អ៊ុយក្រែនគ្រោងប្ដឹងប្រទេសប៉ូឡូញហុងគ្រីនិងស្លូវាគីជុំវិញការហាមឃាត់ការនាំចូលទំនិញកសិកម្ម
កៀវ៖ អ៊ុយក្រែន គ្រោងនឹងប្តឹងប្រទេសប៉ូឡូញ ហុងគ្រី និងស្លូវ៉ាគី ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ជុំវិញការហាមឃាត់ផលិតផលកសិកម្មរបស់អ៊ុយក្រែន។ នេះបើតាមការឱ្យដឹងពីមន្ត្រីរបស់អ៊ុយក្រែន តាមរយៈសារព័ត៌មានរ៉យទ័រ។
មន្ត្រីជាន់ខ្ពស់របស់អ៊ុយក្រែនបាននិយាយថា ពាក្យបណ្ដឹងអាចនឹងបញ្ជូនទៅកាន់អង្គការពាណិជ្ជកម្មពិភពលោកក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដើម្បីជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ប្រទេសជាប់ព្រំដែនអ៊ុយក្រែនទាំងបី ក្នុងការបន្តហាមឃាត់ការនាំចូលទំនិញនាំចេញសំខាន់ៗរបស់ខ្លួន។
ទីភ្នាក់ងារសារព័ត៌មាន PAP បានដកស្រង់សម្តីលោក Radoslaw Fogiel ដែលជាប្រធានគណៈកម្មការកិច្ចការបរទេសរបស់សភាប៉ូឡូញដោយនិយាយថា ការសម្រេចចិត្តរបស់អ៊ុយក្រែនក្នុងការប្តឹ ងនេះនឹងផ្ទុះការតវ៉ានៅក្នុងប្រទេសប៉ូឡូញ ហើយថាអ៊ុយក្រែនក៏គួរតែដឹងរឿងនេះផងដែរ។
លោកបាននិយាយថា ៖ «ការសម្រេចចិត្តរបស់យើងមិនមែនសំដៅវាយប្រហារទៅលើអ៊ុយក្រែនទេ ប៉ុន្តែគឺយើងធ្វើដើម្បីការពារកសិករប៉ូឡូញ ក៏ដូចជាការពារផលប្រយោជន៍របស់ប្រទេសប៉ូឡូញទាំងមូល»។
ភាគីអ៊ុយក្រែនឯណោះវិញបាននិយាយថា ៖ «ទីក្រុងកៀវបានត្រៀមខ្លួនជាស្រេចដើម្បីទទួលខុសត្រូវ និងធានាថាការនាំចេញពីអ៊ុយក្រែនមិនបង្កើតឱ្យមានភាពចលាចលណាមួយនៅក្នុងសេដ្ឋកិច្ចប្រទេសជិតខាង ហើយយើងក៏នឹងដាក់ចេញនូវប្រព័ន្ធអាជ្ញាប័ណ្ណនាំចេញដើម្បីធានាភាពច្បាស់លាស់សម្រាប់ការនាំចេញផលិតផលធញ្ញជាតិផងដែរ»។
គួរបញ្ជាក់ថា សហភាពអឺរ៉ុបកាលពីខែឧសភាបានអនុញ្ញាតឱ្យបណ្ដាប្រទេសអឺរ៉ុបខាងកើតចំនួន៥ ប្រទេស អាចដាក់ការហាមឃាត់នូវការនាំចូលទំនិញកសិកម្មមួយចំនួនពីប្រទេសអ៊ុយក្រែន។ យ៉ាងណាមិញ ការហាមឃាត់នេះត្រូវបានដកចេញវិញកាលពីថ្ងៃសុក្រកន្លងទៅ ប៉ុន្តែបើទោះជាយ៉ាងនេះក្ដីប្រទេសចំនួនបីគឺ ប៉ូឡូញ ស្លូវាគី និងហុងគ្រី បានសម្រេចបន្តការហាមឃាត់ជាលក្ខណៈឯកត្តោភាគីដោយបំពានការប្រកាសរបស់សហភាពអឺរ៉ុប។
តាមរយៈការសម្រេចចិត្តជាឯកតោភាគីនេះ សហភាពអឺរ៉ុបបានចេញមុខអំពាវនាវទៅកាន់ប្រទេស ទាំងបីថា ទង្វើនេះគឺមិនអាចទទួលយកបាននោះទេ។ តែយ៉ាងណា សហភាពអឺរ៉ុបក៏នៅតែមិនទាន់ មានវិធានការច្បាស់លាស់ណាមួយ ដើម្បីឆ្លើយតបទៅនឹងរឿងនេះដែរ។
គួររំលឹកថា អ៊ុយក្រែនជាប្រទេសដែលនាំចេញទំនិញកសិកម្មធំបំផុតមួយរបស់ពិភពលោក ប៉ុន្តែការនាំចេញទំនិញរបស់ប្រទេសនេះត្រូវបានរារាំងដោយសង្រ្គាមរាំរ៉ៃជាមួយរុស្សី។ ការដឹកជញ្ជូន តាមផ្លូវទឹករបស់អ៊ុយក្រែនក៏ត្រូវបានបំផ្លិចបំផ្លាញដោយកងទ័ពរុស្សី ដែលធ្វើឱ្យអ៊ុយក្រែនត្រូវបង្ខំចិត្ត ប្រើប្រាស់ផ្លូវគោកដើម្បីដឹកជញ្ជូន។
ដោយភាពរអាក់រអួលនៅតាមខ្សែបន្ទាត់ព្រំដែន ផលិតផលកសិកម្មរបស់អ៊ុយក្រែនត្រូវកកស្ទះជាបន្ត បន្ទាប់ ហើយដែលជំរុញឱ្យអ៊ុយក្រែនត្រូវសម្រេចចិត្តលក់ផលិតផលទាំងនោះក្នុងតម្លៃទាប។ ការទម្លាក់តម្លៃលើទំនិញកសិកម្មនេះហើយ ដែលបានប៉ះពាល់ទៅដល់ផលិតផលក្នុងស្រុករបស់ បណ្ដាប្រទេសជាប់ព្រំដែនអ៊ុយក្រែន៕srn
ដោយ៖កែវ បុស្បា
ប្រភព៖ Ukraine says it will sue Poland, Hungary and Slovakia over food import bans