ព្រះរាជបុត្ររបស់ព្រះមហាក្សត្រថៃ ជំរុញឱ្យមានការពិភាក្សាដោយបើកចំហអំពីច្បាប់ប្រមាថព្រះមហាក្សត្រ
ថៃ៖ បុត្រារបស់ព្រះមហាក្សត្រថៃបានអំពាវនាវឱ្យមានការពិភាក្សាដោយបើកចំហ ពាក់ព័ន្ធនឹងច្បាប់ប្រឆាំងនឹងការប្រមាថគ្រួសាររាជវង្ស ដែលជាប្រធានបទដ៏រសើបមួយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រជាជនថៃរាប់រយនាក់ត្រូវបានតុលាការថៃកាត់ក្ដីឱ្យជាប់ទោស ដោយសារតែបានប្រមាថគ្រួសាររាជវង្ស។
ព្រះរាជបុត្រ វ៉ាឆារ៉ែសន វីវ៉ាឆារ៉ាវង្សសេ (Vacharaesorn Vivacharawongse) ដែលជាបុត្រាទីពីររបស់ស្តេច មហា វ៉ាជីរ៉ាឡុងកន (Maha Vajiralongkorn) បានលើកឡើងបែបនេះ បន្ទាប់ពីទ្រង់បានយាងទៅទស្សនាការតាំងពិព័រណ៍នៅទីក្រុងញូវយ៉ក (New York) អំពីបុគ្គលដែលត្រូវបានកាត់ទោសក្រោមច្បាប់បរិហារកេរ្តិ៍ព្រះមហាក្សត្រដ៏តឹងរ៉ឹងរបស់ប្រទេសថៃ។
ច្បាប់ស្ដីពីបរិហារកេរ្តិ៍ព្រះមហាក្សត្រ ឬជាទូទៅត្រូវបានគេហៅថាច្បាប់មាត្រា ១១២ ជាច្បាប់ដែលការពាររាជវង្សព្រះមហាក្សត្រ និងក្រុមគ្រួសារជិតស្និទ្ធរបស់ទ្រង់ពីការរិះគន់ ហើយអាចនាំឱ្យមានការកាត់ទោសដាក់ពន្ធនាគារយ៉ាងធ្ងន់ធ្ងរទៀតផង។ រាជបុត្រ វ៉ាឆារ៉ែសន បានបង្ហាញពីអារម្មណ៍របស់ទ្រង់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ៖ «ខ្ញុំបានចូលរួមក្នុងនាមជាប្រជាជនថៃមួយរូបដែលតែងតែឱ្យតម្លៃយ៉ាងជ្រាលជ្រៅចំពោះរាជាធិបតេយ្យ ព្រោះខ្ញុំជឿថា ការសិក្សាយល់ដឹង ប្រសើរជាងការមិនបានយល់ដឹង»។
ទ្រង់បានបន្តថា ៖ «អ្នករាល់គ្នាគួរតែចែករំលែកយោបល់របស់ពួកគេដោយផ្អែកលើបទពិសោធផ្សេងគ្នា។ ការមិនអើពើនឹងមតិរបស់ពួកគេ នឹងមិនអាចធ្វើឱ្យពួកគេស្ងាត់បាត់ឈឹងនោះទេ»។ រាជបុត្រវ័យ ៤២ ឆ្នាំអង្គនេះបានសរសេរបន្ថែមទៀតថា «ដោយសារតែមូលហេតុនេះហើយ ខ្ញុំជឿថា ការទទួលស្តាប់នូវមតិរបស់ពួកគេជារឿងល្អ»។
អ្នករិះគន់អះអាងថា ច្បាប់នេះត្រូវបានគេប្រើប្រាស់ដើម្បីគាបសង្កត់អ្នកដែលមានទស្សនៈប្រឆាំង។ នៅឆ្នាំ២០២០ មនុស្សរាប់ពាន់នាក់បានចេញធ្វើបាតុកម្មតវ៉ាដ៏ធំមួយ ដោយបានទាមទារឱ្យមានការផ្លាស់ប្តូរច្បាប់ទាំងនេះឡើងវិញ។ ការអំពាវនាវឱ្យមានវិសោធនកម្មច្បាប់នេះ ត្រូវបានគាំទ្រដោយគណបក្សឈានទៅមុខ (Move Forward Party) ដែលទទួលបានអាសនៈច្រើនជាងគេនៅក្នុងការបោះឆ្នោតថ្នាក់ជាតិកាលពីខែឧសភា។
យ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងរបស់គណបក្សឈានទៅមុខ ក្នុងការផ្លាស់ប្តូរច្បាប់នេះ ត្រូវបានរារាំងដោយក្រុមអ្នកអភិរក្សនិយមនៅក្នុងសភា។
គួរដឹងដែរថា ការតាំងពិព័រណ៍អំពី «មុខជនរងគ្រោះដោយសារមាត្រា ១១២» នៅសាកលវិទ្យាល័យកូឡុំបៀ ត្រូវបានរៀបចំដោយអ្នកដែលតែងតែបានរិះគន់រាជាធិបតេយ្យ និងដែលបាននិរទេសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក លោក ផាវីន ឆាឆាវ៉ាលពង្សពូន (Pavin Chachavalpongpun)។ លោកបានបញ្ជាក់ប្រាប់ភ្នាក់ងារសារព័ត៌មាន AFP ថា រាជបុត្រ វ៉ាឆារ៉ែសន ពិតជាបានចូលរួមជាភ្ញៀវនៅក្នុងកម្មវិធីតាំងពិព័រណ៍នោះពិតមែន។
លោកបានមានប្រសាសន៍ថា ៖ «រាជបុត្រ វ៉ាឆារ៉ែសន មានការចាប់អារម្មណ៍នឹងបញ្ហានេះណាស់ ហើយទ្រង់បាននិយាយថា បើទោះបីជាមានការយល់ឃើញខុសគ្នាលើបញ្ហានេះក៏ដោយ ក៏គួរតែមានវិធីមួយដែលអាចឱ្យយើងអង្គុយជជែកគ្នាបាន»។
សូមរំឭកថា រាជបុត្រ វ៉ាឆារ៉ែសន បានយាងធ្វើទស្សនកិច្ចទៅកាន់ប្រទេសថៃកាលពីខែសីហា ដែលនេះជាលើកទីមួយរបស់ទ្រង់ហើយក្នុងរយៈពេលជិតពីរទសវត្សរ៍មកនេះ ដោយសារតែស្ទើរតែពេញមួយជីវិតហើយដែលទ្រង់បានចំណាយពេលរស់នៅឯបរទេស បន្ទាប់ពីព្រះមាតា និងបិតារបស់ទ្រង់បានបែកបាក់គ្នា។
ដំណើរទស្សនកិច្ចរបស់ទ្រង់ទៅកាន់ប្រទេសថៃនេះ ហាក់បានប្រព្រឹត្តទៅអំឡុងពេលដែលព្រះរាជវង្សានុវង្សថៃកំពុងមានបញ្ហា។ ជាក់ស្ដែង បុត្រីច្បងរបស់ព្រះមហាក្សត្រ គឺព្រះនាងម្ចាស់ បារ៉ាគិតិយ៉ាបា ម៉ាហ៊ីដុល (Bajrakitiyabha Mahidol) កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យនៅឡើយ បន្ទាប់ពីបានដួលសន្លប់ និងបាត់បង់ស្មារតីកាលពីខែធ្នូ ឆ្នាំ២០២២។
ចំណែកក្រសួងរាជវាំងមិនបានធ្វើអត្ថាធិប្បាយជុំវិញដំណើរទស្សនកិច្ចនេះនោះទេ។
គួរកត់សម្គាល់ថា ព្រះមហាក្សត្រថៃដែលមានបុត្ររហូតដល់ទៅប្រាំពីរ អង្គ ជាមួយព្រះមហេសីចំនួនបួនអង្គ នៅមិនទាន់បានដាក់ព្រះនាមជាផ្លូវការថាតើអង្គស្នងមរតកជាបុត្រទីប៉ុន្មាននោះទេ។ ប៉ុន្តែជាទូទៅ ការស្នងរាជ្យរបស់ស្ដេចនៅប្រទេសថៃ តែងតែបានទៅលើបុត្រា៕
ប្រែសម្រួល៖ធា សុណា
ប្រភពព័ត៌មាន៖ Channel NewsAsia Thai king’s son urges open discussion of royal insult law