កម្ពុជាត្រៀមនាំចេញផ្លែដូងស្រស់ទៅកាន់ប្រទេសចិន (Video Inside)
កម្ពុជាត្រៀមនាំចេញផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិនថែមទៀត នាពេលខាងមុខនេះ បន្ទាប់ពីបានទទួលសិទ្ធិក្នុងការនាំចេញ។
សេចក្តីជូនដំណឹងថ្ងៃទី២០ កញ្ញា ឆ្នាំ២០២៣ របស់ក្រសួងកសិកម្មបានបញ្ជាក់ថា «ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែដូងស្រស់ ពីប្រទេសកម្ពុជា ទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ”។
ក្រសួងកសិកម្ម បានដំណឹងដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់រោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់ នាំចេញផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន សូមរួសរាន់ដាក់ពាក្យស្នើ ដើម្បីសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែដូងស្រស់ សម្រាប់ការនាំចេញទៅកាន់ប្រទេសចិន។
ក្រសួងកសិកម្មបញ្ជាក់ថា គេគ្រោងនឹងបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃ ដែលដាក់ពាក្យទាំងអស់នោះ នាដើមខែធ្នូ ចុងឆ្នាំនេះ ដើម្បីឱ្យភាគីចិនពិនិត្យ និងវាយតម្លៃមុន នឹងឈានដល់ការនាំចេញជាផ្លូវការ។
គិតត្រឹមឆ្នាំ២០២២, កម្ពុជាមានផ្ទៃដីដាំដុះដំណាំដូងចំនួន ១ម៉ឺន ៧ពាន់ហិកតា ក្នុងនោះផ្ទៃដីប្រមូលផលមានចំនួន ១ម៉ឺន ៤ពាន់ហិកតា។ ចំណែកទិន្នផលសរុបនៅក្នុងឆ្នាំ២០២២ នៅទូទាំងប្រទេស មានចំនួនសរុប ២៤ម៉ឺន ៨ពាន់តោន៕