NOCC និងដៃគូ ចាប់ដៃគ្នារៀបចំកម្មវិធីរត់អបអរជោគជ័យស៊ីហ្គេម និងជំរុញការយល់ដឹងជំងឺមហារីកសុដន់

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានប្រកាសសហការគ្នារៀបចំព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run ដើម្បីអបអរសាទរភាពជោគជ័យ នៃព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ាហ្គេម ឆ្នាំ២០២៣ផង និងជំរុញការយល់ដឹងពីជំងឺមហារីកសុដន់ផងដែរ ។

ការប្រកាសនេះ ធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នារយៈពេល ៣ឆ្នាំ ក្រោមវត្តមានឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ CAMSOC-CAMAPGOC និងលោក Andrew Loh អគ្គនាយកក្រុមហ៊ុន អេ អាយ អេ ខេមបូឌា ព្រមទាំងវត្តមានលោក សែម ផល្លា នាយកចាត់ការទូទនៃគណៈកម្មការរៀបចំទិវារត់ប្រណាំងម៉ារ៉ាតុង កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្នាក់ការ NOCC ។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run គ្រោងនឹងរៀបចំនាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ លើវិញ្ញាសារត់ចម្ងាយ ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និងការត់កម្សាន្ដចម្ងាយ ២,៥គីឡូម៉ែត្រ ។ កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងធំៗពីរ ទី១-ដើម្បីអបអរសាទរសមិទ្ធផល និងជោគជ័យនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងទី២-លើកកម្ពស់ការយកចិត្តទុកដាក់ និងការយល់ដឹងដល់ស្ត្រី ដែលមានជំងឺមហារីកសុដន់ ដែលកំពុងរីករាលដាលលើពិភពលោក ។

ឯកឧត្តមបន្ដថា ការរៀបចំព្រឹត្តិការណ៍ ដើម្បីអបអរ ក៏ដូចជារំឮកពីមរតកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលបញ្ចប់ដោយជោគជ័យ គឺជាផ្នែកមួយ នៃការចងចាំព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ ហើយការផ្សព្វផ្សាយ និងជំរុញការយល់ដឹងពីជំងឺមហារីកសុដន់ ក៏ជារឿងសំខាន់ ដែលគ្រប់ភាគីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ផងដែរ ។ ហេតុនេះ ទើបគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សម្រេចសហការជាមួយដៃគូ ដើម្បីរៀបចំកម្មវិធីរត់លក្ខណៈកម្សាន្ដនេះឡើង ដើម្បីលើកកម្ពស់សុខមាលភាពប្រជាពលរដ្ឋ ពិសេសពាក់ព័ន្ធសុខភាពរបស់ស្ដ្រីតែម្ដង ។

ឯកឧត្តម វ៉ាត់ ចំរើន ក៏បានអំពាវនាវដល់ស្ដ្រីទាំងអស់ ត្រៀមខ្លួនចូលរួមទទួលនូវការពិនិត្យ និងពិគ្រោះពាក់ព័ន្ធនឹងជំងឺមហារីកសុដន់ ដែលក្រុមហ៊ុន AIA នឹងមានរៀបចំក្រុមគ្រូពេទ្យជំនាញ ដើម្បីពិនិត្យដោយឥតគិតថ្លៃរយៈពេល ៣ថ្ងៃ មុនពិធីរត់ប្រណាំង AIA Pink Run ពោលគឺចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែតុលាខាងមុខ ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner