អង្គការផ្កាយសមុទ្រ និង AIA ប្រកាសជាផ្លូវការ អំពីរការបន្តភាពជាដៃគូ តាមរយៈកីឡា និងការអប់រំ
(ភ្នំពេញ)៖ អង្គការផ្កាយសមុទ្រកម្ពុជា និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនិងសុខភាពAIA បានប្រកាសជាផ្លូវការអំពីការបន្តភាពជាដៃគូរយៈពេល៣ឆ្នាំចាប់ពីឆ្នាំ២០២៤ដល់ឆ្នាំ២០២៦តាមរយៈកីឡានិងការអប់រំ។ពីធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាក្នុងភាពជាដៃគូសហការគ្នានេះ បានធ្វើឡើង ក្រោមវត្តមាន លោក ស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រកម្ពុជា និង លោក Andrew Lohនិយកប្រតិបត្តិក្រុមហ៊ុន AIAកម្ពុជា។
លោក ស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រកម្ពុជា បានមានប្រសាសន៍ថា ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ក្នុងការបន្តសហការភាពជាដៃគូដែលមានរយៈពេល៣ឆ្នាំទៅមុខទៀតនេះ ក្រុមហ៊ុនអេអាយអេកម្ពុជាបន្តជួយឧបត្ថម្ភកម្មវិធីបាល់ទាត់AIA – ISF Youth League និងផ្តល់ជូននូវធានារ៉ាប់រងអាយុជីវិតទាំងអស់ដល់បុគ្គលិកអង្គការផ្កាយសមុទ្រកម្ពុជាទាំងអស់។ លោក ប្រធានអង្គការ បញ្ជាក់ទៀតថា អង្គការផ្កាយសមុទ្របានចាប់ដៃគូសហការជាមួយក្រុមហ៊ុនអេអាយអេកម្ពុជាចាប់តាំងពីឆ្នាំ២០០៧មកម្លេះលើកម្មវិធីបាល់ទាត់វិលជុំ AIA – ISF Youth Leagueដែលបានផ្តល់ឱកាសឲ្យកុមារាកុមារីចូលរួមលេងបាល់ទាត់ក្នុងមួយឆ្នាំ១០០០នាក់។ សម្រាប់កិច្ចសហការក្នុងភាពជាដៃគូបន្តទៀតនេះ មានរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២៤ដល់ឆ្នាំ២០២៦។
លោក ស្រី បន្ថែមថា ក្នុងកិច្ចសហការភាពជាដៃគូនេះ ក្រុមហ៊ុនអេអាយអេមិនមែនជួយតែលើវិស័យកីឡានោះទេ ពោលមានទាំងកម្មវិធីអប់រំផងដែរ។
លោក Andrew Loh នាយកប្រតិបត្តិក្រុមហ៊ុនអេអាអេកម្ពុជា បានថ្លែង បញ្ជាក់ថា រយៈពេលជាច្រើនឆ្នាំនៃកិច្ចសហការដ៏សំខាន់មួយនេះ គឺពិតបាននាំមកនូវការផ្លាសប្តូរជាវិជ្ជមានរាប់មិនអស់ក្នុងជីវិតកុមារ និងសហគមន៍ជាច្រើននៅកម្ពុជា។ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនិងសុខភាពអេអាយអេកម្ពុជានៅតែមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តរួមចំណែកបង្កើតភាពវិជ្ជមានក្នុងសង្គមឲ្យកាន់តែច្រើនបន្ថែមទៀតនៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។
សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនិង សុខភាពអេអាយកម្ពុជា តែងតែរួមចំណែកយ៉ាងសស្រាក់សស្រាំក្នុងការជួយបំផុសផ្នត់គំនិតកុមារឲ្យមានទម្លាប់រសនៅមានសុខភាពល្អ ដែលជាទ្វារបើកទៅកាន់អនាគតដ៏ត្រចេះត្រចង់សម្រាប់កុមារនិងយុវជនជាច្រើនផងដែរ។ចាប់តាំងពីអេអាយអេបានមកបោះទីតាំងនៅកម្ពុជា ចាប់ពីឆ្នាំ២០០៧មក៕
រូបភាព និងអត្ថបទ ៖ ជាវ ចន្ធូ