សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើផ្នែកពាណិជ្ជកម្ម ការវិនិយោគ ព្រមទាំងការបង្កើនជើងហោះហើរត្រង់ទៅកម្ពុជា

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យតំបន់ស្វយ័តជន ជាតិជាំងក្វាងស៊ី ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើផ្នែកពាណិជ្ជកម្ម ការវិនិយោគ ការផ្ដល់ការគាំទ្រដល់ផលិតផល កសិកម្មកម្ពុជា ព្រមទាំងការបង្កើនជើងហោះហើរត្រង់ រវាងតំបន់ស្វយ័ត ជន ជាតិជាំងក្វាងស៊ី និង ប្រទេសកម្ពុជា។ នេះបើតាមខ្លឹមសារនៃ ជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម លាវ នីង (Liu Ning) លេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃសៅរ៍ ទី១៦ កញ្ញា ២០២៣ ។

ក្នុងឱកាសនេះសម្តេចធិបតី បានស្វាគមន៍ចំពោះ ឯកឧត្តម លាវ នីង លេខាធិការ បក្សតំបន់ ស្វយ័តជនជាតិជាំងក្វាងស៊ី និងគណៈប្រតិភូ ដែលបានចូលជួប សម្តែងការគួរសម ។ បន្ទាប់ពីបានសម្តែងនូវការអបអរសាទរចំពោះតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ដែលបានធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២០, សម្តេចធិបតី បានអរគុណចំពោះការ ទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ ប្រកបដោយភាតរភាព ពីសំណាក់ថ្នាក់ ដឹកនាំ និង ប្រជាជន នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ចំពោះ វត្តមានរបស់ សម្ដេចធិបតី និងគណៈប្រតិភូកម្ពុជា ។

ឯកឧត្ដមលេខាធិការបក្ស បានសម្តែងនូវអំណរគុណចំពោះ សម្តេច ធិបតី ដែលបានអនុញ្ញាតឱ្យ ឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែង ការគួរសម និងបានអបអរសាទរចំពោះ សម្តេចធិបតី ដែលត្រូវ បានជ្រើស តាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ នីតិកាលទី៧ នៃរដ្ឋសភា ។ ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ពិតជាមានមោទនភាព និង កិត្តិយសដ៏ឧត្តុង្គឧត្តម ដែលបានទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ច ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ របស់ សម្តេចធិបតី និងគណៈប្រតិភូ ។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះ សម្ដេចធិបតី ដែលបានជ្រើសរើស យកប្រទេសចិន ជាប្រទេសទី១ សម្រាប់បំពេញទស្សនកិច្ចផ្លូវការ ក្រោយពីសម្ដេចធិបតី ចូលកាន់ តំណែងជានាយករដ្ឋមន្ត្រី ។

បន្ទាប់មក, ឯកឧត្ដម លេខាធិការបក្ស បានគោរពរាយការណ៍ជូន សម្ដេច ធិបតី អំពីសក្តានុពល ឧត្ដមភាព និងភាពខ្លាំងនៃតំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី ព្រមទាំងអំពីកិច្ចសហប្រតិបត្តិការដែល តំបន់ស្វយ័ត មាន ជាមួយប្រទេសកម្ពុជា និងកំពុងស្វែងរកលទ្ធភាព បន្ថែមផ្សេងទៀត ។ គិតមកត្រឹម ពេលនេះ, តំបន់ស្វយ័តជនជាតិជាំង ក្វាងស៊ី មានកិច្ចសហប្រតិបត្តិការជាច្រើនជាមួយប្រទេសកម្ពុជា នៅក្នុង វិស័យពាណិជ្ជកម្ម កសិកម្ម សុខាភិបាល បច្ចេកវិទ្យា ការអប់រំ កីឡា និងការបណ្តុះបណ្តាល ធនធានមនុស្ស ។

ជាការឆ្លើយតប សម្ដេចធិបតី បានសម្តែងនូវអំណរគុណចំពោះ ការអបអរសាទរ និងចំពោះការ រាយការណ៍ និងអំពីកិច្ចសហ ប្រតិបត្តិការដែលតំបន់ស្វយ័ត មានជាមួយប្រទេសកម្ពុជា ។ សម្ដេចធិបតី ក៏ បានវាយតម្លៃខ្ពស់ ចំពោះការរីកលូតលាស់ និងការវិវឌ្ឍសេដ្ឋកិច្ចរបស់តំបន់ស្វយ័ត ដែលប្រៀបបីដូចជា ចលករសេដ្ឋកិច្ចដ៏សំខាន់មួយរបស់ប្រទេសចិន ។

ឆ្លៀតក្នុងឱកាសនេះ សម្ដេចធិបតី ក៏បានជម្រាបជូនឯកឧត្ដម លេខាធិការបក្ស និងគណៈប្រតិភូ អំពីដំណើរទស្សនកិច្ចផ្លូវការប្រកប ដោយ ជោគជ័យរបស់ សម្តេចធិបតី នៅរដ្ឋធានីប៉េកាំង ដែល សម្តេច ធិបតី បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង (XI Jinping), ឯក ឧត្តមប្រធានសភាតំណាង ប្រជាជនទូទាំង ប្រទេស ឡឺជី (Zhao Lij) និង ឯកឧត្តមនាយករដ្ឋមន្តី លី ឈាង (Li Giang) ។ ដំណើរទស្សនកិច្ចផ្លូវការនេះ បានជួយជំរុញឱ្យទំនាក់ទំនង និង កិច្ចសហ- ប្រតិបត្តិការកម្ពុជា-ចិន កាន់តែរីកលូតលាស់ និងរឹងមាំ ថែមមួយកម្រិតទៀត ។

ក្នុងទិសដៅបម្រើផលប្រយោជន៍ឱ្យប្រជាជាតិទាំងពីរកាន់តែប្រសើរឡើង សម្ដេចធិបតី បាន ស្នើឱ្យតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេស ពង្រឹង និង ពង្រីកបន្ថែម លើផ្នែកពាណិជ្ជកម្ម ការវិនិយោគ ការផ្ដល់ការគាំទ្រ ដល់ផលិតផលកសិកម្ម កម្ពុជា ការផ្តល់សេវាថែទាំសុខភាពសាធារណៈ ការជំរុញអភិវឌ្ឍវិស័យទេសចរណ៍ ការពង្រីកការ បណ្តុះបណ្តាល វិជ្ជាជីវៈ ការអប់រំ និងកីឡា ព្រមទាំងការបង្កើនជើងហោះហើរ ត្រង់រវាងតំបន់ស្វយ័តជន ជាតិជាំងក្វាងស៊ី និង ប្រទេសកម្ពុជា ។ ជាមួយគ្នានេះ, សម្តេចធិបតី ក៏ស្នើឱ្យ ឯកឧត្តមលេខាធិការបក្ស ពិនិត្យលទ្ធភាពពន្លឿនដំណើរការនៃការរៀបចំនីតិវិធីចុះអនុស្សរណៈនៃការយោគយល់គ្នា នៃកិច្ចសហ ប្រតិបត្តិការរួមគ្នា ស្តីពីការសាងសង់ សួន ឧស្សាហកម្មកម្ពុជា-ចិន (Cambodia-China Industrial Parks) ដែលនឹងផ្តោតការយកចិត្តទុកដាក់លើសេដ្ឋកិច្ចឌីជីថល (digital economy) និងកសិកម្ម វៃឆ្លាត (smart agriculture)។

មុននឹងឆ្លើយតបចំពោះការស្នើរបស់ សម្តេចធិបតី ឯកឧត្ដម លេខាធិការបក្ស បានអរគុណ ចំពោះ សម្តេចធិបតី ដែលបាន ជូនពរឱ្យការរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២០ ប្រកបដោយ ជោគជ័យ និងបានគោរពជម្រាបជូន សម្តេចធិបតី អំពីការពិនិត្យ លទ្ធភាពបង្កើនជើងហោះហើរត្រង់ពី តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ទៅកាន់ប
ប្រទេសកម្ពុជា ដោយឯកឧត្តមនឹងចាប់ផ្តើមពិភាក្សាការងារ ជាមួយភាគីពាក់ព័ន្ធទាំងនៅចិន និងទាំងនៅកម្ពុជា ។

ជាកិច្ចបញ្ចប់សម្ដេចធិបតី បានជូនពរជាថ្មីឱ្យតំបន់ស្វយ័ត ជនជាតិជាំងក្វាងស៊ី ទទួលបាន ជោគជ័យត្រចះត្រចង់ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ចិន-អាស៊ាន លើកទី២០ ។ ឯកឧត្តម លេខាធិការបក្ស ក៏បានអរគុណ និងបានជូនពរឱ្យ សម្ដេចធិបតី និងគណៈប្រតិភូកម្ពុជា បំពេញ ទស្សនកិច្ចនៅប្រទេសចិន ប្រកបដោយជោគជ័យ និងបានជូនពរឱ្យការធ្វើដំណើរមាតុភូមិនិវត្តន៍ ប្រកបដោយសុខសុវត្ថិភាព ៕ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner