នាយករដ្ឋមន្ត្រី ថៃ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា នាពេលខាងមុខ
(ភ្នំពេញ)៖ ឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា នាពេលខាងមុខនេះ។ នេះបើយោងតាមស្មារតីនៃកិច្ចប្រជុំ កាលពីព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ដឹកនាំ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមានការអញ្ជើញចូលរួម ពីតំណាងក្រសួង រដ្ឋលខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពិភាក្សាការត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ចទទួល និងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ នាពេលខាងមុខនេះ ។
នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឈិន កេតនា បានជម្រាបជូនថា តាមកាលបរិច្ឆេទនៃដំណើរបំពេញទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់គឺនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ គណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយឯកឧត្តម សេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ នឹងអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
ក្នុដំណើរអញ្ចើញ បំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា គណៈប្រតិភូនិងអញ្ជើញចូលរួមពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងពិធីថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” ។ គណៈប្រតិភូគ្រោងនិងមានជំនួបទ្វេភាគី ជំនួបសម្តែងការគួរសម ក្នុងនោះមាន អញ្ជើញក្នុងជំនួបទ្វេភាគីជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជំនួបសម្ដែងការគួរសម សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញក្នុងជំនួបសម្ដែងការគួរសម សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយគ្នានេះ គណៈប្រតិភូនឹងអញ្ជើញក្នុងជំនួបសម្ដែងការគួរសម សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្រៅពីជំនួបទ្វេភាគី និងជំនួបសំដែងការគួរសម គណៈប្រតិភូក៏និងមានពិធីជប់លៀងផ្លូវការ រៀបចំដោយ សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
និងអញ្ជើញក្នុងពិធីអាហារស្វាគមន៍រៀបចំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។
សូមជម្រាបថា ដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ធ្វើឡើងបន្ទាប់ពីឯកឧត្តម បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីនៃព្រះរាជាណាចក្រថៃ ពិសេសក្នុងការលើកកម្ពស់ និងពង្រឹងនូវទំនាក់ទំនងល្អប្រពៃណីដែលមានស្រាប់ និងភាពជាដៃគូយុទ្ធសាស្ត្រព្រមទាំងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ ទាំងក្នុងក្របខណ្ឌទ្វេរភាគី និងពហុភាគីសម្រាប់ប្រយោជន៍ទៅវិញទៅមកនៃប្រទេស និងប្រជាជនទាំងពីរ៕
អត្ថបទ ង៉ាន់ ទិត្យ រូបភាព រិន រចនា