ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) បន្តរៀបចំកិច្ចសម្ភាសន៍ការងារប្រចាំខែ ប្រមាណ ៣០០កន្លែងសម្រាប់យុវជន

ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំកិច្ចសម្ភាសការងារប្រចាំខែ ដោយមានក្រុមហ៊ុនធំៗចំនួន៣ នឹងចូលរួមជ្រើសរើសបុគ្គលិក មានដូចជា៖ ផ្សារទំនើប ម៉ាក្រូ, ធនាគារ ស្ថាបនា និងក្រុមហ៊ុន ជីបម៉ុង ដោយនាំយកឱកាសការងារប្រមាណ ២៩៩កន្លែង សម្រាប់ផ្តល់ជូនយុវជន សិស្ស/នស្សិត និងអ្នកស្វែងរកការងារធ្វើ។ កិច្ចសម្ភាសកិច្ចសម្ភាសការងារនេះ ធ្វើឡើងចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ នៅអគារ NEA ដែលស្ថិតនៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

លោកស្រី ពេជ្រ ធីតា ប្រធានផ្នែកសម្ភាសន៍ និងបង្ហាត់បង្រៀននៃផ្សារទំនើប ម៉ាក្រូ លើកឡើងថា ជាបន្តបន្ទាប់ MACRO តែងតែបានការសហការ និងសម្របសម្រួលពី NEA ក្នុងការជ្រើសរើសបុគ្គលិកកន្លមក មិនថាជាវេទិកាការងារ និងកិច្ចសម្ភាសការងារនោះទេ។ ប្រធានផ្នែកសម្ភាសន៍ និងបង្ហាត់បង្រៀនរូបនេះបានបង្ហាញជំនឿលើស្ថាប័នរដ្ឋមួយនេះថា៖ «NEA ជាស្ថានប័នរដ្ឋមួយដ៏សំខាន់សម្រាប់ជួយដល់និយោជក និងអ្នកស្វែងរកការងារឲ្យបានជួបគ្នា ហើយក៏ជាកន្លែងសម្រាប់អ្នកមានបំណងផ្លាស់ប្តូរការងារអាចផ្លាស់ប្តូរការងារផងដែរ»។

លោកស្រីសង្ឃឹមយ៉ាងមុតមាំថា ការចូលរួមសហការជាមួយ NEA នេះនឹងរួម ចំណែកដ៏សំខាន់ក្នុងការជ្រើសរើសបុគ្គលិកប្រកបដោយគុណភាព និងទាន់តម្រូវការរបស់ស្ថាប័ន និងថែមទាំងចូលរួមចំណែកជួយសិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើអោយមានឱកាសជួបសម្ភាសការងារផ្ទាល់ជាមួយតំណាងក្រុមហ៊ុន ។

លោកស្រី ពេជ្រ ធីតា បានបន្ថែមទៀតថា ភាពរីកចម្រើនរបស់ផ្សារទំនើប ម៉ាក្រូ ក៏នាំឱ្យមានតម្រូវការបុគ្គលិកថ្មីៗជាច្រើន ដើម្បីបម្រើការងារទៅតាមផ្នែកសំខាន់ៗទៀតផងដែរ ដូច្នេះប្រសិនបើសិស្សនិស្សិត ឬអ្នកផ្លាស់ប្តូរការងារ មានបំណងចង់បានឱកាសការងារជាមួយផ្សារទំនើប ម៉ាក្រូ ត្រូវមានបុគ្គលិកលក្ខណៈរួសរាយ និងមានភាពស្មោះត្រង់ នឹងរៀបចំប្រវត្តិរូប(CV)ឱ្យបានស្អាត ដើម្បីជួបជាមួយក្រុមការងារយើង។
ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ) ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner