ប្រធានាធិបតីចិន ៖ ចំណងមិត្តភាពរបស់កម្ពុជា-ចិន ប្រៀបបីដូចជាដើមឈើមួយដើមដ៏ធំ ដែលបានចាក់ឫសយ៉ាងជ្រៅ និងរឹងមាំ

ភ្នំពេញ៖ ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) បានបញ្ជាក់ថា ចំណងមិត្តភាពរបស់កម្ពុជា-ចិន ប្រៀបបីដូចជាដើមឈើមួយដើមដ៏ធំ ដែលបានចាក់ឫសយ៉ាងជ្រៅ និងរឹងមាំ ហើយប្រជាជាតិទាំងពីរទទួលបាននូវផ្លែផ្កាមិន​អាច​កាត់​ថ្លៃបានជារៀងរហូតមក។ ឯកឧត្តមប្រធានាធិបតី ជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ចំណងមិត្តភាព និងសាមគ្គីភាពរបស់​ប្រទេសទាំងពីរ នឹងបន្តរីកលូតលាស់ ហើយកាន់តែរឹងមាំថែមទៀត។ នេះជាការបញ្ជាក់របស់ឯកឧត្តម ស៊ី ជីនពីង នៅក្នុងជំនួបពិភាក្សា​ការងារ​ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅមហាវិមាន​ប្រជាជន នៃរដ្ឋធានីប៉េកាំង។

នៅក្នុងជំនួបនេះ ឯកឧត្តម ស៊ី ជីនពីង បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងយ៉ាងស្និទ្ធស្នាលបំផុត ព្រមទាំងបានគូសបញ្ជាក់ថា ចំណង​មិត្តភាពរបស់កម្ពុជា-ចិន ប្រៀបបីដូចជាដើមឈើមួយដើមដ៏ធំ ដែលបានចាក់ឫសយ៉ាងជ្រៅ និងរឹងមាំ ហើយប្រជាជាតិទាំងពីរទទួលបាននូវ​ផ្លែផ្កា​មិនអាចកាត់ថ្លៃបាន ជារៀងរហូតមក។ ឯកឧត្តមប្រធានាធិបតី ក៏បានថ្លែងនូវការអបអរសាទរជូនចំពោះ សម្តេចធិបតី ដែលត្រូវ​បានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃរាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ហើយ ឯកឧត្តមប្រធានាធិបតី ជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ចំណងមិត្តភាព និងសាមគ្គីភាពរបស់ប្រទេសទាំងពីរ នឹងបន្តរីកលូតលាស់ ហើយកាន់តែរឹងមាំ​ថែមទៀត។

ឯកឧត្តមប្រធានាធិបតី ក៏បានឆ្លៀតយកឱកាសដ៏ប្រពៃនេះ ផ្តាំផ្ញើនូវការនឹករលឹក និងក្តីស្រឡាញ់ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រផងដែរ, ដែលកន្លងមកបានពុះពារ និងជម្នះគ្រប់ឧបសគ្គ និងសម្ពាធខាងក្រៅគ្រប់យ៉ាង ដើម្បីរក្សា និងពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេសទាំងពីរ។

ជាកិច្ចឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ពីសំណាក់ថ្នាក់ដឹកនាំចិន ជាពិសេស ពីសំណាក់ ឯកឧត្តមប្រធានាធិបតី នៅក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ។ សម្ដេចធិបតី បានពាំនាំនូវសេចកី្តនឹករលឹក និងការសួរសុខទុក្ខ​ពីសំណាក់ សម្ដេចតេជោ ជូនចំពោះមិត្តចាស់របស់ សម្ដេចតេជោ និងជាពិសេសជូនចំពោះ ឯកឧត្តមប្រធានាធិបតី ។សម្ដេចធិបតី ក៏បាន​ថ្លែងអំណរគុណផងដែរ ចំពោះប្រទេស និងប្រជាជនចិន ដែលតែងយកចិត្តទុកដាក់ និងស្វាគមន៍យ៉ាងកក់ក្ដៅថ្វាយចំពោះការយាងដំណើរ​មកព្យាបាលព្រះរោគារបស់ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅរដ្ឋធានីប៉េកាំង។ កម្ពុជាសូមវាយតម្លៃខ្ពស់ ចំពោះកាយវិការដ៏ប្រពៃមិនអាច​កាត់​ថ្លៃ​បាននេះ ។

ជាកិច្ចបន្ទាប់ សម្ដេចធិបតី និងឯកឧត្តមប្រធានាធិបតី បានពិភាក្សាអំពីការបន្តរក្សាគោលនយោបាយប្រកបដោយមេត្រីភាព រវាងប្រទេស​ទាំងពីរ។ ជាក់ស្តែង ឯកឧត្តមប្រធានាធិបតី បានបញ្ជាក់ថា ចិននៅតែជាមិត្តដ៏ល្អ និងនៅតែបន្តជួយកម្ពុជាលើមាគ៌ានៃការអភិវឌ្ឍសេដ្ឋកិច្ច ហើយដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នាពេលនេះ នឹងនាំមកនូវជោគជ័យបន្ថែមទៀត នៃការសម្រេចឱ្យបាននូវការ​កសាង​សហគមន៍វាសនារួម ក្នុងយុគសម័យថ្មី រវាងកម្ពុជា-ចិន។ ជាមួយគ្នានេះ សម្ដេចធិបតី បានជម្រាបជូន ឯកឧត្តមប្រធានាធិបតី អំពីជំហរ​គោលនយោបាយរបស់កម្ពុជាចំពោះចិន ជាពិសេស ការបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោល-នយោបាយចិនមួយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់បន្ថែមអំពីទំនាក់ទំនងកម្ពុជា-ចិនដ៏យូរអង្វែង ដែលប្រជាជាតិទាំងពីរ កំពុងបានទទួលនូវ​ផ្លែផ្កាលើគ្រប់វិស័យ ជាពិសេសសេដ្ឋកិច្ច និងការអប់រំ។ ការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃ ជាការពិត គឺមិនអាចកាត់ផ្ដាច់​ចេញបានពីការគាំទ្រ និងកិច្ចសហការពីសំណាក់មិត្តចិនឡើយ ដូចមានការគាំទ្ររបស់ចិន នៅក្នុងកាលៈទេសៈដ៏លំបាកនៃការ​ប្រយុទ្ធ​ប្រឆាំងនឹងជំងឺកូវីដ-១៩ជាដើម។ ក្នុងន័យនេះសម្ដេចធិបតី បានគូសរំលេចជូន ឯកឧត្តមប្រធានាធិបតី អំពីទិសដៅ និងវិស័យនៃកិច្ចសហ​ប្រតិបត្តិការសម្រាប់ពេលអនាគតរវាងប្រទេសទាំងពីរ ដូចជា វិស័យថាមពល, សន្តិសុខស្បៀង, និងវិនិយោគជាដើម។សម្ដេច​ធិបតី​បាន​ស្នើភាគីចិនបន្ត គាំទ្រដល់ការធានាសន្តិសុខថាមពល និងសន្តិសុខស្បៀងរបស់កម្ពុជា និងបានអរគុណចំពោះការ​នាំ​ចូលអង្ករ និងផលិត​ផលកសិកម្មផ្សេងទៀតពីកម្ពុជាផងដែរ។ សម្ដេចធិបតី ក៏បានអរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមករបស់ចិន ក្នុងការជំរុញ និងការ​លើកទឹកចិត្តឱ្យវិនិយោគិនចិន មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេស នៅក្នុងវិស័យគន្លឹះអាទិភាព ដែលមានឧត្តម​ប្រយោជន៍​ដល់ប្រជាជនកម្ពុជា។

មុននឹងបញ្ចប់, ឯកឧត្តមប្រធានាធិបតី បានបញ្ជាក់ជូន សម្ដេចធិបតី ជាថ្មីថា ចិនបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើគ្រប់វិស័យ ដោយ​មិនមានការប្រែប្រួលឡើយ ហើយចិនប្តេជ្ញាថានឹងការពារយុត្តិធម៌ជូនប្រជាជាតិទាំងពីរពីការប៉ុនប៉ងក្នុងផ្លូវអវិជ្ជមានណាមួយ។ ជាទីបញ្ចប់

ឯកឧត្តមប្រធានាធិបតីបញ្ជាក់ថា ចិនត្រៀមខ្លួនទទួលស្វាគមន៍ជានិច្ចនូវដំណើរទស្សនកិច្ចរបស់ សម្ដេចតេជោ ហ៊ុន សែន ដែលជាមិត្ត​ចាស់របស់ ឯកឧត្តម គ្រប់ពេលវេលា, និងសូមជូនពរ សម្ដេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់បន្តបំពេញទស្សនកិច្ចផ្លូវការ ប្រកបដោយ​ជោគជ័យ និងសូមធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕ដោយ៖ពលជ័យ

ads banner