ប្រតិភូយុវជន ភូមិភាគអាស៊ីអាគ្នេយ៍ ទទួលបានជំនាញទំនាក់ទំនង លើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម
ភ្នំពេញ៖ ប្រតិភូយុវជន នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ទទួលបានការបណ្តុះបណ្តាលជំនាញទំនាក់ទំនងជាមូលដ្ឋាន ដោយផ្ដោតលើវិធីសាស្ត្រប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម នាថ្ងៃទី១៧កញ្ញា ជាថ្ងៃទី១ នៃវេទិកាយុវជនលើកទី២ ដែលកម្ពុជា ធ្វើម្ចាស់ផ្ទះ ។
តំណាងប្រតិភូយុវជនអន្តរជាតិ ចំនួន៣ប្រទេស គឺលោក Phonpisith Richkamroph សមាជិកបណ្ដាញយុវជនអាស៊ីអាគ្នេយ៍ កាកបាទក្រហមថៃ, លោក Lee Van Can អ្នកស្ម័គ្រចិត្ត អឌ្ឍចន្ទក្រហមម៉ាឡេស៊ី និងកញ្ញា Camille Ramirez Baring ប្រធានយុវជន កាកបាទក្រហមហ្វីលីពីន បានបង្ហាញចំណាប់អារម្មណ៍នៅថ្ងៃទី១ វេទិកាយុវជនលើកទី២ ដែលកម្ពុជាធ្វើម្ចាស់ថា ពិតជាសប្បាយរីករាយ ដែលបានចូលរួមក្នុងវេទិកាយុវជនលើកទីពីរនេះ ហើយពួកគាត់ ពិតជាមានការយល់ដឹងអំពីភាពរស់រាយរាក់ទាក់របស់ប្រជាជនកម្ពុជា និងពេញចិត្តអំពីវប្បធម៌ និងការរស់នៅរបស់ប្រជាជនកម្ពុជា។
សម្រាប់ថ្ងៃទី១ វេទិកានេះ តំណាងប្រតិភូយុវជនអន្តរជាតិទាំងបីត បានជជែកគ្នាអំពីការនិយាយ និងបានពិភាក្សាពីប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គម ដោយធ្វើយ៉ាងណា ឱ្យការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមមានភាពប្លែក និងថ្មី ហើយនិងធ្វើឲ្យការប្រើប្រាស់នេះកាន់តែរីកចម្រើន ជាពិសេស ពួកគាត់ក៏បានជំរុញឲ្យមានការចូលរួមនិងលើកទឹកចិត្តឲ្យគ្រប់គ្នា មានភាពក្លាហានក្នុងការបញ្ចេញមតិណាមួយ ។ ក្រុមប្រតិភូយុវជន បន្តថា នឹងព្យាយាមធ្វើការផ្សព្វផ្សាយឱ្យការប្រើប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គម មានប្រសិទ្ធភាពជាមួយនឹងការងារកាកបាទក្រហម និងកម្មវិធីផ្សេងៗទៀត ។
សូមជម្រាបថា បើតាមសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលថ្ងៃទី១ នៃវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ បានឱ្យដឹងថា តាមរយៈគ្រូសម្របសម្រួលបានធ្វើឱ្យប្រតិភូយុវជនទាំង ១១ សមាគមជាតិ ទទួលបាននូវការបណ្តុះបណ្តាលពីជំនាញទំនាក់ទំនងជាមូលដ្ឋាន ការប្រាស្រ័យទាក់ទងដោយ ពាក្យសម្តី និងកាយវិការការជ្រើសរើសខ្លឹមសារសម្រាប់ការនិយាយជាសាធារណៈប្រកបដោយភាពទាក់ទាញ និងចៀសវាងភាពភ័យខ្លាច ដែលនឹងនាំយុវជនទាំងអស់ឱ្យមានជំនាញទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ក្នុងភាពជាអ្នកដឹកនាំវ័យក្មេង។
លើសពីនេះទៅទៀត យុវជនទាំងអស់បានយល់ដឹងអំពីវិធីសាស្ត្រសម្រាប់ បង្កើតមាតិកានិយាយតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញសង្គម តាមរយៈការពិភាក្សាជាក្រុមទៅតាម សមាគមជាតិនីមួយៗ សាកល្បងបង្កើតមាតិកានិយាយរបស់ខ្លួន និងបំផុសគំនិតរួមគ្នាសម្រាប់មាតិកា អនឡាញរបស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ គ្រី សម្បត្តិ