វេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលកាកបាទក្រហមកម្ពុជា ធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើម ដំណើរការហើយ
(ភ្នំពេញ)៖ វេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ដែលកាកបាទក្រហមកម្ពុជា ធ្វើជាម្ចាស់ផ្ទះ បានចាប់ផ្តើមដំណើរការនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ហើយ ក្រោមអធិបតីភាព ឯកឧត្ដម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា។

ពិធីនេះបានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជា តំណាងសហព័ន្ធអន្តរជាតិ គ្រូសម្របសម្រួលវេទិកាយុវជន ប្រតិភូយុវជនមកពីសមាគមជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហមទាំង១១ ទីប្រឹក្សានៃក្លឹបយុវជនទាំង ២៤ នៅរាជធានីភ្នំពេញ និងយុវជនកាកបាទក្រហមកម្ពុជា សរុបប្រមាណចំនួន ៨០នាក់។

ជាកិច្ចចាប់ផ្តើម វេទិកាយុវជនលើកទី២ បានស្តាប់និងទស្សនាសារសំឡេងតាមប្រព័ន្ធវីដេអូរបស់ លោកស្រី Kathryn Clarkson ប្រធានប្រតិភូសហព័ន្ធអន្តរជាតិកាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ប្រចាំប្រទេសថៃ ឡាវ កម្ពុជា និងវៀតណាម ដែលបានថ្លែងនូវមតិស្វាគមន៍ ដោយលោកស្រីបានលើកឡើងថា៖ «យុវជនទាំងអស់គឺជាឆ្អឹងខ្នង ដែលធ្វើឱ្យចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ដើរទៅមុខបានដោយរលូន និងបានជោគជ័យក្នុងវិស័យមនុស្សរហូតមកដល់បច្ចុប្បន្ននេះ។ ការបង្កើតឱ្យមានវេទិកាយុវជនលើកទី១ កាលពីឆ្នាំ២០២២ គឺជាភាពជោគជ័យមួយដែលអាចឱ្យយើងឃើញថា យុវជនគឺពិតជាអាចចូលរួមចំណែកក្នុងការសម្រេចចិត្ត និងចូលរួមមតិយោបល់ជាមួយថ្នាក់ដឹកនាំរបស់ខ្លួន។ ដូចនេះទើបមានការស្នើសុំពីយុវជនឱ្យមានការប្រារព្ធនូវវេទិកាយុវជននេះជារៀងរាល់ឆ្នាំ ហើយថ្ងៃនេះគឺជាវេទិកាយុវជនលើកទី២ ដែលជាឱកាសក្នុងផ្ដល់នូវសិទ្ធអំណាចដល់យុវជនទាំង ១១ សមាគមជាតិ បានពិនិត្យពិភាក្សារួមគ្នា ដើម្បីរកដំណោះស្រាយថ្មីក្នុងវិស័យមនុស្សធម៌ និងពង្រឹងកិច្ចសហប្រតិបត្តិការ សាមគ្គីអន្តរជាតិក្នុងចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម។»

ថ្លែងក្នុងឱកាសបើកវេទិកាយុវជនលើកទី២នេះដែរ ឯកឧត្ដម ពិត ចំណាន សមាជិកគណៈកម្មាធិការកណ្ដាល កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងារទ្រទ្រង់សកម្មភាពយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទនិងថ្លែងអំណរគុណចំពោះសហព័ន្ធអន្តរជាតិដែលបានផ្តួចផ្តើមបង្កើតវេទិកានេះ។

ឯកឧត្តមប្រធានគណៈអធិបតី បានសំនូមពរចំពោះប្រតិភូយុវជនទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងដំណេីរការវេទិកាយុវជនលើកទី២នេះ។ ទន្ទឹមនឹងនេះ ក្នុងនាមកាកបាទក្រហមកម្ពុជា ឯកឧត្តម មានសង្ឃឹមយ៉ាងមុតមាំថា ប្រតិភូយុវជនមកពីសមាគមជាតិទាំង ១១ ក្នុងភូមិភាគអាស៊ីអាគ្នេយ៍ នឹងចូលរួមយ៉ាងសកម្មក្នុងការសិក្សាពីគ្នាទៅវិញទៅមក ចែករំលែកចំណេះដឹង បទពិសោធន៍ និងគំនិតច្នៃប្រឌិត ដើម្បីរួមចំណែកដល់ការកែលម្អសហគមន៍ងាយរងគ្រោះ ដែលកំពុងប្រឈមនឹងបញ្ហាក្នុងតំបន់ និងវិបត្តិជាសកល ព្រមទាំងសង្ឃឹមថាប្រតិភូយុវជនទាំងអស់ នឹងទទួលបានបទពិសោធន៍ដ៏មានតម្លៃ និងទទួលបានសុវត្ថិភាព ក្នុងអំឡុងពេលស្នាក់នៅ និងដំណើរកំសាន្តក្នុងព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា វេទិកាយុវជនលើកទី២នេះ នឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខា ភ្នំពេញ ដែលនេះជាឱកាសលើកទីពីរ សម្រាប់យុវជន ដើម្បីជួបជុំគ្នា ផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងវប្បធម៌ ក៏ដូចជាឱកាសដ៏មានតម្លៃសម្រាប់ការស្វែងរកដំណោះស្រាយរួមចំពោះបញ្ហាប្រឈមដែលយុវជនប្រឈមមុខនៅក្នុងចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ គ្រី សម្បត្តិ