វៀតណាមគ្រោងតម្រូវឲ្យមាន «កាំមេរ៉ាត្រួតពិនិត្យអ្នកបើកបរ» លើរថយន្តទាំងអស់
ហាណូយ៖ ក្រសួងសន្តិសុខសាធារណៈវៀតណាមបានស្នើឡើងក្នុងច្បាប់មួយដែលតម្រូវឲ្យរថយន្តទាំងអស់ក្នុងប្រទេស ត្រូវបំពាក់ដោយ «កាំមេរ៉ាត្រួតពិនិត្យអ្នកបើកបរ»។
នៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានកែសម្រួលឡើងវិញ ក្រសួងសន្តិសុខសាធារណៈបានអះអាងថា ម្ចាស់រថយន្តត្រូវតែដំឡើង «ប្រព័ន្ធត្រួតពិនិត្យអ្នកបើកបរ» នៅលើរថយន្តរបស់ពួកគេ ទោះបីជាយានយន្តត្រូវបានប្រើប្រាស់ សម្រាប់គោលបំណងផ្ទាល់ខ្លួនក៏ដោយ។
ក្រសួងសន្តិសុខសាធារណៈកំពុងប្រមូលមតិ យោបល់ ពីក្រសួងនិងមន្ទីរពាក់ព័ន្ធ ហើយនឹងបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅសភា ដើម្បីអនុម័ត។
ចាប់តាំងពីខែកក្កដាមក រថយន្តទាំងអស់ដែលប្រើប្រាស់សម្រាប់អាជីវកម្មដឹកជញ្ជូន ត្រូវតែមានប្រព័ន្ធគ្រប់គ្រងពេលបើកបរ និងកាមេរ៉ាត្រួតពិនិត្យអ្នកបើកបរ។ ទិន្នន័យដែលប្រមូលបានពីឧបករណ៍ទាំងនោះនឹងត្រូវបញ្ជូនទៅកាន់នាយកដ្ឋានផ្លូវថ្នល់ នៃក្រសួងដឹកជញ្ជូនវៀតណាម ដើម្បីគ្រប់គ្រងឱ្យកាន់តែប្រសើរឡើង។
ឥឡូវនេះ ក្រសួងសន្តិសុខសាធារណៈអះអាងថា ចង់តម្រូវដោយច្បាប់ ឲ្យមាន«កាំមេរ៉ាត្រួតពិនិត្យអ្នកបើកបរ» លើរថយន្តឯកជនទាំងអស់តែម្តង។ បច្ចុប្បន្ននេះ ទោះបីជាវាមិនទាន់មានច្បាប់គ្រប់គ្រងក៏ដោយ ក៏មនុស្សជាច្រើនបានដំឡើងកាមេរ៉ាសុវត្ថិភាព នៅលើរថយន្តរបស់ពួកគេរួចហើយ ដើម្បីពួកគេអាចប្រើប្រាស់វីដេអូនេះ ជាភស្តុតាងរឹងមាំ ប្រសិនបើមានការប៉ះទង្គិចណាមួយកើតឡើង។
យ៉ាងណាមិញ សេចក្តីព្រាងច្បាប់នេះមិនមានព័ត៌មានជាក់លាក់អំពីថា តើវាចាំបាច់សម្រាប់ម្ចាស់រថយន្តឯកជន ក្នុងការបញ្ជូនទិន្នន័យ ទៅអាជ្ញាធរនោះទេ។
បច្ចុប្បន្ន ប្រទេសវៀតណាមមានរថយន្តឯកជន ប្រមាណ ៤ លានគ្រឿង៕
![](https://asset.ams.com.kh/central/media/2023/09/photo_2023-09-19_11-33-46.jpg)
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត