សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យវិនិយោគិនជប៉ុន វិនិយោគលើវិស័យសំខាន់ៗពីរ គឺការបង្កើតរោងចក្រកែច្នៃ និងបច្ចេកវិទ្យាកម្រិតខ្ពស់ ដូចជារោងចក្រតម្លើងរថយន្តជាដើម

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីបំណងចង់ឱ្យវិនិយោគិនជប៉ុន វិនិយោគលើវិស័យសំខាន់ៗពីរ គឺការបង្កើតរោងចក្រកែច្នៃ និងបច្ចេកវិទ្យាកម្រិតខ្ពស់ ដូចជារោងចក្រតម្លើងរថយន្ត គ្រឿងបង្គុំអេឡិចត្រូនិច និងថាមពលជាដើម ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមាន៧មករា ។

ឯកឧត្តមប្រធានសមាគមកម្ពុជា-ជប៉ុន បានរាយការណ៍ជូន សម្តេចតេជោ អំពីលទ្ធផលការងារដែលសមាគមសម្រេចបានកន្លងមក និងការត្រៀមរៀបចំការបាញ់កាំជ្រួច ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ដោយសហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ។

ឯកឧត្តមប្រធានសមាគម ក៏បានជម្រាបជូនអំពីការត្រៀមអញ្ជើញវិនិយោគិនជប៉ុន ជាពិសេសសហគ្រាស ធុនតូច និងមធ្យម (SMEs) មកវិនិយោគលើផ្នែកសំខាន់ៗនៅកម្ពុជា ដូចដែលឯកឧត្តម បានសន្ទនាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ជាកិច្ចឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្ត និងឆ្លើយតបជាវិជ្ជមានចំពោះការគាំទ្រលើការវិនិយោគស្របតាមច្បាប់វិនិយោគកម្ពុជា ហើយបានបញ្ជាក់អំពីគោលបំណងចង់ឱ្យវិនិយោគិនជប៉ុន វិនិយោគលើវិស័យសំខាន់ៗពីរ រួមមាន៖ (១) ការបង្កើតរោងចក្រ ដើម្បីកែច្នៃវត្ថុធាតុដើមដែលមានស្រាប់នៅកម្ពុជា និង (២) បច្ចេកវិទ្យា កម្រិតខ្ពស់ ដូចជារោងចក្រតម្លើងរថយន្ត គ្រឿងបង្គុំអេឡិចត្រូនិច និងថាមពលជាដើម។

សម្តេចតេជោ បានផ្តល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ហើយចាត់ទុកថា ជាស្ពានឬស្សីដែលត្រូវថែរក្សាសម្រាប់ការតភ្ជាប់ ទោះបីជាយើងមានស្ពានបេតុង ដែលជាទំនាក់ទំនងការទូតល្អ រវាងរដ្ឋនិងរដ្ឋ ក៏ដោយ ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានរំលឹកដល់ភាគីមិត្តអំពីទស្សនវិស័យនៃការកសាងសន្តិសុខស្បៀងនៅតំបន់ទន្លេមេគង្គ ដើម្បីផ្គត់ផ្គង់ខ្សែច្រវ៉ាក់ផលិតកម្ម និងគំនិតផ្តួចផ្តើមនៃការបង្កើតសមាគមបណ្តាប្រទេសនាំចេញអង្ករ ដើម្បីរក្សាស្ថិរភាពថ្លៃ និងមានការឯកភាពគ្នាក្នុងការផ្គត់ផ្គង់នៅលើទីផ្សារ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត , សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner