កម្មកររោងច្រកធំៗនៅភ្នំពេញ ចេញអបអរសាទរការដាក់«ប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក

(ភ្នំពេញ៖ កម្មករនិយោជិត តាមបណ្តារោងចក្រសហគ្រាសធំៗ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានជួបជុំគ្នានៅក្នុងបរិវេណរោងចក្រ សហគ្រាសរៀងៗខ្លួន អបអរសាទរចំពោះការដាក់បញ្ចូលប្រាសាទកោះកេររបស់ខ្មែរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ការចេញគាំទ្ររបស់រោងចក្រកាត់ដេរទាំងនេះ គឺធ្វើឡើងព្រមៗគ្នាជាមួយក្រសួង មន្ទីរ វត្តអារាម និងប្រជាជនខ្មែរទូទាំងប្រទេស ក៏ដូចជាប្រជាជនខ្មែរនៅទូទាំងពិភពលោកដែលប្រសាទដូនតារបស់ខ្លួនមួយទៀត ត្រូវចូលជាសម្បត្តិរបស់មនុស្សជាតិក្នុងលោក ។

គេឃើញកម្មករនិយោជិតបាននាំគ្នាស្រែកអបអរនិងបង្ហាញការសប្បាយចិត្ត។ពួកគេបាននាំគ្នាស្រែកហោយ៉ាងអឺងកង អ្នកខ្លះ គោះត្រដោក គោះធុង ដោយទឹកមុខសប្បាយរីករាយ និងបង្ហាញពីទឹកចិត្តមោទកភាពចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះដែលរាជរដ្ឋាភិបាលសម្រេចបានយ៉ាងត្រចេះត្រចង់ចំពោះការចុះនូវសម្បត្តិវប្បធម៌ដែលដូនតាខ្មែរបន្សល់ទុក។

បើតាមប្រភពពីក្រសួងការងារបានឧ្យដឹងថារោងចក្រទាំងនោះរួមមាន ក្រុមហ៊ុន W&D ស្ថិតនៅក្នុងខណ្ឌមានជ័យ ក្រុមហ៊ុន ឌីឡាក់ ហ្គា ស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យ រោងចក្រ ត្រាកស៍ អឹ ឌី ស្ថិតនៅក្នុងសែនសុខ ក្រុមហ៊ុន អ៊ីស្តក្រោន ស្ថិតនៅក្នុងខណ្ឌមានជ័យ និង ក្រុមហ៊ុន លីឌីងស្តារ ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ និងតាមបណ្តារោងចក្រសហគ្រាសផ្សេងទៀតផងដែរ។

គួរបញ្ជាក់ថា «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ (Riyadh) នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner