ឯកឧត្តម ហ៊ុន ម៉ានី ៖ យុវជនជាកម្លាំងចលករដ៏មានសារៈសំខាន់សម្រាប់កម្ពុជានាថ្ងៃអនាគត ក្នុងការជំរុញការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល

អត្ថបទដោយ៖
ពលជ័យ

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានបញ្ជាក់ថា “យុវជនជាកម្លាំងចលករដ៏មានសារៈសំខាន់សម្រាប់កម្ពុជានាថ្ងៃអនាគតក្នុងការជំរុញការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ដោយសារពួកគេជាកម្លាំងពលកម្មសកម្មដ៏មានសក្តានុពល និងជាក្រុមមនុស្សដែលងាយក្នុងការសម្របខ្លួនទៅនឹងបរិបទថ្មីៗ និងជាអ្នកដែលនិយមក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យា”។

ការបញ្ជាក់របស់ ឯកឧត្តម ហ៊ុន ម៉ានី ក្នុងវេទិកាកម្ពុជា ៤.០ លើកទី១ ស្តីពី «យុវជន ៤.០» ដែលរៀបចំដោយមជ្ឈមណ្ឌលកម្ពុជា ៤.០ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ។

ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា ដើម្បីធានាបាននូវកម្លាំងពលកម្មដែលមានសមត្ថភាពខ្ពស់ ការស្វែងយល់ពីទំនាក់ទំនងរវាងយុវជន និងការអប់រំឌីជីថល, ការបណ្តុះបណ្តាល និងការចាប់យកជំនាញឌីជីថល ក៏ដូចជាអាជីពឌីជីថល ពិតជាមានភាពចាំបាច់ និងមានសារៈសំខាន់ ព្រោះថាការកសាងមូលធនមនុស្សចាំបាច់ណាស់ត្រូវចាប់ផ្តើមពីការអប់រំដែលមានគុណភាព និងចេះប្រើប្រាស់បច្ចេកវិទ្យាដើម្បីជាជំនួយក្នុងការបណ្តុះបណ្តាល និងការសិក្សាពេញមួយជីវិត ដែលទាំងនេះជាកត្តាកំណត់នូវភាពជោគជ័យ នៃការចាប់យកនូវកាលានុវត្តភាពពីការរីកចម្រើននៃបច្ចេកវិទ្យា។

ឯកឧត្តមក៏បានវាយតម្លៃថា វេទិកាកម្ពុជា ៤.០ លើកទី១ នេះ បានបង្ហាញឲ្យឃើញពីតួនាទី និងសារៈសំខាន់ នៃការចូលរួមរបស់យុវជននៅក្នុងដំណើរការបរិវត្តកម្មឌីជីថលនៅកម្ពុជា ដោយសារយុវជន ជាកម្លាំងចលករប្រកបដោយថាមភាពក្នុងការជំរុញការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល។

នៅក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានចែករំលែកនូវទស្សនៈជាធាតុចូលអំពីទំនាក់ទំនងរវាងយុវជន និងបដិវត្តន៍ឧស្សាហកម្ម ៤.០, សក្តានុពលរបស់យុវជន និងការអភិវឌ្ឍមូលធនមនុស្ស, ការទាញយកប្រយោជន៍ពីអត្ថិភាព និងសក្តានុពលនៃបច្ចេកវិទ្យាឌីជីថល, ការប្រើប្រាស់បច្ចេកវិទ្យា និងសុខភាពផ្លូវចិត្ត។

ក្នុងនាមក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ និងទស្សនៈល្អៗ ពីសំណាក់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីដែលជាវាគ្មិន អញ្ជើញមកពីក្រសួង ស្ថាប័ន ក៏ដូចជាវិស័យឯកជន ព្រមទាំងអរគុណចំពោះក្រុមការងារនៃមជ្ឈមណ្ឌលដែលបានខិតខំសម្របសម្រួល និងរៀបចំកម្មវិធី “វេទិកា យុវជន ៤.០” ទទួលបានជោគជ័យនាឱកាសនេះ៕
ដោយ៖ពលជ័យ

ads banner