លោក ពូទីន ទទួលយកការអញ្ជើញរបស់លោក គីម ទៅទស្សនកិច្ចកូរ៉េខាងជើង

មូស្គូ៖ លោក វ្ល៉ាឌីមៀ ពូទីន បានយល់ព្រមទទួលយកការអញ្ជើញទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង ខណៈដែលគាត់ និងលោក គីម ជុងអ៊ុន បានសាទរនូវកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរ ក្នុងអំឡុងជំនួបទ្វេភាគីនៅរុស្ស៊ី។

លោក គីម បានទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ចំពេលដែលលោក ពូទីន ស្វែងរកការពង្រឹងសម្ព័ន្ធភាពជាមួយមេដឹកនាំផ្សេងៗ ដោយសារការរារាំងពីប្រទេសលោកខាងលិច។ បន្ទាប់ពីជំនួបរវាងមេដឹកនាំទាំងពីរកាលពីថ្ងៃពុធសប្តាហ៍នេះ លោក គីម ជុងអ៊ុន បានអញ្ជើញលោក ពូទីន ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងនាពេលខាងមុខ នេះបើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA។

ជាការឆ្លើយតប លោក ពូទីន បានយល់ព្រមទទួលយកការអញ្ជើញដោយក្តីរីករាយ ហើយបានបញ្ជាក់ជាថ្មីនូវឆន្ទៈរបស់គាត់ ក្នុងការបន្តទៅមុខជានិច្ចចំពោះប្រវត្តិសាស្ត្រ និងប្រពៃណីនៃមិត្តភាពរុស្ស៊ី និងកូរ៉េខាងជើង។

លោក គីម បានប្រាប់លោក ពូទីន ថា គាត់ជឿជាក់ថា រុស្ស៊ីនឹងសម្រេចមហាជោគជ័យលើសត្រូវរបស់ខ្លួន ខណៈលោក ពូទីន បានប្រាប់លោក គីម វិញថា គាត់មើលឃើញលទ្ធភាព សម្រាប់កិច្ចសហប្រតិបត្តិការយោធាជាមួយកូរ៉េខាងជើង និងថា ទីក្រុងមូស្គូអាចជួយទីក្រុងព្យុងយ៉ាងបង្កើតផ្កាយរណប៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner