រុស្ស៊ីបង្ហាញមេដឹកនាំកូរ៉េខាងជើងនូវមីស៊ីលលឿនជាងសំឡេង និងយន្តហោះទម្លាក់គ្រាប់បែកដែលអាចដឹកគ្រាប់នុយក្លេអ៊ែរ
មូស្គូ៖ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីក្នុងស្រុកបានរាយការណ៍ថា ប្រទេសរុស្ស៊ីកាលពីថ្ងៃសៅរ៍ បានបង្ហាញមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នូវមីស៊ីលលឿនជាងសំឡេង Kinzhal ក៏ដូចជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដែលមានសមត្ថភាពដឹកគ្រាប់នុយក្លេអ៊ែររបស់ខ្លួន ក្នុងអំឡុងទស្សនកិច្ចចុងក្រោយបង្អស់របស់លោក គីម ទៅកាន់រោងចក្រអវកាស យោធា និងបច្ចេកវិទ្យាផ្សេងទៀតនៅតំបន់ចុងបូព៌ារបស់រុស្ស៊ី។
អភិបាលនៃតំបន់ចុងបូព៌ា Primorsky លោក Oleg Kozhemyako បានប្រកាសពីទស្សនកិច្ចរបស់លោក គីម នៅទីក្រុង Artyom ដែលស្ថិតនៅចម្ងាយប្រហែល ៤០ គីឡូម៉ែត្រភាគឦសាននៃទីក្រុងវ្ល៉ាដីវ៉ូស្តុក កាលពីថ្ងៃសៅរ៍។
ក្រោយទៅដល់ក្រុង Artyom លោក គីម បានធ្វើដំណើរទៅកាន់អាកាសយានដ្ឋានវ្ល៉ាដីវ៉ូស្តុក ដែលស្ថិតនៅភាគខាងជើងក្រុង ហើយបានពិនិត្យមើលនូវ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដែលមានសមត្ថភាពផ្ទុកគ្រាប់នុយក្លេអ៊ែររបស់រុស្ស៊ី និងយន្តហោះចម្បាំងផ្សេងទៀត តាមការបង្ហាញរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu និងមន្ត្រីយោធាជាន់ខ្ពស់ផ្សេងទៀត។
យោងតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax លោក គីម បានទៅមើលយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ៣ម៉ូដែល រួមមាន Tu-160, Tu-95 និង Tu-22M3 ដែលរុស្ស៊ីប្រើជាប្រចាំដើម្បីបាញ់មីស៊ីលក្នុងសង្គ្រាមដែលកំពុងបន្តនៅអ៊ុយក្រែន។
តាមការរាយការណ៍បន្តរបស់បណ្ដាញព័ត៌មាន Al Jazeera លោក Shoigu ក៏បានបង្ហាញណែនាំលោក គីម ផងដែរអំពីមីស៊ីលចុងក្រោយបង្អស់របស់រុស្ស៊ី គឺ Kinzhal ដែលជាមីស៊ីលផ្លោងបាញ់តាមអាកាស មានសមត្ថភាពអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ឬក្បាលគ្រាប់ធម្មតាបាន និងអាចធ្វើដំណើរក្នុងល្បឿនលឿនជាងសម្លេងរហូតដល់ ១០ ដង ក្នុងល្បឿន ១២ ០០០ គីឡូម៉ែត្រក្នុងមួយម៉ោង។
គួរបញ្ជាក់ថា ក្នុងទស្សនកិច្ចទៅរុស្ស៊ីចុងក្រោយនេះ លោក គីម បានជួបដោយផ្ទាល់ជាមួយសមភាគីលោក វ៉្លាឌីមៀរ ពូទីន។ អ្នកជំនាញបាននិយាយថា កិច្ចសហប្រតិបត្តិការយោធាដ៏មានសក្តានុពលរវាងរុស្ស៊ី និងកូរ៉េខាងជើង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក គីម អាចរួមបញ្ចូលកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើទំនើបកម្មកម្លាំងទ័ពអាកាសហួសសម័យរបស់ប្រទេសកូរ៉េខាងជើង ដែលពឹងផ្អែកលើយន្តហោះចម្បាំងដែលបញ្ជូនពីសហភាពសូវៀតក្នុងទសវត្សរ៍ឆ្នាំ ១៩៨០។
ក្នុងជំនួបកាលពីថ្ងៃពុធ លោក ពូទីន និងលោក គីម បានពិភាក្សាគ្នាអំពីបញ្ហាយោធា សង្គ្រាមនៅអ៊ុយក្រែន និងការពង្រឹងកិច្ចសហប្រតិបត្តិការ ប៉ុន្តែមេដឹកនាំរុស្ស៊ីបានប្រាប់អ្នកសារព័ត៌មានថា ទីក្រុងមូស្គូនឹង «នឹងមិនបំពានអ្វីទាំងអស់» ដោយសំដៅទៅលើទណ្ឌកម្មលើកូរ៉េខាងជើងរបស់អង្គការសហប្រជាជាតិ។
ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានព្រមានថា រុស្ស៊ីបានឈានទៅមុខក្នុងកិច្ចពិភាក្សាជាមួយកូរ៉េខាងជើង ដើម្បីទទួលបានការកាំភ្លើងធំ និងគ្រាប់រ៉ុក្កែត សម្រាប់យកទៅប្រើនៅអ៊ុយក្រែន៕ ប្រែសម្រួល៖ ហួន ឌីណា