ឯកឧត្តម ម៉ប់ សារិន កោតសរសើរ អាជ្ញាធររាជធានីភ្នំពេញ លើការពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរ

(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម ម៉ប់ សារិន បានសម្តែងនូវការកោតសរសើរចំពោះ គណៈអភិបាលរាជធានីភ្នំពេញ និងកងកម្លាំង ប្រដាប់អាវុធទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការរួមចំណែក លើការពង្រឹងសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅរាជធានីភ្នំពេញអោយកាន់តែមានភាពប្រសើរឡើង។

ការកោតសរសើរបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ កញ្ញាឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ក្រោមវត្តមាន ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ម៉ប់ សារិន បានមានប្រសាសន៍ថា៖ នៅខែសីហា ឆ្នាំ២០២៣កន្លងមកនេះ គណៈអភិបាលរាជធានីភ្នំពេញ ពិសេសមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ កងកម្លាំង ប្រដាប់អាវុធ និងប្រជាជនរាជធានីភ្នំពេញ បានខិតខំចូលរួមយ៉ាងសកម្ម តាមភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ រហូតសម្រេចបានលទ្ធផលរីកចម្រើនលើគ្រប់វិស័យ។ តាមរយៈសមិទ្ធផលទាំងនេះ ពិតជាបានរួមចំណែកពង្រឹងសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនរាជធានីភ្នំពេញកាន់តែមានភាពប្រសើរឡើង។

បន្ថែមពីនេះ ឯកឧត្តម ម៉ប់ សារិន ក៏បានកោតសរសើរផងដែរ ចំពោះសមត្ថកិច្ច ដែលបានខិតខំ បង្ក្រាបបទល្មើស គ្រឿងញៀនបាន ៤៧ករណី ឃាត់ខ្លួនបាន ៧៣នាក់ ស្រាវជ្រាវបង្ក្រាបក្មេងទំនើង- ជនទំនើងបាន ៧៣ករណី ឃាត់ខ្លួនបាន ១៣២នាក់ ព្រមទាំងបានធ្វើកិច្ចសន្យាអប់រំបញ្ឈប់សកម្មភាព ក្នុងខែសីហានេះ។

ឯកឧត្តម មាន ចាន់យ៉ាដា លើកឡើងថា៖ ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញនេះ គឺពិតជាការលើកទឹកចិត្ត ដើម្បីឱ្យអាជ្ញាធររាជធានីភ្នំពេញ អនុវត្តការងារកាន់តែល្អប្រសើរថែមទៀត ។

បន្ថែមពីនេះ ក្នុងនាមឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានស្នើអោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់តាមដានស្ថានភាពទឹកភ្លៀងនិងជំនន់ទឹកស្ទឹងព្រែកត្នោត បើទោះបីឆ្នាំនេះទឹកមិនធំក្តី តែយើងត្រូវយកចិត្តទុកដាក់ត្រៀមទុកជាមុន ពោលគឺមានបញ្ហាយើងបានត្រៀមទុកជាមុនស្រេច។ ចំពោះខណ្ឌទាំង១៤ក៏ត្រូវបន្តយកចិត្តទុកដាក់ផងដែរ ចំពោះការលិចលង់ដោយជំនន់ទឹកភ្លៀងនៅក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសខណ្ឌនៅកណ្តាលក្រុង ត្រូវយកចិត្តទុកដាក់ក្នុងការប្រមូលសំរាមចេញពីមាត់លូ ៕

ដោយ ហេង សម្បត្តិ + ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner