ប្រតិភូយុវជននៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហមភូមិភាគ អាស៊ីអាគ្នេយ៍ អញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមវេទិកាយុវជន លើក ទី២

ភ្នំពេញ៖កាកបាទក្រហមកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន នៅ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ស្តីពីការអញ្ជើញមកដល់ប្រតិភូយុវជន នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ចូលរួមវេទិកាយុវជនលើកទី២ ។

សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និង សម្តេច កិត្តិ ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នឹងរៀបចំវេទិកាយុវជន លើកទី២ និងកិច្ចប្រជុំថ្នាក់ ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទ ក្រហម អឌ្ឍចន្ទក្រហម – ភូមិភាគអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី១៧-២២ ខែកញ្ញា ។

នៅថ្ងៃទី១៦ ខែកញ្ញាគណៈប្រតិភូយុវជន មកពីសមាគមជាតិចំនួន ១០ ក្នុងភូមិភាគអាស៊ីអាគ្នេយ៍មានចំនួន ២៤នាក់ គ្រូសម្របសម្រួល ៤នាក់ បានមកដល់រាជធានីភ្នំពេញ ដើម្បីចូលរួមវេទិកា យុវជន លើក ទី២ ចាប់ពីថ្ងៃទី១៧-២០ ខែកញ្ញា និងបន្តចូលរួមជាអ្នក សង្កេត ការណ៍ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ ចាប់ពីថ្ងៃទី២១-២២ ខែកញ្ញា។

អនុវត្តតាមអនុសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាកបាទក្រហមកម្ពុជាបានរៀបចំក្រុមការងារយុវជនទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ចគណៈប្រតិភូទាំងអស់ ដោយមានមន្ត្រីទំនាក់ទំនង (LO) សម្រាប់ប្រតិភូយុវជនតាមសមាគមជាតិនីមួយៗ នៅអាកាស យាន ដ្ឋានភ្នំពេញអន្តរជាតិ។

កម្មវិធីវេទិកាយុវជនលើកទី២ រយៈពេលបួនថ្ងៃនេះ មានគោល បំណងផ្តល់ឱកាសដល់យុវជននៃសមាគម ជាតិទាំង ១១ នៅក្នុង ភូមិភាគអាស៊ីអាគ្នេយ៍ ទទួលបានការបណ្តុះបណ្តាលជំនាញ ទំនាក់ទំនង និងការនិយាយជាសាធារណៈក្នុងភាពជាអ្នកដឹកនាំ វ័យក្មេងនាពេលបច្ចុប្បន្ន និងអនាគត ព្រមទាំងពិនិត្យ ពិភាក្សារក បញ្ហាប្រឈមនានា ដែលកំពុងកើតមានឡើង និងរកដំណោះស្រាយ ថ្មីរួមគ្នាក្នុងវិស័យមនុស្សធម៌ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ សាមគ្គីភាពអន្តរជាតិក្នុងចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍ ចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍។ ក្នុងនោះ មាន កម្មវិធីពិសេសមួយ គឺពិធីដាំដើមឈើ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំ ថ្នាក់ដឹកនាំ មានគោលបំណងបណ្ដុះនូវឆន្ទៈ និងក្តីស្រលាញ់ ចំពោះ បរិស្ថាន និងការរួមចំណែកនៃការកាត់បន្ថយហានិភ័យនៃការ ប្រែប្រួល អាកាសធាតុ ជំរុញឱ្យមានកំណើន បរិស្ថានបៃតងថែមទៀតផង។

សេចក្តីប្រកាសបន្តថា ក្រោមការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ កាកបាទ ក្រហមកម្ពុជា សង្ឃឹម យ៉ាងមុតមាំថាគណៈប្រតិភូយុវជន ទាំងអស់ នឹង មានកម្លាំងកាយចិត្តល្អគ្រប់គ្រាន់ក្នុងក្រេបជញ្ជក់ចំណេះដឹង បទពិសោធន៍ ថ្មីបន្ថែម និងចូលរួមឱ្យបាន សកម្មនៅក្នុងវេទិកាយុវជន រយៈពេលបួនថ្ងៃនេះ និងសូមប្រកបដោយសុខុមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្តដោយ ពង្រឹងនូវចំណងមិត្តភាពភូមិភាគអាស៊ីអាគ្នេយ៍រួមគ្នា តាម រយៈការស្នាក់អាស្រ័យក្រោមដំបូលតែមួយក្នុងមួយរយៈ កាលនេះ ៕ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner