អ្នកជំនាញ គាំទ្រកំណែទម្រង់ក្នុងការជ្រើសរើសមន្ត្រីរាជការ ហើយស្នើអនុវត្តឱ្យបានម៉ឹងម៉ាត់
(ភ្នំពេញ)៖ កំណែទម្រង់ការប្រឡងរើសមន្ត្រីរាជការ ឬហៅថា ប្រឡងក្របខណ្ឌ ទទួលបានការសាទរច្រើនពីអ្នកជំនាញ និងមជ្ឈដ្ឋានទូរទៅ។ ពួកគេថា ការផ្លាស់ប្តូរនេះ នឹងនាំជួយឱ្យសង្គមយើង នឹងមានអ្នកចេះពិតប្រាកដចូលបម្រើការងាររាជការបានកាន់តែច្រើន តែក៏មានការស្នើអនុវត្តការងារឱ្យបានម៉ឹងម៉ាត់ផងដែរ ។
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរាឱ្យដឹងថា កំណែទម្រង់នេះ នឹងផ្ដល់ឱកាសដល់យុវជនគ្រប់វណ្ណៈដែលមានសមត្ថភាព អាចចូលបម្រើការរាជការបាន។ លោកថា រាជបណ្ឌិត្យសភាកម្ពុជា បានចាប់ផ្តើមកែទម្រង់លើការជ្រើសរើសមន្ត្រី នឹងបានប្រឡងចំនួន ៣ដងមកហើយ ដោយផ្អែកទៅលើសមត្ថភាពពិតប្រាកដ ពោលគឺ «ចេះ គឺជាប់»។

ទន្ទឹមនឹងការគាំទ្រនេះ លោកបណ្ឌិត ក៏បានសំណូមពរដល់រាជរដ្ឋាភិបាល អនុវត្តនូវកម្មវិធីកំណែទម្រង់ក្នុងការជ្រើសរើសមន្ត្រីរាជការនេះឱ្យបានប្រាកដប្រជា ព្រោះវាផ្ដល់ឱកាសដល់ការប្រកួតប្រជែងដោយសមធម៌ ហើយជ្រើសរើសអ្នករាជការដែលប្រកបដោយគុណភាព នៃការអប់រំវិជ្ជាជីវៈដោយតម្លាភាព ។

ដោយឡែក លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវនិងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា បានលើកឡើងថា ដើម្បីបម្រើសេវាឱ្យបានល្អប្រសើរ គឺត្រូវការអ្នកមានសមត្ថភាពពិតប្រាកដ រួមទាំងចំណេះដឹង និងទស្សនវិស័យបម្រើផលប្រយោជន៍សង្គម។ លោកសង្ឃឹមថា ការលើកឡើងរបស់នាយករដ្ឋមន្ត្រីថ្មី នឹងជំរុញឱ្យមានការអនុវត្តក្នុងក្របខណ្ឌទូទាំងប្រទេស ហើយនៅពេលអនាគតប្រទេសយើង នឹងទទួលបានមន្ត្រីរាជការសាធារណៈដែលមានសមត្ថភាពពិតប្រាកដ។

គួររំលឹកថា ជារៀងរាល់ឆ្នាំ ក្រសួង និងស្ថាប័នរដ្ឋនានាតែងជ្រើសរើសមន្ត្រី ដោយបែងចែកជា១១ប្រភេទរួមបញ្ចូលទាំង មន្ត្រីរាជការស៊ីវិល, មន្ត្រីជាប់កិច្ចសន្យា, គ្រូបង្រៀន និងមន្រី្តឆ្មាំទំនប់ប្រព័ន្ធធារាសាស្រ្តជាដើម ។ ការរើសនាពេលកន្លងមក គឺធ្វើឡើងតាមរបៀបរបបឬនីតិវិធីរបស់ក្រសួង ឬស្ថាប័នផ្ទាល់។ នេះបើយោងតាមឯកឧត្តម យក់ បុណ្ណា នាយកសាលាភូមិន្ទរដ្ឋបាល និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ។

ប៉ុន្តែចាប់ពីពេលនេះទៅ ការជ្រើសរើសមន្ត្រីរាជការនឹងត្រូវធ្វើឡើងតាមយន្តការរួមមួយ ដែលស្រដៀងនឹងការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប៉ុន្តែត្រូវមានគណកម្មការជាតិរួមមួយ ដើម្បីគ្រប់គ្រងការប្រឡងជ្រើសរើសមន្ត្រីរាជការថ្នាក់ជាតិ។ ឯកឧត្តម យក់ បុណ្ណាបញ្ជាក់បន្ថែម។
ជាការចាប់ផ្តើមកំណែទម្រង់នេះ រាជរដ្ឋាភិបាល បានផ្អាកការប្រឡងជ្រើសរើសមន្ត្រីមន្ត្ររាជការចូលក្របខណ្ឌរដ្ឋ សម្រាប់ឆ្នាំ២០២៣ ហើយរង់ចាំនីតិវិធីថ្មី ដែលនឹងចាប់ផ្ដើមអនុវត្តក្នុងឆ្នាំ២០២៤។ បើតាមឯកឧត្តម យក់ បុណ្ណា រដ្ឋាភិបាល មានគម្រោងរើសមន្ត្រីក្របខណ្ឌរដ្ឋជិត ៤០០០នាក់នៅឆ្នាំ២០២៣ ដោយក្នុងនោះ ៣០០០នាក់ ក្រោមក្រសួងអប់រំ និង១០០០នាក់ទៀត នៅក្រសួងផ្សេងៗ ។
ទន្ទឹមនឹងរាជរដ្ឋាភិបាលប្រកាសធ្វើកំណែទម្រង់ដូច្នេះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ សង្កត់ធ្ងន់ថា ដើម្បីអាចក្លាយជាមន្ត្រីរាជការ «មិនចាំបាច់ត្រូវស្គាល់អ្នកធំ មិនចាំបាច់ត្រូវមានខ្សែ តែត្រូវមានសមត្ថភាព» ។

សូមរំលឹកថា ក្នុងឱកាសចុះជួបកម្មករជិត ២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៩កញ្ញា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសធ្វើកំណែទម្រង់ការប្រលងចូលក្របខណ្ឌរដ្ឋ ដោយឈរលើគោលការណ៍ «ចេះ គឺជាប់»។ លើសពីនេះ សម្តេចមហាបវរធិបតី ក៏បានផ្ញើសារជាសំឡេងមួយ ដោយផ្អាកជាបន្ទាន់ នូវការប្រឡងជើងរើសមន្រ្តីក្របខណ្ឌថ្មី ក្នុងនោះ ក៏មានផ្អាកផងដែរនូវផែនការរើសមន្រ្តី ឆ្នាំ២០២៣ ដើម្បីកែសម្រួលនីតិវិធីប្រឡងឡើងវិញ៕

ដោយ វណ្ណលុក