ម៉ាឡេស៊ី បើកចំហរសម្រាប់ការចរចាជាមួយចិន លើបញ្ហាសមុទ្រចិនខាងត្បូង
គូឡាឡាំពួ៖ដើម្បីរក្សាសន្តិភាព និងស្ថេរភាព ម៉ាឡេស៊ី និងចិន ត្រូវតែបើកចំហរជាមួយគ្នាក្នុងការចរចាពីបញ្ហាសមុទ្រចិនខាងត្បូង។នេះបើតាមប្រសាសន៍របស់លោក អានវ៉ា អ៊ីប្រាហ៊ីម(Anwar Ibrahim )នាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាឡេស៊ី ក្នុងជំនួបជាមួយសមភាគីចិន លោក លី ឈាង (Li Qing) នៅទីក្រុងណានជីង កាលពីថ្ងៃអាទិត្យទី១៧ ខែកញ្ញា ។
បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Bernama លោកនាយករដ្ឋមន្ត្រី អានវ៉ា បានធ្វើទស្សនកិច្ចទៅកាន់ភាគខាងត្បូងប្រទេសចិនសម្រាប់រយៈពេល១៤ម៉ោង។ក្នុងនោះ លោកបានចូលរួមពិព័រណ៍អាស៊ាន-ចិនលើកទី២០ ដោយបានណែនាំពីផលិតផលក្នុងស្រុករបស់ម៉ាឡេស៊ី ទៅកាន់ទីផ្សារចិន ព្រមទាំងលើកឡើងពីការវិនិយោគក្នុងក្របខ័ណ្ឌចិន-អាស៊ាន ផងដែរ។
លោកនាយករដ្ឋមន្ត្រីក៏បានធ្វើជាសាក្សី ក្នុងការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ចំនួនបីដែលមានតម្លៃជិត ២០ ពាន់លានរីងជីត (៥.៨ ពាន់លានដុល្លារសិង្ហបុរី) និងបានជួបប្រជុំចង្អៀតជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ហួវៃ(Huawei) និងក្រុមហ៊ុនទំនាក់ទំនង និងសំណង់ចិនផងដែរ។
បើយោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួ លោក លី បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការកាន់តែជិតស្និទ្ធជាមួយប្រទេសម៉ាឡេស៊ី ក្នុងការរក្សាសន្តិភាពនៅសមុទ្រចិនខាងត្បូង ការពារក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលផ្តោតលើអាស៊ាន និងជំរុញការចរចាតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ដើម្បីជួយសម្រួលដល់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។
ក្នុងអំឡុងពេលកិច្ចប្រជុំទ្វេភាគីរបស់មេដឹកនាំទាំងពីរនៅរមណីយដ្ឋាន លី យ៉ាន(Li Yuan) ភាគីទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការធ្វើមាតុភូមិនិវត្តន៍ជនភៀសខ្លួនរ៉ូហ៊ីនយ៉ាផងដែរ។
ទាក់ទិននឹងបញ្ហាជនភៀសខ្លួននេះ លោក អានវ៉ា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ «នាយករដ្ឋមន្ត្រី លី បានចែករំលែកគំនិតនៃសហគមន៍មួយសម្រាប់អនាគតរួមគ្នាសម្រាប់មនុស្សជាតិ ដែលសង្កត់ធ្ងន់លើគោលការណ៍បើកចំហរ អរិយធម៌ បរិយាប័ន្ន និងការគោរពគ្នាទៅវិញទៅមកក្នុងការដោះស្រាយជាមួយកិច្ចសហប្រតិបត្តិការទ្វេភាគីតំបន់ និងអន្តរជាតិ»។
លើសពីនេះទៅទៀត លោក អានវ៉ា ក៏បានអញ្ជើញលោក លី និងប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) មកបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ ២០២៤ខាងមុខ ដើម្បីរំលឹកខួប៥ ទសវត្សរ៍នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ខណៈដែលខួបលើកទី ៥០ នៃទំនាក់ទំនងការទូតម៉ាឡេស៊ី-ចិនកំពុងត្រូវបានគ្រោងទុករួមគ្នា ហើយសកម្មភាពផ្សេងៗនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសចិនផងដែរ។
ជាមួយគ្នានេះ លោក លី បាននិយាយថា ប្រទេសចិននឹងយកថ្ងៃគម្រប់ខួបនេះជាឱកាសដើម្បីធ្វើការជាមួយម៉ាឡេស៊ី ដើម្បីបន្ត និងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរពីមួយជំនាន់ទៅមួយជំនាន់។
លោកបានបន្ថែមថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការលើគម្រោងកិច្ចសហប្រតិបត្តិការចិន-ម៉ាឡេស៊ីដែលលេចធ្លោដូចជា ប្រទេសពីរ មានសួនឧស្សាហកម្មតែមួយ និងផ្លូវរថភ្លើង East Coast Rail Link ជាដើម ខណៈពេលចិនក៏កំពុងស្វែងរកកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងតំបន់ផ្សេងទៀត៕
ប្រែសម្រួល៖កែវ បុស្បា
ប្រភព៖ Malaysia, China to have open communication over South China Sea issue: Anwar