នាយកវិទ្យាល័យទួលទំពូង ចេញមុខឆ្លើយបំភ្លឺ ករណីឲ្យសិស្សជួយ ចេញថ្លៃទឹកភ្លើងម្នាក់ ២ម៉ឺនរៀល បើមិនបង់នាំគ្នាទៅរៀនក្រោមដើមឈើ

ភ្នំពេញ៖ លោក កុយ សេដា នាយកវិទ្យាល័យទួលទំពូង នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានបកស្រាយបំភ្លឺ ជុំវិញផ្ទុះរឿងរ៉ាវ «គ្រូវិទ្យាល័យទួលទំពូងម្នាក់ រងការចោទប្រកាន់ថា ឲ្យសិស្សជួយចេញថ្លៃទឹកភ្លើង ម្នាក់២ម៉ឺនរៀល បើមិនបង់ទេ នាំគ្នាទៅរៀនក្រោមដើមឈើទៅ» ដោយលោកបាននិយាយជាមួយសិស្សានុសិស្សឲ្យជួយបង់ថវិកាថ្លៃទឹកភ្លើង ម្នាក់២ម៉ឺនរៀលសម្រាប់ ៨ខែ ។ ហើយករណីសិស្សមិនបង់ថវិកា ឲ្យទៅរៀនក្រោមដើមឈើនោះ វាជាពាក្យសម្ដីរបស់លោកនាយករង ម៉ី សាម៉ុន បាននិយាយលេងសើចជាមួយសិស្ស និងគ្រូទេ ។

លោកនាយកវិទ្យាល័យទួលទំពូង បានបញ្ចាក់ថា ការរៃអង្គាសប្រាក់នេះ គឺមានការប្រជុំយល់ព្រម ឯកភាពពីសំណាក់មាតាបិតាសិស្សចាប់តាំងពីដើមឆ្នាំសិក្សាមកម្ល៉េះ ដោយឯកភាពក្នុងសិស្សមួយនាក់ ត្រូវសុំជំនួយឧបត្ថម្ភមួយខែ ស្មើ២,៥០០រៀល ។ ថវិកានេះ គឺដើម្បីទ្រទ្រង់លើការខ្វះខាត ក្នុងការចំណាយលើសេវាអគ្គិសនី ទឹក សម្រាម ក្នុងមួយឆ្នាំសិក្សា ។

លោកនាយក ក៏បានបញ្ចាក់ទៀតថា សាលាបានប្រជុំឯកភាព ដោយមានការចូលរួមពីសំណាក់លោកប្រធានគណៈកម្មការទ្រទ្រង់
សាលា មាតាបិតាអ្នកអាណាព្យាបាលសិស្ស គឺសិស្សក្រីក្រ ជួបការលំបាក យើងមិនទទួលថវិកានេះទេ។ ចំពោះមាតាបិតាសិស្ស ដែលមានកូនរៀននៅទីនេះ ចាប់ពីពីរនាក់ឡើងទៅ សាលាតម្រូវអោយបង់តែមួយនាក់តែប៉ុណ្ណោះ ។

តាមការអះអាងរបស់កូនសិស្សថ្នាក់ទី១១ វេនល្ងាច បាននិយាយថា អ្នកដែលទៅប្រមូលលុយនោះ គឺលោកគ្រូនាយករងសាលាវិទ្យាល័យទួលទំពូង ព្រមទាំងនិយាយថា បើមិនបង់លុយទេ នាំគ្នាទៅរៀននៅក្រោមដើមឈើទៀតផង ពេលនោះកូនសិស្សថ្នាក់ខ្លះ បានបង់លុយ ស្ទើរគ្រប់ៗគ្នា ឯកូនសិស្សខ្លះទៀត ប្រាប់ថា ចាំថ្ងៃស្អែក ព្រោះចាំសុំលុយពីម៉ែឪ សិន ។

កូនសិស្សថ្នាក់ទី១១ និយាយទៀតថា លោកគ្រូនាយករងនោះ បានកំណត់ថា ត្រូវប្រមូលលុយយ៉ាងយូរត្រឹមថ្ងៃសៅរ៍ ខាងមុខនេះ ហើយលោកគ្រូដែលទៅទារលុយនោះ បានប្រាប់ទៀតថា ដោយសារសាលាគ្មានលទ្ធភាពបង់ថ្លៃទឹកភ្លើង ពោលគឺជំពាក់លុយទឹកភ្លើងយូរមកហើយ បើមិនបង់អោយគេទេ អគ្គិសនី នឹងមកកាត់ផ្តាច់ភ្លើងសាលាមិនខាន ៕

ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner