ឯកឧត្តម ប៉ាន សូរស័ក្តិ៖ ជ័យលាភីសម្រាប់កីឡាប្រណាំងទូកនាគ ពឹងផ្អែកលើកត្តាសំខាន់ៗចំនួនពីរ

អត្ថបទដោយ៖
Kien Sereyvuth

(ស្វាយរៀង)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា ការខិតខំហ្វឹកហាត់ជាប្រចាំ និងការតស៊ូព្យាយាមគោរពវិន័យ ជាមួយបទដ្ឋានបច្ចេកទេសបានល្អ គឺជាកត្តាសំខាន់ដែលនាំឱ្យកីឡាករ កីឡាការិនី ទទួលបានជ័យលាភី នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ជ្រើសរើសជើងឯកភូមិភាគវាលរាប «ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី១»។

នាឱកាសអញ្ជើញជាអធិបតីភាព ពិធីបិទព្រឹត្តិការណ៍កីឡាប្រណាំងទូកនាគ នៅតាមដងទន្លៃវ៉ៃគោ នៃក្រុងស្វាយរៀង កាលពីរសៀលថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្តិ បានវាយតម្លៃខ្ពស់ចំពោះសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដែលបានសហការជាមួយអាជ្ញាធរខេត្ត រៀបចំកម្មវិធីប្រកួតកីឡាខាងលើ និងវគ្គបណ្តុះបណ្តាលជំនាញប្រណាំងទូកប្រពៃណី “ទូកនាគ” ទូកកានូ-កាយ៉ាក់ ប្រកបដោយជោគជ័យ។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គពិធី អំពីសមិទ្ធផលផ្នែកសង្គម និងវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចជាតិ នៅក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាបច្ច័យនាំឱ្យកម្ពុជា ទទួលបានការកោតសរសើរ និងទំនុកចិត្តខ្ពស់ពីមជ្ឈដ្ឋានអន្តរជាតិ ក្នុងការធ្វើជាម្ចាស់ផ្ទះ សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) នៅក្នុងឆ្នាំ២០២៣ ខាងមុខ។

ទន្ទឹមគ្នានោះដែរ ដើម្បីធ្វើឱ្យកីឡាទូកគ្រប់ប្រភេទ (ទូកកានូ ទូករ៉ូអ៊ីង និងទូកប្រពៃណី «ទូកនាគ») នៅកម្ពុជា កាន់តែមានភាពរីកចម្រើនទាំងបរិមាណ និងគុណភាព ឯកឧត្តម ប៉ាន សូរស័ក្តិ បានផ្តល់អនុសាសន៍មួយចំនួន ដល់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដូចខាងក្រោម៖

១. ត្រូវខិតខំបើកវគ្គបណ្តុះបណ្តាល និងបង្កើនបរិមាណកីឡាករ-កីឡាការិនី នៅតាមបណ្តាសមាគម កីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ ទូករ៉ូអ៊ីង ទូទាំងប្រទេស។
២. ត្រូវមានធនធាន និងសម្ភារហ្វឹកហាត់ឱ្យបានគ្រប់គ្រាន់ ជាអាទិ៍ សមាគមកីឡាទូករាជធានី/ខេត្ត និងក្រសួង/ស្ថាប័ន ចាំបាច់ត្រូវមានទូកប្រចាំសមាគម ដើម្បីងាយស្រួលហ្វឹកហាត់ និងចូលរួមប្រកួតថ្នាក់ភូមិភាគ និងថ្នាក់ជាតិ ព្រោះកីឡាទូកទាំងបីប្រភេទនេះ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យចូលរួមប្រកួតនៅក្នុងកីឡាជាតិ លើកទី៣ (3rd National Games) ចាប់ពីឆ្នាំ២០២០ តទៅ។
៣. ត្រូវពង្រឹងសមត្ថភាពអាជ្ញាកណ្តាល និងចៅក្រម ឱ្យកាន់តែប្រសើរ ទាំងបរិមាណ និងគុណភាព ដើម្បីអាចម្ចាស់ការ រៀបចំការប្រកួតបាននៅគ្រប់កម្រិត។
៤. ត្រូវជំរុញឱ្យមានការហ្វឹកហាត់ជាប្រចាំ និងការប្រកួតឱ្យបានច្រើន នៅតាមបណ្តាសមាគមទូទាំងប្រទេស។
៦. ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធ ក្លឹប និងសមាគម ហើយត្រូវខិតខំស្វែងរកដៃគូសហការ និងក្រុមហ៊ុនឧបត្ថម្ភ ដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួតប្រចាំឆ្នាំ ឱ្យបានច្រើនតាមដែលអាចធ្វើបាន។

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner