អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំ៖ ស្ថានភាពទឹកស្ទឹងសែន មិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ
កំពង់ធំ៖ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំបាននលើកឡើងថា គិតត្រឹមថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ស្ថានភាពកម្រិតទឹកស្ទឹងសែននៅស្ថានីយកំពង់ធំនៅរក្សាកម្ពស់ ១៣,៤១ម៉ែត្រដដែលនៅឡើយទេ ព្រោះមិនមានភ្លៀងធ្លាក់បន្តទៀត ។ប៉ុន្តែកម្រិតទឹកអាចនឹងឈានដល់ការប្រកាសអាសន្ន បើមានភ្លៀងធ្លាក់ពីរបីថ្ងៃទៅមុខទៀត។

លោក សុក ហៃ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ធំ បានប្រាប់ឱ្យដឹងថា ៖ «ស្ថានភាពទឹកនៅធម្មតា គិតត្រឹមថ្ងៃនេះ ហើយកន្លងមក ខេត្តបានចេញសេចក្តីជូនដំណឹងពីកម្រិតទឹកស្ទឹងសែននៅស្ថានីយកំពង់ធំ មានកម្ពស់ ១៣,៤១ម៉ែត្រ ចំពោះ កម្រិតទឹកត្រូវប្រកាសអាសន្នមានកម្ពស់ ១៣,៥០ម៉ែត្រ»។
លោកបានបញ្ជាក់ថា ទោះជាស្ថានភាពទឹកមិនទាន់មានការប្រែប្រួល និងដល់កម្រិតប្រកាសអាសន្នក៏ដោយ ក៏អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានរៀបចំខ្លួនរួចស្រេចក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងពេលដែលទឹកឡើងដល់កម្រិតប្រកាសអាសន្ន ។

ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ រដ្ឋបាលខេត្តកំពង់ធំ កាលពីថ្ងៃទី១៥ ខែកញ្ញា បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹងសែន ជាពិសេសពលរដ្ឋដែលរស់នៅតំបន់ងាយរងគ្រោះ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រូវរៀបចំសម្ភារៈ ឯកសារសំខាន់ៗ និងស្វែងរកទីទួលសុវត្ថិភាព ដែលនៅក្បែរបំផុត និងរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីមានការលិចលង់ណាមួយកើតឡើង។
សេចក្តីជូនដំណឹងបានបន្តថា រដ្ឋបាលខេត្តក៏បានឱ្យអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ត្រៀមរៀបចំ ផែនការអន្តរាគមន៍ និងត្រូវរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋរងគ្រោះ ម្យ៉ាងវិញទៀត ត្រូវផ្សព្វផ្សាយ ណែនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់លើអនាម័យ ដើម្បីជៀសវាងជំងឺ ឆ្លងផ្សេងៗ។

ប្រភពដដែលបញ្ជាក់ថា ៖ «សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការ ជាមួយអាជ្ញាធរ ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយ នេះឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់»។
ទាក់ទងនឹងកម្រិតទឹកស្ទឹងសែននេះដែរ កាលពីថ្ងៃទី១៦ ខែកញ្ញា ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងថ្នាក់ដឹកនាំមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានចុះពិនិត្យស្ថានភាពផលប៉ះពាល់ដែលបង្កឡើងដោយទឹកជំនន់ស្ទឹងសែន ខេត្តកំពង់ធំ។
ក្នុងឱកាសនៃការចុះពិនិត្យនោះ ដោយពិនិត្យឃើញថា ទឹកស្ទឹងសែនបាននិងកំពុងបន្តកើនឡើងសន្សឹមៗបន្ថែមទៀត ឯកឧត្តម ចាន់ យុត្ថា បានធ្វើការពិភាក្សាជាមួយឯកឧត្តម ងួន រតន: អភិបាលខេត្តកំពង់ធំ ដើម្បីចេញនូវសេចក្តីជូនដំណឹងស្តីពីស្ថានភាពកម្ពស់ទឹកស្ទឹងសែនក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដល់សាធារណជជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ទំនាបអមសងខាងស្ទឹងសែនឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះស្ថានភាពទឹកជំនន់ស្ទឹងសែនផងដែរ។

សូមរម្លឹកថា ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងតាមរយៈសេចក្តីជូនដំណឹងស្ដីពីការព្យាករអាកាសធាតុលើកទី៣ សម្រាប់ឆ្នាំ២០២៣ ថា នៅក្នុងរដូវវស្សាឆ្នាំ២០២៣ នេះបាតុភូតអែលនីណូ(El Nino)បានបង្កើនឥទ្ធិពលជាសកល។ តាមការព្យាករណ៍ ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៣ អត្រាមធ្យមភាគអែលនីណូ នឹងកើនឡើងដល់១០០ភាគរយ។
រដ្ឋមន្រ្តីក្រសួងបានលើកឡើបន្តថា ក្នុងខែកញ្ញានេះ ស្ថានភាពភ្លៀងជាទូទៅធ្លាក់មិនសូវបានរាយប៉ាយ ផ្ទៃដីរងទឹកភ្លៀង ប្រមាណ៤០ ទៅ ៦០ភាគរយ ជាមួយនឹងកម្រិតទឹកភ្លៀងធ្លាក់ប្រែប្រួលពីខ្សោយទៅមធ្យម ក្នុងនោះក៏អាចមានភ្លៀង ធ្លាក់ច្រើននៅផ្នែកខ្លះនៅក្នុងភូមិសាស្ត្រ តំបន់ជួរភ្នំ ខ្ពង់រាប និងនៅតំបន់មាត់សមុទ្រ៕ ដោយ៖ គឹម យុត្ថារ៉ូ