រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងឲ្យមានការចូលរួម អបអរ សាទរ រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដី ជូនដំណឹងឲ្យពលរដ្ឋ និងអាជ្ញាធរខណ្ឌ សង្កាត់ មន្ទីរ និងគ្រឹះស្ថានឯកជនទាំងអស់ត្រូវចូលរួមធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់ធ្យោបាយ នៅម៉ោង០៧:០០ព្រឹក នៅថ្ងៃពុធទី២០ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខ ។
ការអនុវត្តន៍នេះ តាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់ មួយរបស់ជាតិ និងប្រជាជនកម្ពុជាទាំងមូល នាឱកាស “រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានគណៈកម្មាធិការ បេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នោះ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖
១គ្រប់ស្ថាប័នរដ្ឋ ឯកជន រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរ-អង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ រោងចក សហគ្រាស ក្រុមហ៊ុន សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារសាសនា និងប្រជាពលរដ្ឋទាំងអស់ក្នុង រាជធានីភ្នំពេញ សូមរួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែល ខ្លួនមាន នាវេលាម៉ោង ០៧: ០០ព្រឹក នៅថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈ សំខាន់ៗរួមមានទីស្ដីការក្រសួង-ស្ថាប័ន សាលារាជធានីភ្នំពេញ សាលាខណ្ឌ-សង្កាត់ សាលារៀន មន្ទីរពេទ្យ គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំសហគមន៍នៅតាមភូមិឱ្យបានច្រើនកុះករ ខ្ញៀវខ្ញារ ប្រកបដោយសេចក្តីសប្បាយរីករាយ និងការសាទរចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។
២.គ្រប់រដ្ឋបាលខណ្ឌ-សង្កាត់ ត្រូវណែនាំប្រជាពលរដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួនឱ្យចង់ទង់ជាតិនៅគ្រប់ទីតាំង និងគប់លំនៅឋាន។
៣.មន្ទីរព័ត៌មានរាជធានីភ្នំពេញ ត្រូវចាត់តាំងបណ្តាញវិទ្យុ និងស្ថានីយទូរទស្សន៍ចុះធ្វើសកម្មភាពយកព័ត៌មាន ថតរូប និងថតវីឌីអូនូវរាល់សកម្មភាព និងទិដ្ឋភាពជាក់ស្ដែងនៃព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ហើយ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ។
ជាមួយគ្នានោះដែរ រដ្ឋបាលរាជធានីភ្នំពេញមានក្ដីសង្ឃឹមទុកជាមុនថាគ្រប់ស្ថាប័នរដ្ឋ ឯកជន រដ្ឋបាលខណ្ឌ-សង្កាត់ មន្ទីរ-អង្គភាព ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ រោងចក្រ សហគ្រាស ក្រុមហ៊ុន សាលារៀន មន្ទីរពេទ្យ វត្តអារាម វិហារសាសនា និង ប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ នឹងចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះ ប្រកបដោយមោទកភាព និងឈរលើស្មារតីសាមគ្គីជាតិជាធ្លុងមួយជាក់ជាមិនខាន ៕
ដោយ ៖ ភារ៉ា និង ប៊ុនធី