ខេត្តកោះកុង នឹងមានតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរបន្ថែមទៀត
កោះកុង៖ មន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលខេត្តកោះកុង បានឱ្យដឹងថា នាពេលឆាប់ៗខាងមុខនេះ រាជរដ្ឋាភិបាលនឹងរៀបចំឱ្យមានតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរបន្ថែមទៀត ដែលមានទីតាំងនៅស្រុកបទុមសាគរ។
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានប្រាប់ឱ្យនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ថា ការបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចនៅក្នុងខេត្តកោះកុងផ្ទាល់ ដោយតំបន់សេដ្ឋកិច្ចទាំងនោះបានបង្កើតការងារជាច្រើនជូនពលរដ្ឋ។

លោកបានឱ្យដឹងទៀតថា បច្ចុប្បន្ន ខេត្តកោះកុងមានតែតំបន់សេដ្ឋកិច្ចមួយប៉ុណ្ណោះ ដែលបានបង្កើតតាំងពីឆ្នាំ២០០៧ គឺតំបន់សេដ្ឋកិច្ចពិសេសនាងកុក មានទីតាំងនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ប៉ុន្តែរាជរដ្ឋាភិបាល មានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសពីរទៀត ដែលស្ថិតនៅស្រុកបទុមសាគរ។
លោក សុខ សុទ្ធី បានបញ្ជាក់ថា ៖ «តំបន់សេដ្ឋកិច្ចពិសេសពីរទៀតនេះ នឹងធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចខេត្តកោះកុងកាន់តែមមាញឹក។ អាជ្ញាធរខេត្តស្វាគមន៍ និងគាំទ្រ ចំពោះអ្នកវិនិយោគទាំងឡាយ ដែលមានបំណងចង់មកបើករោងចក្រសហគ្រាសនៅក្នុងខេត្តរបស់យើង ដែលយើងនឹងបង្កលក្ខណៈងាយស្រួលឱ្យបានច្រើនដល់វិនិយោគិន ធ្វើយ៉ាងណា ឱ្យគាត់មានទំនុកចិត្តមកលើរាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តរបស់យើង»។

ជាមួយគ្នានេះដែរ កាលពីថ្ងៃទី១១ ខែកញ្ញា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបំពេញទស្សនកិច្ចពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ក្នុងខេត្តព្រះសីហនុ នាតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី។
នាឱកាសនោះឯកឧត្តមបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ក្រោយពីលោកបានពិភាក្សាការងារជាមួយខាងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសរួចមក លោកទទួលបានដំណឹងល្អមួយ ថាតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី នឹងបើកសាខាទី២របស់ខ្លួននៅខេត្តកោះកុង ដែលជាតំបន់សេដ្ឋកិច្ចពិសេសមួយ ក្នុងចំណោមសេដ្ឋកិច្ចពីរថ្មី ដែលរាជរដ្ឋាភិបាលគ្រោងរៀបចំបង្កើតនៅខេត្តកោះកុង។

ឯកឧត្តម ស៊ុន ចាន់ថុល បានថ្លែងថា ខាងក្រុមហ៊ុនបញ្ជាក់ថា ដោយសារតែសេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី នៅខេត្តព្រះសីហនុនោះ មានទំហំតែ១៣០ហិកតា និងមានរោងចក្រសហគ្រាសកំពុងដំណើរការពេញហើយ។ ដូចនេះខាងក្រុមហ៊ុនត្រូវការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយទៀត ដើម្បីទាក់ទាញអ្នកវិនិយោគមកថ្មីៗទៀត។
ឯកឧត្តមបន្តថា ៖ «ខាងក្រុមហ៊ុនមានគម្រោងនឹងបើកតំបន់សេដ្ឋកិច្ចពិសេសទី២របស់ខ្លួន នៅលើផ្ទៃដី១.០០០ហិកតា នៅខេត្តកោះកុង។ នេះជាការបង្ហាញពីការយកចិត្តទុកដាក់ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលយើង ទើបគេហ៊ានបោះទុនវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសបែបនេះ»។
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារូបនេះបានបន្តទៀតថា បន្ទាប់ពីមានតំបន់សេដ្ឋកិច្ចពិសេសហើយ តួនាទីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) គឺជាអ្នកសម្របសម្រួល ត្រូវធ្វើយ៉ាងណាទាក់ទាញអ្នកវិយោគឱ្យមកបង្កើតក្រុមហ៊ុនរោងចក្រសហគ្រាសនៅទីនេះឱ្យច្រើន ក៏ដូចជាការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសផ្សេងៗទៀត។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ពុជា យល់ឃើញថា វាជារឿងចាំបាច់ ក្នុងការបង្កើតតំបន់សេដ្ឋកិច្ចពិសេសឱ្យបានច្រើន ជាពិសេសការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមព្រំដែន ថៃ វៀតណាម ជាដើម ដើម្បីវិនិយោគិនងាយស្រួលផលិតសម្រាប់ការនាំចេញ។
អ្នកឧកញ៉ាប្រាប់ដូចនេះថា ៖ «និយាយជារួម មានតំបន់សេដ្ឋកិច្ចកាន់តែច្រើនកាន់តែល្អ ជាពិសេសនៅតាមតំបន់ព្រំដែនរបស់យើង ដោយសារផលិតផលកសិកម្មយើងភាគច្រើននាំចេញទៅតាមប្រទេសទាំងនេះ។ ដូចនេះការមានតំបន់សេដ្ឋកិច្ច ដែលប្រមូលផ្តុំដោយរោងចក្រសហគ្រាសកែច្នៃ យើងចំណេញច្រើនលើការដឹកជញ្ជូន ថែមទាំងបង្កើតការងារជូនពលរដ្ឋយើងនៅតាមតំបន់ព្រំដែនផងដែរ»។
បើតាមឯកឧត្តម ស៊ុន ចាន់ថុល អ្វីដែលបញ្ហារបស់អ្នកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ, តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី គឺបញ្ហាតម្លៃឡូជីស្ទិករបស់កម្ពុជា គឺខ្ពស់ជាងប្រទេសជិតខាង។
នាឱកាសបំពេញទស្សនកិច្ចនោះ ឯកឧត្តមក៏បានរំលេចឡើងដែរថា រាជដ្ឋាភិបាលបានរៀបចំផែនការមេស្តីពីវិស័យឡូជីស្ទីកនេះរួចរាល់ហើយ ដោយក្នុងគម្រោងនឹងមានការជំរុញឱ្យតម្លៃឡូជីស្ទិកនេះមានភាពប្រកួតប្រជែងជាមួយជិតខាងបាន។ ម្យ៉ាងវិញទៀត ឯកឧត្តមក៏ស្នើដល់វិនិយោគិនបរទេសទាំងអស់ សូមស្វែងដៃគូវិនយោគនៅកម្ពុជាឱ្យបានត្រឹមត្រូវ ជាពិសេសត្រូវស្វែងរកការពិភាក្សា និងប្រឹក្សាយោបល់ពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាឱ្យច្បាស់លាស់ ជៀសវាងការជ្រើសរើសដៃគូវិនិយោគខុស នាំឱ្យមានការខាតបង់៕ ដោយ៖ វណ្ណ សុជាតា