សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នឹងចូលរួមពិព័រណ៌ អាស៊ាន-ចិន លើកទី២០ នៅប្រទេសចិន
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នឹងចូលរួមពិព័រណ៌ អាស៊ាន-ចិន លើកទី២០ នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤-១៧ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជួបសំដែងការគួរសមដោយឡែកពីគ្នាជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនចិន។

កិច្ចពិភាក្សានឹងផ្លាស់ប្តូរទស្សនៈលើប្រធានបទមួយចំនួន រួមមាន៖ ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងកិច្ចការតំបន់ និងអន្តរជាតិដែលផ្តល់ផលប្រយោជន៍រួម។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម លី ឈាង អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះ នាយករដ្ឋមន្ត្រីទាំងពីរក៏នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការមួយចំនួនផងដែរ។

បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមពិព័រណ៌ អាស៊ាន- ចិន លើកទី២០ នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងណាននីង តំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី ។
ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រីបានឲ្យដឹងថា នៅក្នុងពេលបំពេញទស្សនកិច្ចនៅទីក្រុងណាននីង នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី សម្ដេចធិបតីក៏មានកម្មវិធីបន្ថែមមួយចំនួនផងដែរក្នុងនោះរួមមាន៖ សម្ដេចនាយករដ្ឋមន្ត្រី នឹងទទួលជួបសម្ដែងការគួរសមដោយឯកឧត្តម លី នីង អគ្គលេខាធិការបក្សតំបន់ស្វយ័ត្នជនជាតិជាំងក្វាងស៊ី ហើយនិងអញ្ជើញចូលរួមពិធីបើកពិព័រណ៍អាស៊ាន-ចិន លើកទី២០ ព្រមទាំងអញ្ជើញកាត់ខ្សែបូរណ៌សម្ពោធពន្លាជាតិកម្ពុជា និងសម្ពោធស្តង់ពិព័រកម្ពុជាផងដែរ។

បន្ថែមពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អមដោយគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក៏អញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម នៅក្នុងក្របខណ្ឌនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់ (RCEP) លើកទី៣ ។
គណៈប្រតិភូអញ្ជើញអមដំណើរសម្ដេចធិបតី ហ៊ុន ម៉ាណែត រួមមាន៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាសហប្រធានខាងភាគីកម្ពុជា នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន, ឯកឧត្តមសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស ព្រមទាំងឯកឧត្តម លោកជំទាវ ជារដ្ឋមន្ត្រីតាមក្រសួង-ស្ថាប័នសំខាន់ៗ, រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រួមជាមួយគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដែលដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ផងដែរ ៕




អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ និង វ៉េង លីមហួត