សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដឹកនាំពិធីវាយស្គរជ័យអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ» ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា រួមជាមួយឥស្សរជនជាន់ខ្ពស់ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក និងយុវជនកាកបាទក្រហមកម្ពុជា ចំនួន ៥៦៦នាក់ បាននាំគ្នាវាយស្គរជ័យយ៉ាងលាន់រំពង រួមជាមួយការច្រៀងចម្រៀងបទពង្សាវតាខ្មែរ ដើម្បីអបអរសាទរទិវាជាប្រវត្តិសាស្ត្រសម្រាប់ជាតិ និងប្រជាជនកម្ពុជាទាំងមូល ដោយគណៈកម្មាធិការ បេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ “រមណីយដ្ឋានប្រាសាទកោះកេរ” ទៅ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា សូម ចូលរួមអបអរសាទរប្រកបដោយក្តីមោទនភាពយ៉ាងក្រៃលែងចំពោះមហាសមិទ្ធផលនេះ ដែលជាកិត្យានុភាព ដ៏ខ្ពស់ត្រដែតថ្មីមួយទៀតរបស់ជាតិយើងក្នុងឆាកអន្តរជាតិ ដែលកើតចេញមកពីកិច្ចខិតខំប្រឹងប្រែងប្រកប ដោយវីរិយភាពជាប់មិនដាច់ និងឥតរាថយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមម្លប់នៃសុខសន្តិភាព ដែលជាសមិទ្ធផលនៃនយោបាយឈ្នះឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងកំពុង បន្តអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តពង្រឹងសុខសន្តិភាព និងអភិវឌ្ឍជាតិក្នុងគ្រប់វិស័យ រួមទាំងការអភិរក្ស អភិវឌ្ឍសម្បត្តិវប្បធម៌ និង ប្រពៃណីជាកេរមរតកដ៏ឧត្ដុង្គឧត្តម ដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុកជូនអ្នកជំនាន់ក្រោយថែមទៀត។
សូមបញ្ជាក់ថា ពិធីនេះធ្វើឡើងនៅក្នុងបរិវេណកសិណ ព្រះចូឡាមុណីចេតិយ មុនពេលចាប់ផ្តើម ពិធីដាំដើមឈើ នៅឧទ្យានកាកបាទក្រហមកម្ពុជា ដែលស្ថិតក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នាឧទ្យានជាតិព្រះសុរាម្រិត-កុសុមៈ “គិរីរម្យ ខេត្តកំពង់ស្ពឺ ដើម្បីអបអរសាទរកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី ១៧ ដល់ ២២ ខែកញ្ញា ឆ្នាំ២០២៣ ៕
អត្ថបទ ៖ វណ្ណលុក, រូបភាព ៖ គ្រី សម្បត្តិ