសារវន្ត នៃការបញ្ចូលតំបន់អង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាឆ្នាំ១៩៩២។ ក្នុងន័យនេះ ដីធ្លី នានាក្នុងតំបន់១និង២ ជាតំបន់ការពារកម្រិតខ្ពស់នៃរមណីយដ្ឋានអង្គរ ហើយទីតាំងនេះជា សម្បត្តិសាធារណៈរបស់រដ្ឋ ការរីករាលដាលនៃសំណង់ពុំស្របច្បាប់ក្នុងតំបន់ទាំងពីរនេះ បានស្ថិតក្នុងកម្រិតមួយដែលអាចប៉ះពាល់ដល់តម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋាន។ ការផ្លាស់ប្ដូរទីតាំងប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានពុំស្របច្បាប់ត្រូវបានសិក្សា និងដាក់ចេញនូវវិធានការគាំទ្រដោយរាជរដ្ឋាភិបាលតាំងពីអាណត្តិទី៦ និងជាបន្តរហូតដល់បច្ចុប្បន្ន ដើម្បីអនុញ្ញាតឱ្យបងប្អូនទាំងនោះអាចមានទីលំនៅស្របច្បាប់ មានប័ណ្ណកម្មសិទ្ធិច្បាស់លាស់ និងការគាំពារ សង្គមរយៈពេល១០ឆ្នាំ នៅលើទីតាំងតំបន់អភិវឌ្ឍន៍ប្រកបដោយផាសុកភាព និងសុខុមាលភាព អមដោយហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តចាំបាច់ដូចជា ផ្លូវ អគ្គិសនី ទឹកស្អាត ប្រព័ន្ធទូរគមនាគមន៍ សាលារៀន មន្ទីរពេទ្យ ផ្សារ វត្តអារ៉ាម និងមណ្ឌលសេវាសាធារណៈរបស់ស្រុក (ស្រុកបន្ទាយស្រី)។
៣-អាជ្ញាធរជាតិអប្សរា សូមជម្រាបជូនសាធារណមតិមេត្តាជ្រាបថា ការថែរក្សាការពាររមណីយដ្ឋានអង្គរ ពុំមានត្រឹមតែប្រាសាទបុរាណនោះឡើយ ប្រពៃណីទំនៀមទម្លាប់របស់អ្នកស្រុកដើម បរិស្ថាន ខ្សែទឹកក្រោមដី សំណល់បុរាណវិទ្យាធំៗ ដែលពុំទាន់បានរុករកនៅឡើយ គឺជាភារកិច្ចរបស់អង្គភាពជំនាញអាជ្ញាធរជាតិអប្សរា ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា និងក៏ជាកាតព្វកិច្ច របស់កូនខ្មែរគ្រប់ៗរូប ដែលត្រូវរួមគ្នាថែរក្សាតម្លៃលេចធ្លោជាសកលនៃរមណីយដ្ឋាននេះទុកជាកេរមរតកសម្រាប់កូនខ្មែរជំនាន់ក្រោយជាយូរលង់តទៅ។

ដើម្បីទទួលបានព័ត៌មានពិតជាក់លាក់ពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលស្ថិតក្រោមសមត្ថកិច្ចគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា សូមមេត្តាទំនាក់ទំនងមកអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា និងក្រុមជំនួយការផ្នែកច្បាប់របស់អាជ្ញាធរជាតិអប្សរា រៀងរាល់ម៉ោងធ្វើការនៅស្នាក់ការអាជ្ញាធរជាតិអប្សរា និង សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មានតាមការគួរ៕

ads banner