លោក Elon Musk កំពុងពិចារណាគិតថ្លៃសេវាប្រចាំខែពីអ្នកប្រើប្រាស់កម្មវិធី X

ប៉ារីស៖ លោក Elon Musk បានស្នើឱ្យគិតប្រាក់ពីអ្នកប្រើប្រាស់វេទិកាអនឡាញ X ទាំងអស់របស់គាត់ ដែលប្រការនេះនឹងក្លាយជាការរង្គោះរង្គើដ៏ធំបំផុត ចាប់តាំងពីគាត់បានកាន់កាប់បណ្តាញទំនាក់ទំនងសង្គម ដែលពីមុនត្រូវបានគេស្គាល់ថា ជា Twitter កាលពីខែតុលាកន្លងទៅ។

លោក Elon Musk បានបង្ហាញផែនការរបស់គាត់ក្នុងការគិតថ្លៃអ្នកប្រើប្រាស់វេទិកាអនឡាញ X ក្នុងអំឡុងពេលសន្ទនាផ្ទាល់ជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ នៅថ្ងៃទី១៩ ខែកញ្ញានេះ។

នាឱកាសនោះ ស្ថាបនិកក្រុមហ៊ុន Space X និង Tesla រូបនេះ បាននិយាយយ៉ាងដូច្នេះថា ការណែនាំអំពី “ការទូទាត់ប្រាក់ប្រចាំខែតិចតួច” សម្រាប់កម្មវិធី X គឺជាមធ្យោបាយតែមួយគត់ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមគណនី bots ដែលបង្កគ្រោះមហន្តរាយដល់គេហទំព័រនេះ។

ប៉ុន្តែអ្នកប្រើប្រាស់កម្មវិធី X ភាគច្រើនបានសម្តែងការខកចិត្ត និងខឹងសម្បារជាខ្លាំងចំពោះផែនការខាងលើនេះ ដោយអ្នកខ្លះលើកឡើងថា នឹងលុបកម្មវិធីចោល បើសិនជាមានការគិតលុយ ហើយខ្លះទៀតថា ទីបំផុតកម្មវិធី X ដើរដល់ទីបញ្ចប់ហើយ។

គួរបញ្ជាក់ថា លោក Elon Musk បានទិញ Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារ ប៉ុន្តែចាប់តាំងពីពេលនោះមក គាត់បានសារភាពថា តម្លៃរបស់វាបានធ្លាក់ចុះ បន្ទាប់ពីលោកបានបញ្ឈប់បុគ្គលិកជាច្រើន ហើយអ្នកដាក់ផ្សាយពាណិជ្ជកម្មក៏ដកខ្លួនចេញផងដែរ ទោះបីជាគាត់បានអះអាងកាលពីខែមុននេះថា អ្នកផ្សាយពាណិជ្ជកម្មស្ទើរតែទាំងអស់បានត្រឡប់មកវិញ និងថា ៩០ភាគរយនៃគណនី bots ត្រូវបានដកចេញក៏ដោយ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner